សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន​ដាក់ចេញ​ផែនការ​ថ្មី ត្រៀម​ទប់ទល់​នឹង​ផលវិបាក​ដែល​កើតចេញពី​សង្គ្រាម​ពាណិជ្ជកម្ម​
02, Nov 2018 , 8:59 am        
រូបភាព
ដោយ:
​ស្ថាប័ន​កំពូល​នៃ​បក្ស​កុម្ម​យ​នី​ស្ត​ចិន នៅ​ថ្ងៃទី​៣១ ខែតុលា បាន​ដាក់ចេញ​ផែនការ​ថ្មី​មួយ​សម្រាប់​សេដ្ឋកិច្ច​ឯកជន និង​ទីផ្សារ​ហ៊ុន​។ ការដាក់ចេញ​គម្រោង​ថ្មី​នេះ​ធ្វើឡើង ខណៈ​សេដ្ឋកិច្ច​នៃ​មហាអំណាច​ទី​២​នេះ​កំពុង​រងគ្រោះ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ដែល​បញ្ឆេះ​ដោយ​សហរដ្ឋអាមេរិក​។

 
 
​ការិយាល័យ​នយោបាយ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្ម​យ​នី​ស្ត​ចិន​ដឹកនាំ​ដោយ​លោក ស៊ី ជិន​ភីង បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃទី​ពុធ​ថា សហគ្រាស​នានា​ក្នុងប្រទេស​ចិន​បាន​ប្រឈមមុខ​នឹង​ការលំបាក​ជាច្រើន ហើយ​ហានិភ័យ​ដែល​កំពុង​កើតឡើង​នោះ អាច​នឹងមាន​រយៈពេល​វែង​ថែម​ទៀតផង​។ ត្រង់នេះ ស្ថាប័ន​កំពូល​បក្ស​កាន់អំណាច​ចិន បាន​សង្កត់ធ្ងន់​បែបនេះ​ថា​៖ «​យើង​ត្រូវតែ​ពង្រឹង​ការធ្វើកំណែទម្រង់ និង​ផ្តោត​សំខាន់​លើ​បញ្ហា​ស្នូល​នានា ដោយ​អម​ជាមួយនឹង​ដំណោះស្រាយ​ចំ​គោលដៅ​»​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នេះ ការិយាល័យ​នយោបាយ ក៏បាន​ផ្ញើ​សារ​ដ៏​ច្បាស់លាស់​មួយ​ថា ក្រុង​ប៉េកាំង​នឹង​បេ្ត​ជ្ញា​ជួយ​គាំទ្រ​ដោយ​ឥត​រុញ​រា ទៅលើ​សហគ្រាស​ឯកជន​នានា​ក្នុងប្រទេស​ចិន​។ តាមពិតទៅ​ការប្រកាស​បែបនេះ​គឺ​ហាក់បីដូចជា​ផ្ទុយស្រឡះ​ទៅនឹង ជំហរ​របស់​ក្រុង​ប៉េកាំង​ដែល​កាលពី​បី​ខែ​មុន ដោយ​ខ្លួន​បាន​ប្តេជ្ញា​ផ្តោត​សំខាន់​លើ​ការចំណាយ​សម្រាប់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ព​ន្លឿ​ន​សកម្មភាព​សេដ្ឋកិច្ច ដោយ​ពុំបាន​លើកឡើង​នោះឡើយ​ពី «​សេដ្ឋកិច្ច​ឯកជន​» ឬ​គេ​ស្គាល់​ផ្សេង​ទៀតថា វិស័យ​ឯកជន​នោះ​។​
 
​បន្ថែម​ពី​ការ​ជម្រុញ​ខាង​វិស័យ​ឯកជន ស្ថាប័ន​កំពូល​ដែលមាន​សមាជិក​ចំនួន​២៥​រូបនេះ បាន​អះអាងថា ចិន​នឹង​ប្រឹងប្រែង​ជួយ​គាំទ្រ​លើ​ទីផ្សារ​ហ៊ុន​របស់ខ្លួន ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​របស់​ទីផ្សារ​ចិន ឲ្យ​បានល្អ​ប្រសើរ និង​មាន​ភាព​យូរអង្វែង​។ លើសពីនេះ ចិន​ត្រូវតែ​បើកចំហ​ទីផ្សារ​របស់ខ្លួន​ទៅដល់​អ្នក​វិនិយោគិន​បរទេស ព្រមទាំង​ប្តេជ្ញា​រក្សា​ផលប្រយោជន៍​ស្របច្បាប់​នៃ​ជំនួញ​បរទេស​ទាំងនោះ ក្នុងប្រទេស​ចិន​ឲ្យ​បាន​ស្ថិត​ស្ថិ​េ​រ​ថែម​ទៀង​ផង​។​
 
​ក្រៅពី​ការប្តេជ្ញា​ការធ្វើកំណែទម្រង់​ថ្មី​ដើម្បី​ទប់ទល់​នឹង​ផលវិបាក ដែល​កើតចេញពី​សង្គ្រាម​ពាណិជ្ជ​កម្មនេះ  ក្រុង​ប៉េកាំង នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល ក៏បាន​ទទួលស្គាល់​ផងដែរ​ថា ចិន​កំពុង​រង​នូវ​ការកើនឡើង​នៃ​សម្ពោធ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​។ ជាក់ស្តែង រដ្ឋាភិបាល​បានកត់សម្គាល់​ពី ការផ្លាស់ប្តូរ​យ៉ាងគំហុក​បានកើត​ឡើង នៅក្នុង​មជ្ឈដ្ឋាន​ខាងក្រៅ​តែម្តង​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua​។ 
 
​តាមពិតទៅ នេះ​ជា​លើកទីមួយ​ហើយ​ដែល​ស្ថាប័ន​កំពូល​របស់​ចិន​នេះ បានចេញ​សេចក្តីថ្លែងការណ៍ បង្ហាញ​ក្តី​ព្រួយបារម្ភ​ទាក់ទង​នឹង កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ដែលមាន​សន្ទុះ​យឺតៗ ចាប់តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​បាន​ផ្ទុះ​ឡើងមក​។ 
 
​យោងតាម​ស​ន្ទ​ស្សន៍​គ្រប់គ្រង​ការបញ្ជាទិញ​(PMI) ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​តម្រូវ​ការនាំចេញ បាន​បណ្តាល​ឲ្យ​ការដោះស្រាយ​ក្នុង​វិស័យ​ជំនួញ​គ្មាន​ប្រសិទ្ធភាព​ជាងគេ​រំពឹងទុក ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត និង​សេវាកម្ម កាលពី​ខែតុលា​។ ទិន្នន័យ​ដដែល​នេះ​ក៏បាន​ចង្អុលបង្ហាញ​បន្ថែមទៀត​អំពី​ការដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​ចិន ក្រោយ​កំណើនសេដ្ឋកិច្ច​នៃ​យក្ស​អាស៊ី​មួយ​នេះ​ក្នុង​ត្រីមាស​ទី​បី បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​មួយ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។​
 
​សារព័ត៌មាន​ហុងកុង South China Morning Post បាន​ដកស្រង់​សម្តី​របស់​អ្នកជំនាញ​សេដ្ឋកិច្ច​ប្រចាំ​ស្ថាប័នហិរញ្ញវត្ថុ JD ក្នុង​ទីក្រុង​ហុងកុង​ថា ប្រមុខ​ដឹកនាំ​ចិន​ត្រូវបាន​គេ​សង្កេតឃើញថា បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់ខ្លួន​ចំពោះ​ទស្សនៈ​វិស័យសេដ្ឋកិច្ចរ​បស់​ប្រទេស និង​កំពុង​ត្រៀមខ្លួន​សម្រាប់​ផលប៉ះពាល់​ដែល​កើតចេញពី​សង្គ្រាម​ពាណិជ្ជកម្ម​។ អ្នកជំនាញ​រូបនេះ បាន​បកស្រាយ​ទៀតថា នាពេលនេះ​រដ្ឋាភិបាល​ចិន ពុំ​អាច​ព្រងើយកន្តើយ ហើយ​នៅតែ​ចាត់ទុក​សេដ្ឋកិច្ច​របស់ខ្លួន​ថា មាន​ស្ថិរភាព និង​សន្ទុះ​ល្អ​នោះឡើយ​៕
 

Tag:
 សេដ្ឋកិច្ច​ចិន​
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com