ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
រស់នៅកម្ពុជាជាងបីឆ្នាំ ឯកអគ្គរដ្ឋទូតអាមេរិកជាប់ចិត្តខេត្តពោធិ៍សាត់, កំពត និងបាត់ដំបងជាងគេ
× ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗនៅថ្ងៃព្រហស្បតិ៍ទី ១ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក William (Bill) A. Heidt មានប្រសាសន៍ថា លោករីករាយខ្លាំងដែលបានសម្រេចបំណងទៅទស្សនាគ្រប់ខេត្តទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា មុនត្រឡប់ទៅអាមេរិកវិញនៅចុងខែវិច្ឆិកាខាងមុខនេះ។ ពោធិ៍សាត់ កំពត និងបាត់ដំបង គឺជាខេត្តដែលឯកអគ្គរដ្ឋទូតអាមេរិករូបនេះជាប់ចិត្តជាងគេ។
ពេលសាកសួរថា តើខេត្តណាដែលលោកពេញចិត្តជាងគេ លោក William Heidt បានឆ្លើយតបថា លោកមានមនោសញ្ចេតនាដិតដាមជាមួយខេត្តពោធិ៍សាត់ជាងគេ ហើយក៏មានអារម្មណ៍ស្និទ្ធស្នាលជាមួយប្រជាជននៅទីនោះផង។ ហេតុផលសំខាន់មួយនោះគឺ ភរិយារបស់លោក លោកស្រី សុទ្ធី ហេដ ជាអ្នកស្រុកក្រគរ ខេត្តពោធិសាត់។
លោកនិយាយបែបនេះ៖ «ខេត្តដែលខ្ញុំពេញចិត្តនោះគឺ អ្នកដឹងស្រាប់ហើយថាភរិយាខ្ញុំជាអ្នកស្រុកក្រគរ ខេត្តពោធិ៍សាត់។ យើងបានទៅទីនោះច្រើនដង ប្រហែលប្រាំមួយ ឬប្រាំពីរដងឯណោះ។ ខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលជាមួយប្រជាជនដែលរស់នៅទីនោះខ្លាំង។ ដូច្នេះហើយ ខ្ញុំគិតថា វាជាខេត្តដែលខ្ញុំដក់ជាប់ពេញចិត្តជាងគេ»។
ក្រៅពីខេត្តពោធិ៍សាត់ជាទឹកដីកំណើតភរិយា ឯកអគ្គរដ្ឋទូតអាមេរិករូបនេះបានបង្ហើបថា ខេត្តពីរផ្សេងទៀតដែលលោកចាប់ចិត្ត និងឧស្សាហ៍ទៅកម្សាន្តនៅចុងសប្តាហ៍គឺ ខេត្តកំពត និងខេត្តបាត់ដំបង។ ទីតាំងនៅប្របមាត់ស្ទឹងរបស់ខេត្តកំពតជាចំណុចពិសេសបំផុតសម្រាប់លោក ខណៈដែលភាពស្រស់ស្រាយនៃខេត្តបាត់ដំបងទាក់ចិត្តលោកខ្លាំងជាងគេដែរ។
«ខ្ញុំចង់ប្រាប់ដែរថា នៅចុងសប្តាហ៍ខ្ញុំចូលចិត្តទៅខេត្តកំពត។ ខ្ញុំគិតថាវាជាទីក្រុងមួយដែលគួរជាទីគាប់ចិត្តមួយដែលស្ថិតនៅប្របមាត់ស្ទឹង។ ខ្ញុំក៏ចាប់ផ្តើមស្រលាញ់ខេត្តបាត់ដំបងដែរឥឡូវនេះ។ ខ្ញុំមានអារម្មណ៍ថា បាត់ដំបងជាទីកន្លែងដ៏ល្អមួយសម្រាប់អ្នកទេសចរអាមេរិក។ វាជាក្រុងដែលស្រស់ស្រាយសម្រាប់លំហែអារម្មណ៍ និងគួរឲ្យចាប់អារម្មណ៍ដែរ។ ខេត្តទាំងពីរជាកន្លែងដែលខ្ញុំពេញចិត្តបំផុតសម្រាប់លំហែកាយចុងសប្តាហ៍»។ លោក Heidt អះអាងបែបនេះ។
សូមបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូត William Heidt នឹងបញ្ចប់បេសកកម្មការទូតរបស់ខ្លួននៅកម្ពុជាត្រឹមខែវិច្ឆិកានេះ។ លោកបានទទួលការយល់ព្រមពីព្រឹទ្ធសភាអាមេរិកធ្វើជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា តាំងពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៥ ហើយបានស្បថចូលបំពេញការងារនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ។ ចំណែកលោក Patrick Murphy បច្ចុប្បន្នជាឧបការីរងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការងារអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកត្រូវបានស្នើតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជាដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ បេក្ខភាពរបស់លោកត្រូវទទួលយល់ព្រមពីព្រឹទ្ធសភាអាមេរិកសិន៕
Tag:
ពោធិ៍សាត់
កំពត
បាត់ដំបង
William Heidt
© រក្សាសិទ្ធិដោយ thmeythmey.com