អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតីចិន​ប្រាប់អតីត​កល្យាណមិត្ត​តៃវ៉ាន់​៖ ប្រវត្តិសាស្ត្រ និង​ការពិត នឹង​បង្ហាញថា​ការ​ជ្រើស​យក​ចិន​ជា​ជម្រើស​ត្រឹមត្រូវ​បំផុត​
04, Nov 2018 , 6:59 pm        
រូបភាព
ដោយ:
​លោក​ប្រធានាធិបតី​សាធារណរដ្ឋ​ដូ​មី​និក ដា​នី​ឡូ មេ​ឌី​ណា (Danilo Medina) បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ចិន ដើម្បី​ជួបពិភាក្សា​ជាមួយនឹង​សម​ភាគី​ចិន លោក ស៊ី ជិន​ពីង លើ​កិច្ចសហប្រតិបត្តិការ នៃ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​រវាង​ប្រទេស​ទាំងពីរ​។ នេះ គឺជា​ជំនួប​ប្រវត្តិសាស្ត្រ​មួយ​របស់​អតីត​កល្យាណមិត្ត​តៃវ៉ាន់ ជាមួយនឹង​សណ្តាប់ធ្នាប់​ពិភពលោក​កំពុងតែ​រះ​ត្រដែត គឺ​ចិន​។​

 
​តាមរយៈ​ជំនួប​ផ្លូវការ​ទ្វេភាគី​ក្នុង​ក្រុង​ប៉េកាំង នៃ​អំឡុងពេល​បំពេញ​ទស្សន​កិច្ចការ​ផ្លូវការ​របស់លោក​ប្រធានាធិបតី  ដា​នី​ឡូ មេ​ឌី​ណា នៅ​ថ្ងៃទី​២ វិច្ឆិកា លោក​ប្រធានាធិបតី ស៊ី ជិន​ពីង បាន​សន្យា​ជួយ​លើកកម្ពស់​ការអភិវឌ្ឍ​របស់​សាធារណ​ដូ​មី​និក​ឲ្យ​កាន់តែ​ល្អប្រសើរ ខណៈ​ប្រទេស​ទាំងពីរ ទើបតែ​បាន​កសាង​ទំនាក់ទំនង​ការទូត​ផ្លូវការ​រយៈពេល​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Xinhua​។ 
 
​លោក​ប្រធានាធិបតី ស៊ី បាន​លើកឡើងថា ទោះបីជា​ចិន និង​សាធារណរដ្ឋ​ដូ​មី​និក ទើបតែ​បង្កើត​ទំនាក់ទំនង​ផ្លូវការ​ថ្មីៗ​នេះ​ក៏ដោយ បេះដូង​នៃ​ប្រទេស​ទាំងពីរ បាន​ផ្សារភ្ជាប់​ជាមួយគ្នា​យូរណាស់​មកហើយ​។ លោក បន្តថា ការសម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី ដា​នី​ឡូ ក្នុងការ​បង្កើត​ចំណង​ការទូត​ជាមួយនឹង​ចិន បានធ្វើ​ឲ្យ​ប្រជាជាតិ​សាធារណរដ្ឋ​ដូ​មី​និក​មាន​មិត្តភក្តិ​ជា​ជនជាតិ ១.៣ ពាន់​លាន​នាក់ បន្ថែមទៀត​។ 
 
​លោក ស៊ី បានបង្ហាញ​ពី​ឆន្ទៈ​របស់​ចិន​ក្នុងការ​ធ្វើការ​ជាមួយនឹង​សាធារណរដ្ឋ​ដូ​មី​និក​ជំរុញ​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​, ប្រែក្លាយ​ចក្ខុវិស័យ​ល្អ និង​វែងឆ្ងាយ​របស់​ប្រទេស​ទាំងពីរ​ឲ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង និង​ជាពិសេស​នោះ នាំ​ផលប្រយោជន៍​ជាច្រើន​ជូន​ប្រជាជន​សាធារណរដ្ឋ​ដូ​មី​និក​តែម្តង​។ « ប្រវត្តិសាស្ត្រ និង​ការពិត នឹង​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា ការសម្រេចចិត្ត​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន និង​សាធារណរដ្ឋ​ដូ​មី​និក គឺជា​ជម្រើស​ត្រឹមត្រូវ​បំផុត​»​។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​។ 
 
​សូម​រម្លឹក​បន្តិច​ថា​សាធារណរដ្ឋ​ដូ​មី​និក បាន​បង្កើត​ទំនាក់ទំនង​ផ្លូវការ​ជាមួយនឹង​កោះ​តៃវ៉ាន់​តាំងពី​ឆ្នាំ​១៩៤៤​មកម្ល៉េះ ។ ភាគី​ទាំងពីរ បាន​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​គ្នាច្រើន​ទសវត្សរ៍​មកហើយ ទើបតែ​ដល់​ថ្ងៃ​៣០ ខែមេសា ឆ្នាំ​២០១៨ កន្លងទៅ រដ្ឋាភិបាល​សាធារណរដ្ឋ​ដូ​មី​និក បានប្រកាស ចាក​ចេញពី​តៃវ៉ាន់ ។ ការដើរ​ចេញពី​ទំនាក់ទំនង​ជាមួយនឹង​តៃវ៉ាន់​របស់​សាធារណរដ្ឋ​ដូ​មី​និក ត្រូវបាន​តៃវ៉ាន់ ចោទប្រកាន់ថា ផ្តើមឡើង​ពី​ឥទ្ធិពល​លុយ​របស់​ចិន​សុទ្ធសាធ​៕ 

Tag:
 ចិន​
  សាធារណរដ្ឋ​ដូ​មី​និក
© រក្សាសិទ្ធិដោយ thmeythmey.com