កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ហាក់មិនស្ងប់ចិត្តនឹងការហូរចូលបន្លែពីក្រៅ មកកម្ពុជានោះឡើយ។ «យើងមានលទ្ធភាពធ្វើការដាំដុះដោយខ្លួនឯង ប៉ុន្តែរាល់ថ្ងៃនេះយើងទិញចូលពីបរទេសនូវស្លឹកគ្រៃ និងបន្លែផ្សេងៗទៀត ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ច និងសុខភាពរបស់យើង»។ លោក គួច ចំរើន ថ្លែងបែបនេះនៅមុខសហគមន៍កសិកម្មនាកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍មួយនៅថ្ងៃទី២៥ខែតុលា។
ស្របពេលមានការនាំចូលស្លឹកគ្រៃច្រើនពីក្រៅប្រទេស លោក គួច ចំរើន បានថ្លែងដល់សហគមន៍សំបូរមានជ័យថា៖«ធ្វើអ្វីធ្វើឲ្យខ្លាំង រហូតដល់ខ្មែរមួយប្រទេសដឹងថា បើត្រូវការស្លឹកគ្រៃ គឺទៅរកសហគមន៍សំបូរមានជ័យ»។
ប្រសាសន៍លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម៖
សព្វថ្ងៃ សហគមន៍សំបូរមានជ័យ ក្នុងឃុំសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ផ្គត់ផ្គង់ស្លឹកគ្រៃ ៣,៥តោន និងល្ហុង ២ទៅ៣តោនក្នុងមួយថ្ងៃទៅទីផ្សារ។ តែលោកអភិបាលខេត្ត បានជំរុញឲ្យសហគមន៍ផ្ដោតការដាំស្លឹកគ្រៃខ្លាំងក្លាជាងនេះទៅទៀត ខណៈលោកដឹងថាទីផ្សារដើមគរនៅភ្នំពេញ ដែលជាផ្សារបោះដុំដ៏ធំ មានតម្រូវការស្លឹកគ្រៃប្រមាណ ៧០តោនក្នុងមួយថ្ងៃឯណោះ។
ក្រៅពីស្លឹកគ្រៃសហគមន៍នេះបានផ្គត់ផ្គង់ចេក ១០០០ស្ទង ឪឡឹក ៥០០០ផ្លែ ម្នាស់ ៥០០ផ្លែ សម្រាប់ផ្សារម៉ាក្រូក្នុងមួយខែៗ។
លោក ឆាយ ថុង ប្រធានសហគមន៍សំបូរមានជ័យឲ្យដឹងថា សហគមន៍នេះក្នុងពេលដំបូងមានដើមទុនត្រឹមតែ ៨លានរៀលប៉ុណ្ណោះ តែរហូតមកដល់សព្វថ្ងៃនេះដើមទុនបានឈានដល់ ១១៧៦លានរៀល។ លោក ឆាយ ថុង មានប្រសាសន៍ដូច្នេះថា៖«កសិករធ្លាប់ទុកដីនៅជុំវិញផ្ទះឲ្យទំនេរ តែបច្ចុប្បន្នដីទាំងនោះបានប្រែក្លាយទៅជាដីដាំស្លឹកគ្រៃ និងដំណាំផ្សេងៗទៀត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម»។
នេះជាសហគមន៍មួយក្នុងចំណោមសហគមន៍ជាច្រើន ដែលលោក គួច ចំរើន បានធ្វើបទបង្ហាញណែនាំ និងសាកសួរ ក្នុងខេត្តកំពង់ចាម។ លោកបានជំរុញឲ្យកសិករឈានដល់ការដាំដុះដែលអាចគ្រប់គ្រងទីផ្សារដោយខ្លួនឯង។
«ដោយសាររាល់ថ្ងៃ យើងដាំនេះបន្តិច ដាំនោះបន្តិច បានជាគេក្រឡុកយើងបាន។ បើយើងធ្វើឲ្យទៅជាប៉ូលមួយនៃការផ្គត់ផ្គង់ នោះយើងវិញទេដែលគ្រប់គ្រងទីផ្សារ»។
បន្ថែមពីនេះ លោក គួច ចំរើន ណែនាំដល់កសិករឲ្យដាំដុះដំណាំដែលមានសក្ដានុពលមួយចំនួនប៉ុណ្ណោះ ដើម្បីងាយស្រួលរកទីផ្សារ និងមានជំនាញច្បាស់លាស់ ចៀសវាងការចាប់យកច្រើនមុខដំណាំពេក។
អភិបាលខេត្តកំពង់ចាមដែលទើបឡើងកាន់តំណែងជាងមួយឆ្នាំរូបនេះ បានរម្លឹកដល់កសិករទៀតថា សាមគ្គីក្នុងក្រុម គឺជាការចាំបាច់ ដែលនាំទៅដល់ការចែករំលែក និងការរៀនសូត្រពីគ្នាក្នុងសហគមន៍ ហើយលោកជំរុញឲ្យមានការផ្លាស់ប្ដូរបទពិសោធន៍ជាមួយសហគមន៍ដទៃទៀត៕