ជាតិ
សិស្ស​វិទ្យាល័យ ៣​រូប​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​ប្រទេស​សិង្ហ​បុរី​
04, Nov 2018 , 5:38 pm        
រូបភាព
​ភ្នំពេញ​៖ សិស្ស​វិទ្យាល័យ​ចំនួន​៣​រូប បានទទួល​អាហារូបករណ៍ Asean Scholarships ទៅ​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី​រយៈពេល​៤​ឆ្នាំ​។

 
​ក្នុងចំណោម​សិស្ស​កម្ពុជា ២៥​នាក់ ដែល​បាន​ចូលរួម​ប្រលង​អាហារូបករណ៍ Asean Scholarships មានតែ​៣​នាក់​ប៉ុណ្ណោះ ដែល​បាន​ប្រឡង​ជាប់​ទៅ​សិក្សា​ទៅ​ប្រទេស​សិង្ហ​បុរី​។ អ្នក​ទាំង​៣​នាក់​នោះ​មានឈ្មោះ ដូចជា សិស្ស អ៊ឹង កុក​ឃាំង សិក្សា​នៅ​វិទ្យាល័យ​ព្រះមុនីវង្ស ខេត្តបាត់ដំបង​, ប៊ិ សុ​ឌី​ណា រៀន​នៅ វិទ្យាល័យ​អូរ​អំបិល ក្នុង​ខេត្តបន្ទាយមានជ័យ និង​ចុងក្រោយ សុ​គុណ ធីតា​ភា រៀន​នៅ​សាលា​ឯកជន​វ៉េ​ស្ទ​ឡា​ញន៍​។ 
 
​ទើបតែ​អាយុ​១៦​ឆ្នាំ អ៊ឹង កុក​ឃាំង រៀន​ថ្នាក់​ទី​១០ ព្រះ​មុនិ​វង្ស ក្នុង​ខេត្តបាត់ដំបង ដែល​បាន​ប្រឡង​ជាប់​អាហារូបករណ៍ បាន​ឲ្យ​ដឹងថា ការប្រលង​មាន​៤​ដំណាក់កាល ដែល​ផ្តោតលើ​ផ្នែក​គណិតវិទ្យា ភាសា​អង់គ្លេស ចំណេះដឹង​ទូទៅ និង​ចុងក្រោយ​សម្ភាស​។ 
 
​ម្ចាស់​ជ័យលាភី​ទាំង​៣ បាន​សង្កត់ធ្ងន់ថា ការទទួលបាន​អាហារូបករណ៍ មិន​ត្រឹមតែ​ទាមទារ​ឲ្យ​រៀន​ពូកែ​នោះទេ​។ ប៉ុន្តែ​សិស្ស​ទាំងអស់​ត្រូវមាន​ភា​ព​ជា​គំរូ​ក្នុង​ថ្នាក់ គោរព​ពេលវេលា និង​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ក្នុងសង្គម​ទៀតផង​។ សកម្មភាព​ទាំងនេះ​នឹង​ជួយផ្ដល់​ទំនុកចិត្ត​ដល់​ម្ចាស់​អាហារូបករណ៍ ជឿទុកចិត្ត​ក្នុងការ​ផ្ដល់​អាហារូបករណ៍​ផងដែរ​។ 
 
​លោក Michael Tan  ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សឹង្ហ​បូរី​ប្រចាំ​កម្ពុជា បាន​និយាយថា សិង្ហ​បុរី​បានផ្ដល់​អាហារូបករណ៍​ជាច្រើន សម្រាប់​ជួយ​ពង្រឹងសមត្ថភាព​ដល់​សិស្ស និស្សិត​កម្ពុជា​។ 
 
​ថ្លែងប្រាប់​ព័ត៌មាន​ថ្មីៗ​លោក Michael និយាយថា​៖« ជា​រៀងរាល់ឆ្នាំ​ខ្ញុំ​កត់​ស​ម្កាល់​ឃើញថា ចំនួន​សិស្ស​កម្ពុជា​ដែល​ជាប់​អាហារូបករណ៍​មានការ​កើនឡើង ជាពិសេស​ឆ្នាំនេះ គឺ​ការអភិវឌ្ឍន៍​មាន​ភាពជា​វិជ្ជមាន មិន​ត្រឹមតែ​សិស្ស​ក្នុង​ទីប្រជុំជន​ទេ​ដែល​អាច​ប្រឡង​ជាប់ ឃើញថា​មាន​សិស្ស​ពីរ​នាក់​មកពី​ខេត្ត​ដាច់ស្រយាល​ក៏​ជាប់​អាហារូបករណ៍​នេះដែរ ម្នាក់​មកពី​បន្ទាយមានជ័យ និង​ម្នាក់ទៀត​មកពី​ខេត្តបាត់ដំបង ពួកគេ​មកពី​សាលា​រដ្ឋ មិនមែន​មកពី​សាលា​ឯកជន​ទេ​»​។ 
 
​លទ្ធផល​ទាំងនេះ កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ដែល​បាន​កំណែទម្រង់ និង​ពង្រឹងគុណភាព​អប់រំ​កាន់តែ​ល្អប្រសើរ​។ នេះ​ជាការ​លើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​។​
 
​បច្ចុប្បន្ន​មាន​សិស្ស​កម្ពុជា​ចំនួន​៤៩​នាក់​បាន​ជាប់​អាហារូបករណ៍រ Asean Scholarships របស់​ប្រ​ទេ​សិង្ហ​បុរី​នេះ​។ ការប្រលង​អាហារូបករណ៍​នេះ​មានការ​លំបាក និង​មានការ​ប្រ​គួ​ត​ប្រជែង​ខ្លាំង​។ លោក យក់ ង៉ុ​យ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា រំពឹងថា សិស្ស និស្សិត​កម្ពុជា​នឹង​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​បរទេស ។​
 
​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​រូបនេះ លើកឡើងថា​៖ « ការ​ការប្រឡង​ទាំងអស់​គឺធ្វើឡើង​ដោយ​សិង្ហ​បុរី​ផ្ទា​ស់ យើង​មិនដឹង​ទេ គេ​ជា​អ្នកធ្វើ​ទាំងអស់​។ កាលណា​យើង​បាន​ចេញទៅ​រៀន​ខាងក្រៅ​កាន់តែច្រើន គឺ​កាន់តែ​ល្អ និស្សិត​យើង​ពង្រិច​បាន​ទៅ​ចំណេះដឹង ក្នុងសម័យ សកលភាវូបណីយកម្ម​ស​ត្ស​វ​តទី​២១ បច្ចេកវិទ្យា​ទំនើប ដែល​អាចជួយ​ស្រុក​យើង​បាន​កាន់តែ​ទូលំទូលាយ​»​។ 
 
Asean Scholarships ជា​អាហារូបករណ៍​សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​សិង្ហ​បុរី​។ សិស្ស​ដែលជា​ប់​អាហារូបករណ៍​នេះ​នឹង​ទទួល​ការអភិវឌ្ឍន៍​ជំនាញ​សំខាន់ៗ​ដូចជា ភាពជា​អ្នកដឹកនាំ ទំនាក់ទំនង និង​បំ​ណិ​ន​ជីវិត​ស្ដងដារ​ប្រទេស​សិង្ហ​បុរី ក្នុង​រយៈពេល​៤​ឆ្នាំ​៕ 
 
 
 

Tag:
 អាហារូបករណ៍​
 ​សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com