ជាតិ
សេដ្ឋកិច្ច
កម្ពុជា គ្រោងចំណាយថវិកា១៩ពាន់លានដុល្លារ លើគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ
× ភ្នំពេញ៖ រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណជាង១៩ ពាន់លានដុល្លារ សម្រាប់កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកសាងផ្លូវល្បឿនលឿន ព្រមទាំងការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សា «ផែនការមេភស្តុភារកម្មនៅកម្ពុជា» ថា គម្រោងភស្ដុភារកម្មទាំង២៥គម្រោង ដែលមានតម្លៃ១៩ ពាន់លានដុល្លារនេះ សម្រាប់អនុវត្ដក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង ។ គម្រោងទាំងនេះ ផ្ដោតលើការសាងសង់ និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងការសាងសង់កំពង់ផែកុងទីន័រនៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងវិស័យដឹកជញ្ជូនក្នុងស្រុក និងត្រៀមខ្លូនបម្រើការដឹកជញ្ជូនឆ្លងប្រទេសក្នុងតំបន់ផងដែរ។
រដ្ឋមន្ត្រីក្រសួងសាធារណៈការរូបនេះ បាននិយាយថា៖« ផែនការទាំងនេះ រួមមានការពង្រីកផ្លូវជាតិលេខ៥ ពីភ្នំពេញទៅខេត្ដបាត់ដំបង បន្ទាយមានជ័យ និងប៉ោយប៉ែតដោយពង្រីកពី២គន្លង ទៅ៤គន្លង ដែលផ្លូវនេះគឺជាផ្លូវអាស៊ានភ្ជាប់ពីប្រទេសចិនដល់ប្រទេសមីយ៉ាន់ម៉ា ថៃ កម្ពុជា ហើយបន្ដភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ ដល់បាវិត និងភ្ជាប់ជាមួយនឹងប្រទេសវៀតណាម ដែលជាផ្លូវអាស៊ានលេខ១»។
តាមការសិក្សាគម្រោងផែនការមេភស្ដុភារកម្មនៅកម្ពុជានេះគឺមានរយៈ ពេល៧ឆ្នាំ ចាប់ពីឆ្នាំ២០១៨-២០២៥ ដែលគ្រោងនឹងចំណាយថវិកាប្រមាណជាង១៩ពាន់លានដុល្លារ ដែលទទួលបានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិជប៉ុនប្រចាំកម្ពុជា(JICA) និង ធនាគាពិភពលោក (World Bank) ៕
© រក្សាសិទ្ធិដោយ thmeythmey.com