ជាតិ
លីកាដូ​៖ កម្ពុជា​កំពុង​ខ្វះ​ពន្ធនាគារ ដោយសារ​ការឃុំខ្លួន​ប​ណ្ដោះ​អាសន្ន​ច្រើន​ហួស​
01, Nov 2018 , 10:19 pm        
រូបភាព
​របាយការណ៍​របស់​អង្គការ​លីកាដូ​ក្រោម​ចំណងជើង​«​ពេលដែល​ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​៖ បញ្ឈប់​ការឃុំខ្លួន​បណ្ដោះអាសន្ន​មិនចាំបាច់​» បាន​រកឃើញថា ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា បាន​កើន​ឡើងដល់​កម្រិត​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក ភាគច្រើន​ជា​អ្នក​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​។ តួលេខ​អ្នក​ជាប់ឃុំ​ច្រើន​នេះ បង្ក​ផល​លំបាក​ដល់​អ្នក​កំពុង​ជាប់ឃុំ​ឃាំង មន្ត្រី​ពន្ធនាគារ និង​សង្គមជាតិ​។

 
​ក្នុង​ពន្ធនាគារ​ចំនួន ១៨​កន្លែង ដែល​អង្គការ​លីកាដូ បាន​ឃ្លាំមើល ក្នុងចំណោម​ពន្ធនាគារ​សរុប​២៨ កន្លែង ទូទាំងប្រទេស​នោះ បាន​រកឃើញថា អ្នក​ជាប់ពន្ធនាគារ​ច្រើនជាង​មួយ​ភាគបី គឺជា​អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ (៩.៥២៧ នាក់ ក្នុងចំណោម ២៥.៩២៦​នាក់​)​។ ហើយ​នៅក្នុង​ពន្ធនាគារ​មួយចំនួន​ផ្សេងទៀត មាន​អ្នក​ជាប់ឃុំ​ច្រើនជាង​ពាក់កណ្តាល មិនទាន់​ត្រូវបាន​តុលាការ​បើកសវនាការ​ជំនុំជម្រះ​នៅឡើយ​។ 
 
​របាយការណ៍​អង្គការ​លីកាដូ បានបញ្ជាក់​ដូច្នេះ​ថា​៖«​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១) គឺជា​ពន្ធនាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ឃុំខ្លួន​អ្នកទោស​ជា​បុរស ហើយ​បាន​ឃុំខ្លួន​អ្នក​ជាប់ឃុំ បី​ដង​លើស ពី​ចំនួន​អ្នក​ជាប់ឃុំ​ដែល​ពន្ធនាគារ​នេះ​»​។​
 
​របាយការណ៍​បង្ហាញ​ទៀតថា ស្ត្រី​ដែលមាន​កូន​អាយុ​ក្រោម ៣​ឆ្នាំ រស់នៅ​ជាមួយ​ម្ដាយ ក្នុង​ពន្ធនាគារ មាន​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់មាន​។ បើតាម​លីកាដូ ជនជាប់ចោទ​ពីបទ​ល្មើស​ព្រហ្មទណ្ឌ អាច​ត្រូវបាន​តុលាការ​ដាក់​ឲ្យ​ជាប់ឃុំ​ឃាំង​មុន​សវនាការ មិន​ឲ្យ​លើសពី​រយៈពេល ២២​ខែ ឡើយ​។​
 
«​ការឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ច្រើន​ហួសហេតុ នឹងធ្វើ​ឲ្យ​ស្ថានភាព​ពន្ធនាគារ​ដែល​ចង្អៀត​ណែន​ស្រាប់​ធ្ងន់ធ្ងរ​ឡើង និង​ធ្វើ​ឲ្យ​ធនធាន​សម្រាប់​ប្រើប្រាស់​ក្នុង​ពន្ធនាគារ ដែលមាន​តិចតួច​ស្រាប់ កាន់តែ​ខ្វះខាត​»​។ នេះ​ជាការ​បញ្ជាក់​របស់​អង្គការ​លីកាដូ​។​
 
​លីកាដូ បាន​ជំរុញ​ឲ្យ​ចៅក្រម​ស៊ើបសួរ​អនុវត្ត​សិ​ទិ្ធ ក្នុងការ​សម្រេច​ដោះលែង​ជនជាប់ចោទ​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន រហូតដល់​ថ្ងៃ​សវនាការ​ជំនុំជម្រះ​រឿងក្តី​ជន​នោះ​។ អង្គការ​លីកាដូ បានបញ្ជាក់​ដូច្នេះ​ថា​៖«​សិ​ទិ្ធ​អំណាច​នេះ គួរ​ត្រូវបាន​តុលាការ​អនុវត្ត ដើម្បី​គោរព​នូវ​សិ​ទិ្ធ​របស់​ពលរដ្ឋ​គ្រប់រូប និង​កាត់បន្ថយ​សំពាធ​ទៅលើ​ជន​ជាប់ឃុំ​រាប់ពាន់នាក់ និង​មន្ត្រី​ពន្ធនាគារ​ជាច្រើន ដែល​កំពុង​ជួបប្រទះ​ស្ថានភាព​លំបាក និង​យ៉ាប់យឺន​ជា​រៀងរាល់ថ្ងៃ នៅក្នុង​ពន្ធនាគារ​ទាំងអស់​នៅ​កម្ពុជា​»​។ 
 
​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មិន​បដិសេធ​នឹង​របាយ​ករាណ៍​របស់​លីកាដូ​នោះទេ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​យើង ទទួលស្គាល់ថា ពន្ធនាគារ​របស់​យើង កកស្ទះ​មែន​»​។ 
 
​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងមហាផ្ទៃ បន្តថា បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា មាន​គោលការណ៍​ច្បាស់លាស់​ក្នុងការ​ដោះស្រាយ មិនមែន​ប្រ​ងើយ​កន្តើយ​នោះទេ​។ លោក អះអាងថា ការពង្រីក​ពន្ធនាគារ​បន្ថែម និង ការអប់រំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ គឺជា​យន្តការ​ដ៏​សំខាន់ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នេះ​។​
 
​អ្ន​ន​នាំពាក្យ សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​មិនមែន​យើង មិន​ពង្រីក​បន្ថែម​ទេ តែ​យើង​ធ្វើតាម​ធនធាន និង​លទ្ធភាព​ដែលមាន​។ អ្វីដែល​សំខាន់​ជាង​នេះ គឺ​យើង​ត្រូវ​អប់រំ​ប្រជាពលរដ្ឋ កុំ​ឲ្យ​ធ្វើ​ខុស​»៕  

Tag:
 សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com