ជាតិ
សេដ្ឋកិច្ច
ចិន​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា រយៈពេល​៥​ឆ្នាំ​
01, Nov 2018 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ ចិន នឹង​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា រយៈពេល​៥​ឆ្នាំ ក្នុង​កិច្ចព្រមព្រៀង​ជួយ​អភិវឌ្ឍ​វិស័យ​មួយ​នេះ ឲ្យ​ដំណើរការ​ប្រកបដោយ​និរន្តរភាព​។ កម្ពុជា និង​ចិន​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ផ្តោតលើ​ការបណ្តុះបណ្តាល​លើ​វិស័យ​កសិកម្ម​ដល់​កសិករ កាលពី​ថ្ងៃទី​៣០ ខែតុលា ។ រយៈពេល​៥​ឆ្នាំ ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​និរន្តរភាព​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

 
​តាមរយៈ​អនុស្សរណៈ​យោគយល់ ភាគី​ចិន​នឹង​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​មួយចំនួន រួមមាន​៖​ការផ្លាស់ប្តូរ​សម្ភារ​សិក្សា​ស្រាវជ្រាវ ឯកសារ និង​ព័ត៌មាន​ពាក់ព័ន្ធ​, កម្មវិធី​ផ្លាស់ប្តូរ​គ្រូ និង​អ្នកបច្ចេកទេស និង​អ្នកវិទ្យាសាស្ត្រ​, វគ្គ​បណ្តុះបណ្តាល​រួមគ្នា​សម្រាប់​អ្នក​គ្រប់​គ្រង់​ជាន់ខ្ពស់ និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការបណ្តុះបណ្តាល​ពី​ចម្ងាយ (Web distance training) ដែល​គាំទ្រ​ដោយ​អង្គការ​CATAS​។ 
 
​រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង បាន​និយាយថា ៖« វា​ជាការ​រួមចំណែក​កាន់តែ​ជ្រាលជ្រៅ លើ​កិច្ចសហប្រតិបត្តិការ​រ​វា​កម្ពុជា​-​ចិន កាន់តែ​មានការ​រីកចម្រើន​ទៅ​មុខជា​បន្តបន្ទាប់ ដែល​ថ្នាក់ដឹកនាំ​យើង​ទាំងពីរ​ចាត់ទុកថា​ជា​យុទ្ធសាស្ត្រ​ដែកថែប​»​។​
 
CATAS​គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវ​តំបន់​ត្រូពិច​នៃ​ប្រទេស​ចិន ឈរលើ​លំដាប់ថ្នាក់​ធំជាងគេ​នៅ​ចិន ដែល​ទទួល​ការសិក្សា​ស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម និង​ជំនាញ​បច្ចេកទេស​ផ្សេងៗ​ដែល​ទាក់ទង​ផ្នែក​កសិកម្ម​ដោយមាន​វិទ្យាស្ថាន ក្រោម​អង្គការ ចំនួន​១៣​វិទ្យាស្ថាន​លើ​ជំនាញ​ខុសៗ​គ្នា​។​
 
​មូលហេតុ​ភាគី​ចិន​ចុះហត្ថលេខា​ជាមួយ​ក្រសួង​ការងារ ដោយសារ​កម្ពុ​ជាមាន​សាលា​ជាច្រើន ផ្ដោតលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​គ្របដណ្តប់​នៅ​ទូទាំងប្រទេស​។ នេះ​បើតាម​លោក ឡៅ ហ៊ីម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ៕

Tag:
 កសិកម្ម​
 ​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com