សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាម និងបារាំងប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងទ្វេភាគី
× នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និង លោក Eddie Phillip នាយករដ្ឋមន្ត្រីបារាំងបានអះអាងរួមគ្នានូវការប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាមនិងបារាំង។ ការលើកឡើងនេះធ្វើឡើងក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីបារាំង នៅទីក្រុងហាណូយកាលពីថ្ងៃទី ២ វិច្ឆិកានេះ។
ភាគីទាំងពីរបានព្រមព្រៀងពង្រឹងទស្សនកិច្ចផ្លូវរដ្ឋនៃប្រទេសទាំងពីរឲ្យកាន់តែច្រើនថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗដូចជា នយោបាយ សេដ្ឋកិច្ច ការពារជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងការអបរំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម។
លោក Eddie Phillip នាយករដ្ឋមន្ត្រីបារាំង បានលើកឡើងថា បារាំងគាំទ្រលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងរៀតណាម និង សហភាពអឺរ៉ុប។ នេះជាការប្ដេជ្ញាចិត្តរបស់បារាំងក្នុងការរក្សាកិច្ចសហប្រតិបត្តិការជាមួយរៀតណាមនៅថ្ងៃអនាគត។
ក្នុងដំណើរទស្សនៈកិច្ចនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើវិស័យដូចជា វគ្គបណ្តុះបណ្ដាល, សេវាសុខភាព, ការការពារបរិស្ថាន, ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធក្រុង, ថាមពល, អាកាសចរណ៍ និងកិច្ចព្រមព្រៀងទិញយន្តហោះក្នុងទំហំទឹកប្រាក់ ៦,៥ ពាន់លានដុល្លារ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air៕
© រក្សាសិទ្ធិដោយ thmeythmey.com