សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​របស់​ចិន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​គឺ «​លុយ​យ៉​ន់​»
01, Nov 2018 , 10:39 pm        
រូបភាព
ដោយ:
​ខណៈ​សហរដ្ឋអាមេរិក និង​មហា​យក្ស​ចិន​កំពុង​ស្ថិតក្នុង​សម​ភូមិ​ពាណិជ្ជកម្ម​យ៉ាង​ក្តៅគគុក ពិភពលោក​កំពុង​រង់ចាំ​មើលថា​តើ​ក្រុង​ប៉េកាំង​នឹង​បន្ត​ប្រើប្រាស់​យុទ្ធសាស្ត្រ​អ្វី​ទៀត​ដើម្បី​យក​ប្រៀប​លើ​អាមេរិក​ក្នុង​សង្គ្រាម​នេះ​។ អ្នកជំនាញ​មើលឃើញថា អាវុធ​ដ៏​មាន​ឥទ្ធិពល​របស់​ចិន​បច្ចុប្បន្ននេះ​គឺ ការទម្លាក់​តម្លៃ​រូបិយ​បណ្ណ​ខ្លួន​ប្រឆាំង​លុយ​ដុល្លារ​។

 
​កាសែត​អាមេរិក  New York Times ផ្សាយ​ថា តម្លៃ​នៃ​រូបិយ​បណ្ណ​របស់​ចិន «​យ៉​ន់​» បាន​ធ្លាក់ចុះ​ជា​លំដាប់  គិត​ចាប់ពី​ពាក់កណ្តាល​ខែមេសា ឆ្នាំ​២០១៨​មក ហើយ​កាលពី​ថ្ងៃទី​៣០ ខែតុលា តម្លៃ​របស់​លុយ​យ៉​ន់ បាន​ធ្លាក់ចុះ​ដល់​កម្រិត​គួរ​ឲ្យ​ព្រួយបារម្ភ (​ជិត​៧​យ៉​ន់​ប្រឆាំងនឹង​១​ដុល្លារ​) ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​។ 
 
​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ មិន​ពេញចិត្ត​នោះឡើយ នៅពេលដែល​រូបិយ​ណ្ណ​យ៉​ន់​របស់​ចិន​ចេះតែ​បន្ត​ធ្លាក់ចុះ​បែបនេះ ដ្បិតថា​ក្នុង ន័យ​សេដ្ឋកិច្ច វា​អាច​ផ្តល់​ផលចំណេញ​ដល់​អ្នក​នាំចេញ​របស់​ក្រុង​ប៉េកាំង​។ ក្នុង​សម​ភូមិ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ពិភពលោក​ទាំងពីរ​នេះ រូបិយ​ណ្ណ​អាច​ក្លាយជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​។ ប៉ុន្តែ​រដ្ឋាភិបាល​ចិន​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការសម្រេចចិត្ត​របស់ខ្លួន​ផងដែរ​។​
 
​ទោះបីជា​យ៉ាងនេះ​ក្តី រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏មាន​ហេតុផល​មួយចំនួន ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​លុយ​យ៉​ន់​ធ្លាក់ចុះ​ផង​នោះ ដ្បិតថា ការធ្លាក់ចុះ​នៃ​តម្លៃ​រូបិយ​បណ្ណ​នឹង​បង្ក​ជា​ផលប៉ះពាល់​ដល់​ក្រុមហ៊ុន ឬ​បុគ្គល​ដែល​ប្រើប្រាស់​លុយ​នោះ​តែម្តង​។ តួយ៉ាង គេ​មើលឃើញថា រដ្ឋាភិបាល​ចិន​ប្រឹងប្រែង​បង្កើត​យន្តការ​ផ្សេងៗ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​តម្លៃ​លុយ​យ៉​ន់​ធ្លាក់ចុះ​លឿន​ពេក​ដែរ​។​
 
១.​តើ​មាន​អ្វី​កើតឡើង ប្រសិនបើ​លុយ​យ៉​ន់​ចិន​ធ្លាក់ចុះ​ខ្លាំង​ប្រឆាំងនឹង​លុយ​ដុល្លារ​អាមេរិក​?
 
​ការធ្លាក់ចុះ​នៃ​តម្លៃ​លុយ​យ៉​ន់​ចិន​ប្រឆាំងនឹង​លុយ​ដុល្លារ​អាមេរិក នឹង​ផ្តល់​ផល​វិជ្ជមាន​ដល់​ម្ចាស់​រោងចក្រ​របស់​ចិន ពេល​ពួកគេ​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​។ ឧទាហរណ៍​ថា អ្នកជា​ម្ចាស់​រោងចក្រ​ក្នុងប្រទេស​ចិន ដែល​ផលិត​ទំនិញ​មួយ​ប្រភេទ ហើយ​អ្នក​លក់ទំនិញ​នោះ​កាន់​ហាង​អាជីវកម្ម​អាមេរិក​មួយកន្លែង ក្នុងតម្លៃ​១​ដុល្លារ​។ សម្រាប់​ទំនិញ​ដែល​នាំចូល​ពី​ចិន​ក្នុងតម្លៃ​មួយ​ដុល្លារ​នេះ ហាង​ក្នុង​សហរដ្ឋអាមេរិក​នឹង​លក់​ចេញ​ក្នុងតម្លៃ​ច្រើនជាង​នេះ ដ្បិតថា ពួកគេ​នៅ​ទទួល​រ៉ាប់​រង់​ចំពោះ​តម្លៃ​ដឹកជញ្ជូន និង​ស្តុក​ទុកជា​ដើម​។ នៅពេល​លុយ​៦​យ៉​ន់​ស្មើនឹង​មួយ​ដុល្លារ​អាមេរិក នេះ​មានន័យថា ទំនិញ​ដែល​ត្រៀម​ដាក់លក់​មានតម្លៃ​៦​យ៉​ន់​។ 
 
​ប៉ុន្តែ​នៅពេល​រូបិយ​បណ្ណ​កើនឡើង​ដល់​៧ យ៉​ន់​ស្មើនឹង​មួយ​ដុល្លារ​វិញ​នោះ​(​ការដោះដូរ​រូបិយ​បណ្ណ​បរទេស ចំនួន​កាន់តែ​ខ្ពស់​មានន័យថា រូបិយ​បណ្ណ​ខ្សោយ​) នេះ​មានន័យថា​ទំនិញ​ដែលមាន​តម្លៃ​មួយ​ដុល្លារ​ពីមុន មានតម្លៃ​ស្មើនឹង​៧​យ៉​ន់ ក្នុង​សហរដ្ឋអាមេរិក​។ 
 
​និយាយ​បែប​ផ្សេង ការប្រែប្រួល​លុយ​យ៉​ន់​ចិន បែបនេះ បណ្តាល​ឲ្យ​តម្លៃ​នៃ​ទំនិញ​មួយ​ប្រភេទ​នេះ ធ្លាក់​ចុះថោក​ពី​១​ដុល្លារ​មក​ត្រឹម​៨៥,៧​សេន​វិញ ប៉ុន្តែ​ទំនិញ​ដើម​គឺមាន​តម្លៃ​៦​យ៉​ន់​ដដែល ក្នុង​ទីផ្សារ​អាមេរិក​។ យ៉ាងណាមិញ ដើម្បី​ប្រកួតប្រជែង​ទិញ និង​លក់ទំនិញ​ជា​ប្រាក់​ដុល្លារ​ក្នុង​ទីផ្សារ​អាមេរិក អា​ជីក​ម្ម​អាមេរិក ត្រូវតែ​កាត់បន្ថយ​តម្លៃ​ទំនិញ​របស់ខ្លួន​។  
 
​ម្យ៉ាងវិញទៀត ការធ្លាក់ចុះ​នៃ​តម្លៃ​រូបិយ​បណ្ណ ក៏​អាចជួយ​ក្រុមហ៊ុននាំចេញ​របស់​ចិន យកឈ្នះ​លើ​ការដំឡើង​ពន្ធ​នាំចូល​របស់លោក ដូ​ណា​ល់ ត្រាំ​ផងដែរ​។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បាន​ដំឡើង​ពន្ធ​នាំចូល​ប្រមាណ​១០​ភាគរយ​លើ​ទំនិញ​ចិន​ជាច្រើន​មុខ ដែល​ចូល​ទៅដល់​កំពង់ផែ​អាមេរិក​។ ប៉ុន្តែ​ប្រសិនបើ​តម្លៃ​លុយ​យ៉​ន់​ចិន​ធ្លាក់ចុះ​ចំនួន​១០​ភាគរយ​នោះ  នេះ​មានន័យថា ការដំឡើង​ពន្ធ​មិនមាន​ផលប៉ះពាល់​អ្វី​នោះឡើយ​លើ​ក្រុមហ៊ុននាំចេញ​របស់​ចិន​។​
 
២.​ការទម្លាក់​តម្លៃ​លុយ​យ៉​ន់​អាចជា អាវុធ​មុខ​ពីរ​សម្រាប់​ចិន​
 
 គេ​អាច​ស្រមៃ​ឃើញ កាលពី​បី​ឆ្នាំមុន ពេល​សេដ្ឋកិច្ច​របស់ខ្លួន​មាន​កំណើន​យឺត ចិន​បានសម្រេច​ទម្លាក់​តម្លៃ​លុយ​យ៉​ន់​របស់ខ្លួន ដើម្បី​ជា​ផ្នែក​មួយ​ជួយ​ទៅដល់​បណ្តា​រោងចក្រ​ចិន​។  នៅពេល​នោះដែរ ហិរញ្ញវត្ថុ និង​ទីផ្សារ​ពិភពលោក បាន​រង្គោះរង្គើ​ជាខ្លាំង​។ ក្រោយមក​រដ្ឋាភិបាល​ចិន​បាន​ដុតដៃដុតជើង ចេញមុខ​ពន្យល់​ដល់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ដែល​បានចាប់ផ្តើម​បង្វែរ​ប្រាក់​របស់​ពួកគេ​ចេញទៅ​បរទេស​។ បើ​ពិ​តទៅ សេដ្ឋកិច្ច​ចិន​ត្រូវបាន​ប្រាក់​យ៉​ន់​ជា​ចាំបាច់ សម្រាប់ធ្វើ​ចរាចរ​ក្នុង​ចរន្ត​ទីផ្សារ​របស់ខ្លួន ។ 
 
​ដោយសារតែ​មេរៀន​មួយ​នេះហើយ ទើប​មួយឆ្នាំ​ក្រោយមក រដ្ឋាភិបាល​ចិន​បាន​ចំណាយ​ប្រា​ក់ជាង​៥០០ ពាន់​លាន​ដុល្លារ ដែល​យក​ចេញពី​រូបិយ​បណ្ណ​បម្រុង​របស់ខ្លួន ទៅ​ជួយ​ទប់ស្កាត់​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​តម្លៃ​លុយ​យ៉​ន់​។  ម្យ៉ាងវិញទៀត ទីក្រុង​ប៉េកាំង​ក៏បាន​ចាប់ផ្តើម​ពង្រឹង​ការគ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់ខ្លួន និង​បាន​ប្រើប្រាស់​វិធីសាស្ត្រ​មួយចំនួន ដើម្បី​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ចិន នាំយក​ប្រាក់​ចេញពី​ប្រទេស​ដូច​មុន​ទៀត​។ 
 
​អ្នកជំនាញ​មួយចំនួន យល់ឃើញថា បើទោះបីជា​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​តានតឹង និង​គ្មាន​ផ្លូវ​ចេញ​ក្តី  ចិន​ប្រហែលជា​ស្វះ​ស្វែងរក​វិធី​ផ្សេងៗ ដែលមាន​សុវត្ថិភាព ជាង​ការទម្លាក់​តម្លៃ​រូបិយ​បណ្ណ​របស់ខ្លួន​។ ដូច​អ្វី​ពី​អតីតកាល​បានបង្ហាញ​ស្រាប់ ការប្រើប្រាស់​លុយ​យ៉​ន់​ជា​អាវុធ ដូចជា​អាវុធ​មុខ​ពីរ ដែល​អាចធ្វើ​ឲ្យ​ចិន​ខូចខាត​មិនតិច​ឡើយ​៕

Tag:
 សង្គ្រាម​ពាណិជ្ជកម្ម​
  រូបិយ​បណ្ណ​ចិន​
  លុយ​ដុល្លារ​
© រក្សាសិទ្ធិដោយ thmeythmey.com