រថយន្ត
អន្តរជាតិ
Google Maps សហការ​ផ្តល់ព័ត៌មាន​លំអិត​ទាក់ទង​នឹង​ស្ថានីយ៍​បញ្ចូល​ចរន្ត​រថយន្ត​អគ្គិសនី​
05, Nov 2018 , 6:59 pm        
រូបភាព
ស្ថានីយបញ្ចូលចរន្តរថយន្តអគ្គិសនីនៅចិន។ ថតដោយ អ៊ឹង ចំរើន
ស្ថានីយបញ្ចូលចរន្តរថយន្តអគ្គិសនីនៅចិន។ ថតដោយ អ៊ឹង ចំរើន
ដោយ: ធីតា
​ការស្វែងរក​ទីតាំង​ស្ថានីយ៍​បញ្ចូល​ចរន្ត​រថយន្ត​អគ្គិសនី (EV Chargers) នៅតាម​បណ្តា​ប្រទេស​ធំៗ ទំនងជា​លែងមាន​ភាពស្មុគស្មាញ​ទៀតហើយ​។ ជាទូទៅ អ្នកបើករថយន្ត​អគ្គិសនី ប្រើប្រាស់​ប្រព័ន្ធ Infotainment System ដើម្បី​ស្វែងរក​ស្ថានីយ៍​សាក​ចរន្ត ប៉ុន្តែ​ព័ត៌មាន​មិនត្រូវ​បានបង្ហាញ​គ្រប់​ជ្រុងជ្រោយ​ដូចជា Google Maps នោះឡើយ​។

 
​ក្រុមហ៊ុន Google កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានប្រកាស​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ក្នុងការ​ដាក់បញ្ចូល​ស្ថានីយ៍ EV Chargers ទៅក្នុង Google Maps​។ អ្នកប្រើប្រាស់​គ្រាន់តែ​ស្រាវជ្រាវ ដោយ​វាយ​ពាក្យ «EV Charging» ឬ «EV Charging Stations» ប៉ុណ្ណោះ ពួកគេ​នឹង​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ទាក់ទង​នឹង​ស្ថានីយ៍​នីមួយៗ​។​
 
​ជាមួយគ្នានេះ​ផងដែរ អ្នកប្រើប្រាស់​ក៏​អាច​ផ្តល់ព័ត៌មាន​របស់ខ្លួន​ផងដែរ ដោយ​ពួកគេ​អាច​បញ្ចូល​រូបថត​របស់ខ្លួន និង​ផ្តល់​ការវាយតម្លៃ​លើ​គុណភាព​នៃ​ស្ថានីយ៍​បញ្ចូល​ចរន្ត​នីមួយៗ ។ ករណីនេះ នឹង​ជួយ​ដល់​អ្នកប្រើប្រាស់​អាច​ដឹង​ពី​ស្ថានភាព​នៃ​ទីតាំង​នានា ដូចជា​កន្លែង​ខ្លះ​មិន​ដំណើរការ ដូច្នេះ​អ្នកប្រើប្រាស់​អាច​ស្វែងរក​ទីតាំង​ផ្សេង​ដែល​នោះ​ក្បែរ​នោះ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ មកដល់ពេលនេះ Google Maps មិនទាន់​អាច​ផ្តល់ព័ត៌មាន​គ្រប់​ស្ថានីយ៍​នោះឡើយ ប៉ុន្តែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ មាន​កិច្ចសហប្រតិបត្តិការ​ពិសេស​ជាមួយ​ក្រុមហ៊ុន Tesla និង ChargePoint ក្នុង​ក្របខណ្ឌ​ទូទាំង​ពិភពលោក​។​
 
​នៅ​សហរដ្ឋអាមេរិក Google សហការ​ជាមួយ Blink, EVgo និង SemaConnect ជាដើម រីឯ​នៅ​ចក្រភព​អង់គ្លេស មាន Chargemaster និង Pod Point ជា​ដៃគូ​៕



© រក្សាសិទ្ធិដោយ thmeythmey.com