ជាតិ
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ចាត់ទុកសេដ្ឋកិច្ចបៃតងថា សំខាន់សម្រាប់អ្នកវិនិយោគ
× ភ្នំពេញ៖ ភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បាននឹងកំពុងជំរុញដល់ក្រុមហ៊ុនដៃគូ និងអ្នកវិនិយោគក្នុងប្រទេសកម្ពុជាឲ្យអនុវត្តសេដ្ឋកិច្ចបៃតង ក្នុងគោលដៅអភិវឌ្ឍអាជីវកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព និងចូលរួមចំណែកក្នុងទំនួលខុសត្រូវសង្គម។ សេដ្ឋកិច្ចបៃតងជាគោលការណ៍រួមគ្នាក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានទាំងក្នុងតំបន់ និងពិភពលោកទាំងមូល។ គោលការណ៍បៃតងមានដូចជា ការប្រើប្រាស់ថាមពលព្រះអាទិត្យ ការកែច្នៃឡើងវិញ ការបន្ថយការប្រើប្រាស់វត្តុធាតុដើម ការបន្ថយការប្រើប្រាស់ជាតិគីមី ថ្នាំពុល និងគិតពីផលបះពាល់បរិស្ថាន និងសង្គម ជាដើម។
កម្ពុជាជាប្រទេសកំពុងអភិឌ្ឍ នេះជាឱកាសល្អក្នុងការជំរុញការវិនិយោគប្រកបដោយប្រសិទ្ធភាព និងការការពារបរិស្ថាន ប្រជាពលរដ្ឋ និងថវិកាជាតិ។ លោក អាន់ដេអូល កាដាំង ប្រធានគណៈកម្មការធុរកិច្ចបៃតង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានលើកឡើងក្នុងកិច្ចពិភាក្សាសារព័ត៌មានស្តីពី សេដ្ឋកិច្ចបៃតងនាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
លោក និយាយដូច្នេះថា៖«ប្រទេសអភិវឌ្ឍ កំពុងតែអនុវត្ត សេដ្ឋកិច្ចបៃតង ព្រោះវាជួយច្រើនដល់ ប្រជាពលរដ្ឋ ភពផែនដី និងសេដ្ឋកិច្ច ព្រោះមនុស្សបច្ចុប្បន្នកំពុងយកចិត្តទុកដាក់ខ្លាំងលើបញ្ហានេះ ដល់ពេលដែលកម្ពុជាត្រូវតែចាប់ផ្ដើមដើម្បីកាត់បន្ថយការបំពុលប្រទេស ការចំណាយថវិកាច្រើន និងចំណេញពេលវេលា»។
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំកិច្ចពិភាក្សាសារព័ត៌មានស្តីពី សេដ្ឋកិច្ចបៃតង ជាមួយអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ដើម្បីជំរុញការផ្សព្វផ្សាយ និងជួយដល់អ្នកសារព័ត៌មានឈ្វេងយល់បន្ថែមពីសេដ្ឋកិច្ចបៃតង នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ លោក បន្តថាសភាពាណិជ្ជកម្មអឺរ៉ុបកំពុងរៀបចំបទដ្ឋានគតិយុត្ត វគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយបន្ថែមទៀតអំពីសេដ្ឋកិច្ចបៃតងដល់សារធារណជន អ្នកវិនិយោគ ដើម្បីឲ្យមានភាពទាក់ទាញដល់ក្រុមហ៊ុន និងអ្នកវិនិយោគ។ លោកក៏បានថ្លែងកោតសសើររាជរដ្ឋាភិបាលកម្ពុជាដែលបានជួយគាំទ្រក្នុងដំណើរកាអនុវត្តសេដ្ឋកិច្ចបៃតងនេះផងដែរ។
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានឹងជួយដល់សហគ្រាសដែលគោរពតាមបទដ្ឋានសេកិច្ចបៃតង ដោយចេញស្លាកសញ្ញាសម្គាល់ផលិតផលស្ដង់ដារ និងជួយរកទីផ្សារផងដែរ។ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាមានសមាជិកចំនួន៣៤៨ ក្រុមហ៊ុន ទាំងក្នុងស្រុកនិងក្រៅស្រុក៕
Tag:
ជាតិ
សេដ្ឋកិច្ច
សេដ្ឋកិច្ចបៃតង
© រក្សាសិទ្ធិដោយ thmeythmey.com