ប៉េកាំង៖ បន្ទាប់ពីបានជជែកគ្នាអំពីតួនាទីអ្នកកាសែតនៅក្នុងវេទិកាប្រចាំឆ្នាំនៅខេត្តហៃណាន់ អ្នកកាសែតជាង១០០នាក់បានជួបពិភាក្សាជាមួយលោក ហុ័ង គុនមីង (Huang Kunming) ប្រធានផ្នែកផ្សព្វផ្សាយរបស់គណៈកម្មាធិការមជ្ឈឹមបក្សនៃបក្សកុម្មុយនីស្តចិន និងជាសមាជិកនៃការិយាល័យនយោបាយរបស់បក្សកុម្មុយនីស្តចិននៅទីក្រុងប៉េកាំងផងដែរ។ មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិនបានអរគុណដល់អ្នកកាសែតដែលបានផ្សព្វផ្សាយអំពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី ដែលលោកប្រធានាធិបតីចិន ស៊ី ជិនភីង បានប្រកាសកាលពីឆ្នាំ២០១៣។
នៅចំពោះមុខអ្នកកាសែតប្រមាណ១៥០នាក់មកពីប្រទេស និងស្ថាប័នអន្តរជាតិដែលពាក់ព័ន្ធគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី (Belt and Road Initiative) លោក ហុ័ង គុនមីង បានសរសើរផង និងអរគុណអ្នកកាសែតផង ដែលបានជួយជ្រោមជ្រែងផ្សព្វផ្សាយគំនិតផ្តួចផ្តើមនេះរយៈពេល៥ឆ្នាំកន្លងមក។
«គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី» ដែលមានគោលដៅចងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ ត្រូវបានប្រកាសឡើងដោយលោកប្រធានាធិបតីចិន ស៊ី ជិនភីង កាលពីខែកញ្ញាឆ្នាំ២០១៣ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេស កាហ្សាស្ថាន។
ក្នុងជំនួបជាមួយអ្នកកាសែតបរទេសដែលត្រូវបានរៀបចំដូចរៀងរាល់ឆ្នាំនៅ Great Hall of the People ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការមជ្ឈឹមបក្សនៃបក្សកុម្មុយនីស្តចិនបានស្នើសុំឲ្យមានសហប្រតិបត្តិការបន្ថែមទៀតពីសារព័ត៌មានដើម្បីពន្យល់ និងអប់រំអំពីមនោគមវិជ្ជាពិតប្រាកដនៃគំនិតរបស់លោកប្រធានាធិបតី ស៊ី ជិនភីង តាមរយៈផែនការខ្សែក្រវ៉ាត់ និងវិថីនេះ។
មន្ត្រីដ៏ជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិន លោក ហុ័ង គុនមីង ដែលគេស្គាល់ថាជាមនុស្សស្និទ្ធនឹងលោកប្រធានាធិបតី ស៊ី ជិនភីង ម្នាក់នោះបានពន្យល់ប្រាប់អ្នកកាសែតបរទេសយ៉ាងដូច្នេះថា៖«គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី មានគោលដៅបង្កើតកិច្ចសហការនៃសហគមន៍អន្តរជាតិមួយ និងផ្តល់កាលានុវត្តភាពនៃការអភិវឌ្ឍរួមគ្នា ដោះស្រាយបញ្ហារួមគ្នា។ ដោយមិនភ្លេចពីការចូលរួមចំណែករបស់អ្នកសារព័ត៌មាន លោក គុនមីង បន្តទៀតថា៖«គំនិតផ្តួចផ្តើមនេះគឺជាបណ្តុំនៃសមាសធាតុទាំងអស់ដែលបានចូលរួមចំណែក ហើយនឹងទទួលផលប្រយោជន៍ទាំងអស់គ្នា»។
លោក ហុ័ង គុនមីង បញ្ជាក់ផងដែរថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី ត្រូវបានប្រែក្លាយពីទ្រឹស្តីមកជាសកម្មភាពជាក់ស្តែង ដោយបច្ចុប្បន្នមានមានប្រទេស និងស្ថាប័នអន្តរជាតិជាង១០០ហើយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃគំនិតផ្តួចផ្តើមនេះ។
ទន្ទឹមនឹងការផ្សព្វផ្សាយអំពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី (Belt and Road Initiative) វេទិកាកិច្ចសហប្រតិបត្តិការសារព័ត៌មានប្រចាំឆ្នាំត្រូវបានរៀបចំដោយសារព័ត៌មានរបស់បក្សកម្មុយនីស្តចិត្តរបស់មានឥទ្ធិពលឈ្មោះ People’s Daily ក្រោមប្រធានបទផ្សេងៗគ្នា។ រៀងរាល់ឆ្នាំ អ្នកកាសែតជាង១០០នាក់មកពីបណ្តាប្រទេសដែលពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះ ត្រូវបានអញ្ជើញឲ្យមកចូលរួមជជែកពិភាក្សាលើប្រធានបទនានាស្តីពីសារព័ត៌មាន និងគំនិតផ្តួចផ្តើមនេះ។ ទន្ទឹមគ្នានោះវេទិកាសារព័ត៌មាន១០ បូក៣ ក៏ត្រូវបានរៀបចំជាមួយគ្នាផងដែរ។
នៅឆ្នាំ២០១៨នេះ អ្នកកាសែតខ្មែរ៦រូបមកពីអង្គភាពសារព័ត៌មានថ្មីៗ ដើមអម្ពិល និងទីភ្នាក់ងារព័ត៌មានកម្ពុជា បានចូលរួមក្នុងវេទិកាអន្តរជាតិនេះ៕