ជាតិ
អាមេរិកផ្ដល់ជំនួយផ្នែកវប្បធម៌ ២០ម៉ឺនដុល្លាដល់កម្ពុជា សម្រាប់ការអភិរក្សប្រាសាទបុរាណ
× ភ្នំពេញ៖ ស្ថានទូតអាមេរិក និងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចំនួនពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងភាគីទាំងពីរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
កិច្ចព្រមព្រៀងទាំងពីររួមមាន ការដាក់កម្រិតហាមប្រាណនូវការនាំចូលប្រភេទវត្ថុបុរាណរបស់កម្ពុជា ក្នុងរយៈពេលឆ្នាំ៥ (២០១៨ ដល់ ២០២៣) និង ការអភិរក្សជណ្ដើរបុរាណផ្នែកខាងជើងរបស់ប្រាសាទព្រះវិហារ ក្នុងថវិកាចំនួន ២០ម៉ឺនដុល្លារ ដល់អាជ្ញាធរជាតិព្រះវិហារ។
សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា អនុស្សារណៈនៃការយោគយល់នេះ មានបំណងកាត់បន្ថយគំនិតអវិជ្ជមានរបស់ជនទុច្ចរិត ដែលចង់លួចប្លន់ប្រភេទវត្ថុបុរាណ តំណាងឲ្យកេរដំណែលវប្បធម៌ដ៏មានតម្លៃនិងសម្បូរបែបរបស់កម្ពុជា ដែលមានតម្លៃមិនអាចរកអ្វីជំនួសបាន។
«ដោយអនុលោមទៅតាមច្បាប់របស់ខ្លួន រួមមានអនុសញ្ញាស្តីពីច្បាប់អនុវត្តលើសម្បត្តិវប្បធម៌ រដ្ឋាភិបាលអាមេរិកនឹងធ្វើការរិតត្បិតលើការនាំចូលនូវវត្ថុបុរាណមួយចំនួន គិតចាប់ពីយុគសម័យសំរឹទ្ធ(ឆ្នាំ១៥០០មុនគ្រិស្តសករាជ) ដល់ យុគសម័យខ្មែរ (ឆ្នាំ១៦០០ ក្រោយគ្រិស្តសករាជ) ដែលមានប្រភេទថ្ម លោហធាតុ កុលាលភាជន៍ កែវ និងឆ្អឹងមួយចំនួន ដែលត្រូវបានកំណត់ភិនភាគដោយរដ្ឋាភិបាលអាមេរិក ល្គឹកណារដ្ឋាភិបាលកម្ពុជា ចេញអាជ្ញាបណ្ណមួយបញ្ជាក់ថា ការនាំចេញបែបនេះ មិនរំលោភទៅលើច្បាប់របស់ខ្លួនទេ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកវប្បធម៌រវាងប្រទេសទាំងពីរ នឹងប្រាព្ធធ្វើនៅថ្ងៃទី៦ ខែ វិច្ចិកា នៅសារមន្ទីរជាតិកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com