ជាតិ
លោក យន្ត មីន ៖ អ្នកតូច ឬ​អ្នក​ធំក្តី បើ​បំពាន​ច្បាប់ ត្រូវ​ចាត់វិធានការ ដោយ​គ្មាន​ការយោគយល់​ទៀតឡើយ​
02, Nov 2018 , 10:07 am        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
រូបពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
​ភ្នំពេញ​៖ អភិបាលខេត្ត​ព្រះសីហនុ បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​អ្នក​ដែល​បំពាន​ច្បាប់ ហើយ​បង្កបញ្ហា​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ខេត្ត​។

 
​ខណៈ​ខេត្ត​ព្រះសីហនុ កំពុង​ទទួល​បានការ​អភិវឌ្ឍ​ខ្លាំង​នោះ បញ្ហា​អសន្តិសុខ និង​អនាធិបតេយ្យ​ក៏​កើតមាន​ច្រើន​ដែរ តាមរយៈ​លំហូរ​ជនបរទេស និង​បញ្ហា​ទំនាស់​ដីធ្លី​។ បញ្ហា​ទាំងនេះ បានធ្វើ​ឲ្យ​កើតមាន​ការរិះគន់​ខ្លាំង​ពី​សំណាក​ប្រជាពលរដ្ឋ ទៅលើ​ការដឹកនាំ​របស់​អាជ្ញាធ​រ​ខេត្ត​។ អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​ដឹង​ពី​បញ្ហា​ទាំងនេះ​។​
 
​លោក យន្ត មីន ក្រើនរំឭក​មន្ត្រី​នៅតាម​មន្ទីរ​អង្គភាព​ទាំងអស់ ឲ្យ​ខិតខំ​ពង្រឹង​ការងារ​តាម​តួនាទី​ភារកិច្ច​របស់ខ្លួន ឲ្យ​បានល្អ​ប្រសើរ​។ តាមរយៈ​ការពង្រឹង​សកម្មភាព​ការងារ​នេះ លោក យន្ត មីន ដាក់ចេញ​វិធានការ​៣​ចំណុច ឲ្យ​មន្ត្រី​ខ្លួន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នោះ គឺ​ទី​១ ពង្រឹង​ការអនុវត្ត​ច្បាប់ ទី​២ ដោះស្រាយ​ទំនាស់​ដីធ្លី និង​ទី​៣ ពង្រឹង​ការងារ​បរិស្ថាន សណ្តាប់ធ្នាប់​សន្តិសុខ ។​
 
​ក្រៅពីនេះ​អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​ខុសច្បាប់ ទាំង​អ្នកមានអំណាច ឬ​អ្នក​តូចក្ដី​។ ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ស្រង់​សម្ដី​លោក យន្ត មីន ដូច្នេះ​ថា​៖«​ទន្ទឹមនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ទាំងឡាយ តែ​ចាប់តាំងពី​ខែមេសា​រហូតដល់​ខែតុលា​ឆ្នាំ​២០១៨​នេះ ខេត្ត​ព្រះសីហនុ រង​ការ​រិៈ​គន់​ច្រើន​ក​គួរកត់សម្គាល់​។ ដើម្បី​ឲ្យ​ស្រុក​ក្រុង​-​ខេត្ត​យើង​ស្អាត​មាន​របៀបរៀបរយ យើង​ពិតជា​មិនអាច​ខ្វះ​បានឡើយ​នូវ​ការចូលរួម​ពី​អ្នក​ទាំងអស់គ្នា​។ ពី​ពេលនេះ​តទៅ​ទោះ​អ្នកតូច ឬ​អ្នកធំ​ក៏ដោយ​បើ​បំពាន​ច្បាប់ ត្រូវតែ​ចាត់​វិធានការណ៍​តាមច្បាប់ ដោយ​គ្មាន​ការយោគយល់​ទៀតឡើយ​»​។​
 
​ដោយឡែក​អភិបាលស្រុក -​ក្រុង​ទាំងអស់ ត្រូវ​ចាត់វិធានការ​សម្អាត​ចិញ្ចើមផ្លូវ​ឲ្យ​បាន​ស្អាត ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​យក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម នាំ​ឲ្យ​ខូច​សណ្តាប់ធ្នាប់​ទៀតឡើយ​។ ចំពោះ​នគរបាល​ចរាចរណ៍​និង​នគរបាល​សណ្តាប់ធ្នាប់ ត្រូវតែ​មើល​ការងារ​ទាំងនេះ ។ នេះ​ជាការ​បញ្ជា​របស់លោក យន្ត មីន​។​
 
​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ ទទួលបាន​ការវិនិយោគ​យ៉ាងគំហុក ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​របស់​ចិន​។ អម​ជាមួយ​ការវិនិយោគ​នេះ បញ្ហា​អនាធិបតេយ្យ និង​អ​សណ្ដាប់ធ្នាប់ ក៏​កើតមាន​ច្រើន រហូតដល់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្ដេច ស ខេង បញ្ជូន​មន្ត្រី​ជំនាញ​៤​អង្គភាព​ពី​ក្រសួង ទៅ​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទាំងនោះ​។​
 
អត្ថបទទាក់ទង
 
 
​បញ្ហា​ដែល​សម្ដេច ស ខេង យល់ថា ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ គឺ​ការបង្ក្រាប​ករណី​បទល្មើស​សម្លាប់ ការប្រើប្រាស់​គ្រឿងញៀន រៀបចំ​បរិស្ថាន និង​អនាម័យ នៅ​តំបន់​ទេសចរណ៍ ខេត្ត​ព្រះសីហនុ​នេះ​។ ជាពិសេស​ការទប់ស្កាត់ កុំ​ឲ្យ​ទឹកសមុទ្រ​កម្ពុជា ដែល​កំពុង​ទាក់ទាញ​ទេសចរ​នេះ ប្រែក្លាយ​ទៅជា​កខ្វក់ ហើយ​ប្រើប្រាស់​លែង​បាន​។ ចំណែក​បញ្ហា​ជនជាតិ​ចិន​រស់នៅ ហើយ​បង្ក​អនាធិបតេយ្យ​នៅ​ទីនោះ ក៏​ជា​រឿង​សំខាន់​ដែល​ក្រសួងមហាផ្ទៃ កំពុង​យកចិត្តទុកដាក់​ទប់ស្កាត់ និង​ដោះស្រាយ​ដែរ​។​
 
​ជាក់ស្ដែង​កាលពីពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ក៏បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​៦​ក្រុម ចុះទៅ​ត្រួតពិនិត្យ​សំណង់​អគារ​នៅ​ខេត្ត​ព្រះសីហនុ ក្រោយពី​សង្ស័យថា មាន​សំណង់​អគារ​វិនិយោគ​ច្រើន ដែល​សាងសង់​ខុសច្បាប់ ពោលគឺ​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​រៀបចំ​ដែនដី​៕
 

Tag:
 ​យន្ត មីន​
  ព្រះសីហនុ​
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com