ជាតិ
អភិបាលខេត្តក្រចេះ ហាមរថយន្តធុនធំ ចរាចរណ៍ឆ្លងកាត់ស្ពានពាមទេរ បណ្ដោះអាសន្ន
× ក្រចេះ៖ អភិបាលខេត្តក្រចេះ ហាមប្រជាពលរដ្ឋ និងម្ចាស់រថយន្តធុនធំទាំងអស់ ធ្វើដំណើរឆ្លងកាត់ស្ពានពាមទេរ លើកំណាត់ផ្លូវជាតិលេខ៧៣ ស្ថិតនៅព្រំប្រទល់រវាងស្រុកចិត្របុរី និងក្រុងក្រចេះ ជាបណ្ដោះអាសន្ន ដើម្បីសុវត្ថិភាពអ្នកធ្វើដំណើរ។
អភិបាលខេត្តក្រចេះ បានប្រាប់មូលហេតុថា ក្រោយទឹកជំនន់ទន្លេមេគង្គ ដែលមានកម្ពស់ទឹក២២,២៧ម៉ែត្រ បានស្រកផុតទៅ វាបានបណ្ដាលឲ្យស្ពានពាមទេរ ដែលមានប្រវែង១៥០ ម៉ែត្រ ទទឹង៤ម៉ែត្រ មានសភាពទ្រុឌទ្រោមខ្លាំងលើផ្នែកជើងទម្រក្រោម។
«ដូចនេះ ដើម្បីការពារសុវត្ថិភាពធ្វើដំណើរការដល់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ រដ្ឋបាលខេត្តក្រចេះ សូមបិទចរាចរណ៍បណ្ដោះអាសន្ន រថយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ស្ពានពាមទេរ លើកំណាត់ផ្លូវលេខ៧៣(ឆ្លូង-ក្រចេះ) »។ នេះជាការបញ្ជាក់របស់លោក វ៉ា ថន ដែលស្នើឲ្យប្រជាពលរដ្ឋយោគយល់ និងអនុវត្តឲ្យបានត្រឹមត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com