សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នករាយការណ៍​ព័ត៌មាន​អាកាសធាតុ​ម្នាក់ ស្ពាយ​កូន​តាម​ខ្លួន​ពេល​បំពេញការងារ​
03, Nov 2018 , 10:59 pm        
រូបភាព
ដោយ: ធីតា
​អ្នកស្រី Susie Martin ជនជាតិ​អាមេរិក ដែល​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ជំនាញ​អាកាសធាតុ Praedictix Weather កាលពីពេល​ថ្មីៗ​កន្លងមកនេះ បាន​ស្ពាយ​កូនប្រុស​អាយុ​១​ឆ្នាំ​នៅ​ពីក្រោយ​ខ្នង នៅពេលដែល​គាត់​កំពុង​រាយការណ៍​ព័ត៌មាន​ស្តីពី​អាកាសធាតុ​។ អ្នកជំនាញ​រូបនេះ ចង់បង្ហាញ​គំរូ​ដល់​ឪពុកម្តាយ​ទូទៅ​ថា គ្មានអ្វី​ឧបសគ្គ​នោះឡើយ ពេល​បំពេញការងារ នៅពេលដែល​ពួកគាត់​មាន​សម្ពាធ​ដាក់​កូន​ដ៏​ត្រឹមត្រូវ​។​

 
«​ខ្ញុំ​ចង់​បង្ហាញថា ស្ត្រី​អាចបំពេញ​តួនាទី​ជា​ម្តាយ​បាន​នៅ​គ្រប់​ទីកន្លែង ដោយ​គ្មាន​ការរំខាន​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី Martin ដែល​ត្រូវបាន​ដកស្រង់​ដោយ ABC News ដោយ​រូបភាព និង​វីដេអូ​របស់​អ្នកស្រី មាន​ការចូល​ទស្សនា​រាប់លាន​ដង អម​ជាមួយ​សារ​គាំទ្រ​។​
 
 
​ទោះបីជា​យ៉ាងណាក៏ដោយ នេះ​មិនមែនជា​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នកស្រី Martin នោះឡើយ ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​លើកទឹកចិត្ត​មាតាបិតា ប្រើប្រាស់​សំពាយ​ដាក់​កូន​ពីក្រោយ​ខ្នង នៅពេលដែល​ពួកគាត់​បំពេញការងារ​។​
 
«​នេះ​ជា​សប្តាហ៍​នៃ​ស្ពាយ​កូន​តាម​ខ្លួន ហើយ​នៅថ្ងៃនេះ ដែរ​ខ្ញុំ​មាន​ជំនួយការ​ម្នាក់​»​។ អ្នកស្រី Martin រៀបរាប់​យ៉ាង​ដូច្នេះ ក្នុង​កម្មវិធី​អាកាសធាតុ​របស់ខ្លួន ខណៈដែល​កូនប្រុស​វ័យ​១​ឆ្នាំ​កំពុង​លង់លក់​ក្នុង​ដំណេក​៕

 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com