ជាតិ
សង្គមជាតិ
លីកាដូ​ រកឃើញការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ ​មាន​១១០​ករណី រយៈពេល​៩​ខែ​
04, Nov 2018 , 10:45 am        
រូបភាព
រូបសមត្ថកិច្ច និងមន្រ្តីជំនាញ ធ្វើកោសល្យវិច្ច័យលើករណីរំលោភសម្លាប់ក្មេងស្រី២នាក់ នៅខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗនេះ។ រូបពីហ្វេសប៊ុក Child Protection Unit
រូបសមត្ថកិច្ច និងមន្រ្តីជំនាញ ធ្វើកោសល្យវិច្ច័យលើករណីរំលោភសម្លាប់ក្មេងស្រី២នាក់ នៅខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗនេះ។ រូបពីហ្វេសប៊ុក Child Protection Unit
​ភ្នំពេញ​៖ សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស លីកាដូ រក​ករណី​រំលោភបំពាន​លើ​កុមារ កើតមាន​១១០​ករណី ក្នុង​ខេត្ត​ចំនួន​១៤ ត្រឹម​រយៈពេល​៩​ខែ ឆ្នាំ​២០១៨​។ លីកាដូ ចាត់ទុក​ករណីនេះ កំពុង​បន្ត​គំរាមកំហែង និង​បំផ្លាញ​ជីវិត​កុមារ​ជា​រៀងរាល់ថ្ងៃ​។​

 
​លីកាដូ រកឃើញថា កុមារី​នៅតាម​ទីជនបទ​ដាច់ស្រយាល​ជា​អ្នក​ងាយ​រងគ្រោះ​ជាងគេ​។ នោះ​ក៏​ព្រោះតែ​ការរស់នៅ​តាម​ជនបទ នៅ​ជួបប្រទះ​បញ្ហា​ច្រើន​លើ​ប្រព័ន្ធ​អប់រំ ជីវភាព និង​អសន្តិសុខ​។ ចំណែក​គ្រួសារ​ដែល​ខ្វះខាត​ជីវភាព​នោះ គឺ​ឪពុក​-​ម្ដាយ ត្រូវ​ចំណាកស្រុក​ទៅរក​ការងា​ធ្វើទៅ​ទីប្រជុំជន ឬ​ក្រៅប្រទេស ដោយ​ទុក​កូនស្រី​រស់នៅ​ជាមួយ ជីដូន​-​ជីតា បងប្អូន ញាតិ​មិ​ត្តិ ដែល​ខ្វះ​ការយកចិត្តទុកដាក់​លើ​ពួកគេ ដែលជា​មូលហេតុ​នាំ​ឲ្យ​កុមារ ជាពិសេស​ក្មេងស្រី ងាយ​រងគ្រោះ​ដោយសារ​ការរំលោភបំពាន​ផ្លូវភេទ​នេះ​។​
 
​លោក អំ សំអាត មន្ត្រី​ការពារ​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​បាន​សម្ដែង​ក្ដី​ព្រួយ​បារ​ម្មណ៍​ចំពោះ​ករណី​រំលោភ​សម្លាប់​លើ​កុមា​រនេះ ព្រោះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ករណី​រំលោភ​ផ្លូវភេទ​លើ​កុមារ នៅមាន​ការកើនឡើង និង​កាន់តែ​ព្រៃផ្សៃ​គួរ​ឲ្យ​កត់សម្គាល់​។​
 
​មន្ត្រីជាន់ខ្ពស់​អង្គការ​លីកាដូ​រូបនេះ បានបង្ហាញ​របាយការណ៍​ជុំវិញ​ករណី​រំលោភបំពាន​លើ​កុមារ​ដូច្នេះ​ថា​៖ «​បើ​ប្រៀបធៀប​ពី​២០១៧ ទៅ​២០១៦ ករណី​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​ហាក់​មិនមាន​ការថយចុះ​ទេ លើ​១៤​ខេត្ត រាជធានី​ដែល​យើង​ធ្វើការ​លើ​បញ្ហា​នេះ​។ ក្នុង​ឆ្នាំ​២០១៧ សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស បានធ្វើការ​លើ ១៤ ខេត្ត រាជធានី បាន​រកឃើញថា មាន​កុមា​រងគ្រោះ​ដោយ​កា​រំលោភបំពាន ការ​បៀតបៀន អំពើហិង្សា​មាន​១៤៧​ករណី​។ ក្នុងនោះ​មាន ១២៥ ករណី​រំលោភ​ផ្លូវភេទ ហើយ ៦ ករណី​រំលោភ​សម្លាប់​។ គិត​ត្រឹម​ខែ​៩​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ករណី​រំលោភបំពាន​ជាទូទៅ​លើ​កុមារ​មាន​រហូតដល់​១១០​ករណី ក្នុងនោះ​ករណី​រំលោភ​ផ្លូវភេទ​មាន​៩០ ករណី ហើយ​រំលោភ​សម្លាប់​មាន​៨ ករណី​»​។​
 
​ករណី​រំលោភបំពាន​កុមារ​ខាងលើនេះ កើតមាន​ក្នុង​ខេត្ត​ចំនួន​១៤ ដែល​លីកាដូ​រកឃើញ​ប៉ុណ្ណោះ ហើយ​វា​អាច​កើតមាន​ករណី​ច្រើនជាង​នេះ បើសិន​ពិនិត្យមើល​ទូទាំងប្រទេស​។ «​បើ​តួលេខ​ពិតប្រាកដ​អាច​ច្រើនជាង​នេះ ដោយសារតែ​យើង​បានធ្វើការ​ទៅលើ​តែ​១៤ ខេត្ត រាជធានី និង​អ្នក​មក​ពឹងពាក់​លើ​សេ​វ៉ា​របស់ លីកាដូ​តែប៉ុណ្ណោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អំ សំអាត​។​
​បើតាម​លោក អំ សំអាត កត្តា​ដែល​ជំរុញ​កើតមាន​ករណី​រំលោភ​សំ​ម្លា​ប់​លើ​កុមារ ហើយ​នាំ​ឲ្យ​ធ្លាក់ចុះ​យ៉ាងខ្លាំង​លើ​សីលធម៌​សង្គម​នេះ រួមមាន ការមើល​វីដេអូ និង​រូបភាព​អាសអាភាស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ការកើនឡើង​អ្នកប្រើប្រាស់​គ្រឿងញៀន និង​គ្រឿង​ស្រវឹង រួមទាំង​ការអនុវត្ត​ច្បាប់​នៅមានកម្រិត​ជាដើម​។​
 
«​ជន​ដែល​ប្រព្រឹត្ត​បទល្មើស យើង​មិនទាន់បាន​ធានាថា​ត្រូវតែ​នាំខ្លួន​ទៅ ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ព្រោះ​មានការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ប្រព័ន្ធ​អប់រំ​មានការ​កែប្រែ​។ ប៉ុន្តែ​មុខវិជ្ជា​ខាង​សីលធម៌ មិនទាន់បាន​បញ្ចូល​ក្នុង​ប្រព័ន្ធ​អប់រំ ដើម្បី​លើកតម្កើង​សីលធម៌​ក្នុងសង្គម​យើង​ទេ​។ ត្រូវអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរឹង កុំ​ឲ្យ​មាន​និ​ទណ្ឌ​ភាព អ្នកប្រព្រឹត្ត​បទល្មើស​ត្រូវតែ​ទទួលទោស​តាមច្បាប់ កុំ​ឲ្យ​មានការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ។​សមត​កិច្ច​ត្រូវ​ពង្រឹង​ជំនាញ​បន្ថែម ត្រូវមាន​ប៉ូលិស​ជា​ស្ត្រី​ធ្វើការ​លើ​ករណីនេះ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន​ត្រូវ​ពង្រឹង​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​លើ​ករណីនេះ​»​។ នេះ​ជា​លើកឡើង​របស់​មន្ត្រីជាន់ខ្ពស់​លីកាដូ ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ និង​យកចិត្តទុកដាក់​បន្ថែម​លើ​កុមារី និង​អ្នក​ងាយ​រងគ្រោះ ដើម្បី​ទប់ស្កាត់ និង​បង្ការ​នៅ​បទល្មើស​កាន់តែ​មាន​ប្រសិទ្ធភាព​។ 
 
​ចំណែក​អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​រួមគ្នា​ជំរុញ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ឲ្យ​ពួកគាត់​យកចិត្តទុកដាក់ និង​បង្កើន​ការការពារ​ដល់កូន​​របស់​គាត់​កាន់តែខ្លាំង​ជាងមុន​។​
 
​លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ទទួលស្គាល់ថា ករណី​រំលោភ​លើ​សិទ្ធិ​កុមា​នៅតែ​កើនឡើង​មែន​។ ប៉ុន្តែ​រាជរដ្ឋាភិបាល កំពុងតែ​ខិតខំ​អនុវត្ត​គ្រប់​សកម្មភាព ទាំង​ទិដ្ឋភាព​ផ្លូវច្បាប់ និង​ការអនុវត្ត​វិធាន​ទ​ប​ស្កាត់​លើ​បញ្ហា​នេះ​។ ក្នុងនោះ​មាន​ក្រសួង​ចំនួន ១៣ និង​អង្គការក្រៅរដ្ឋាភិបាល​កំ​ពុង​សហការគ្នា ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​សិទ្ធិ​កុមារ ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។​
 
​អគ្គនាយក​បច្ចេកទេស​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖« រឿងនេះ​រាជរដ្ឋាភិបាល​មិនបាន​នៅ​ស្ងៀម​ទេ យើង​បាន​កាត់បន្ថយ ប៉ុន្តែ​ការប្រព្រឹត្ត​របស់​ជនល្មើស​នៅតែមាន យើង​មិនអាច​លុបបំបាត់​ឲ្យ​អស់​បាន​នោះទេ ព្រោះ​កត្តា​ការយល់ដឹង​របស់​មនុស្ស​នៅ​ទាប ឥឡូវនេះ​ការអប់រំ​របស់​យើង​នៅមានកម្រិត​នៅឡើយ  លំហូ​ចូល​វប្បធម៌​មិនល្អ​ពី​បរទេស ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ចាប់យក​វប្បធម៌​ទាំងអស់​ហ្នឹង នេះ​ជា​បញ្ហា​ដែល​យើង​មើលឃើញ​»​។​
 
​លោក តូច ចាន់នី ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ជាមួយ​រដ្ឋាភិបាល ក្នុងការ​ដោះស្រាយ​បញ្ហា​លើ​កុមារ ព្រោះ​រដ្ឋាភិបាល​មិនអាច​ដោះស្រាយ​បញ្ហា​នេះ តែម្នាក់ឯង​បានទេ ។​ជាពិសេស​ពលរដ្ឋ​កម្ពុជា​ទាំងមូល​។​
 
​ក្នុង​ឆ្នាំ​២០១៦ ករណី​រំលោភ​លើ​កុមារ​មាន​ចំនួន​២០៥​ករណី ហើយ​បាន​ធ្លាក់​ចុះមក​១៤៧​ករណី ក្នុង​ឆ្នាំ​២០១៧​។ ប៉ុន្តែ​ចំនួន​ជនរងគ្រោះ​ដោយសារ​ការសម្លាប់ បាន​កើនឡើង​ពី​២១​ទៅ​២៤​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា និង​ក្រសួងមហាផ្ទៃ​កន្លងមក​។ 
 
​នៅក្នុង​តំបន់​អាស៊ី យ៉ាងហោចណាស់​មាន​កុមារ ៥០​ភាគរយ បាន​រងគ្រោះ​ពី​អំពើហិង្សា​កាលពី​ឆ្នាំមុន​។ នៅក្នុង​ពិភពលោក​យ៉ាងហោចណាស់​មាន​កុមារ ១​ពាន់​លាន​នាក់ បាន​រងគ្រោះ​ដោយ​អំពើហិង្សា​ពី​បុគ្គល​ដទៃ​នៅក្នុង​ច្រើន​ទម្រង់​ជា​រៀងរាល់ឆ្នាំ​។ នេះ​បើ​យើង​តាម​របាយការណ៍​របស់​អង្គការ​យូ​នី​សេ​ហ្វ​៕ 
 
 
 

Tag:
 អំ សំអាត
  លីកាដូ
 ​សង្គម​
© រក្សាសិទ្ធិដោយ thmeythmey.com