ជាតិ
រថយន្ត
សង្គមជាតិ
នាយក​អង្គការ​ស៊ី​ប៉ា​៖ «​យុទ្ធនា​ការបើកបរ​ដោយ​សុវត្ថិភាព​» ដើម្បី​ឲ្យ​ពលរដ្ឋ​ប្ដូរ​ឥរិយាបទ​បើកបរ
05, Nov 2018 , 8:19 pm        
រូបភាព
 លោក ហុក  សុទ្ធិ នាយកអង្គការស៊ីប៉ា
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា
ដោយ:
​ភ្នំពេញ​៖ អង្គការ​ស៊ី​ប៉ា រៀបចំ​យុទ្ធនា​ការបើកបរ​ដោយ​សុវត្ថិភាព  ក្នុង​គោលបំណង​ផ្សព្វផ្សាយ​សុវត្ថិភាព​ផ្លូវគោក ដល់​សាធារណជន​ឲ្យ​គោរព​ច្បាប់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ យុទ្ធនា​ការបើកបរ​ដោយ​សុវត្ថិភាព​លើក​ទី​២​នេះ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

 
​លោក ហុក  សុទ្ធិ នាយក​អង្គការ​ស៊ី​ប៉ា បាន​និយាយថា គ្រោះថ្នាក់​ចរាចរណ៍ ពិតជា​រឿង​ដ៏​សាហាវ​ជាង​គ្រោះថ្នាក់​ដោយសារ​មីន និង​ជំងឺអេដស៍​ទៀត ព្រោះតែ​មនុស្ស​មិន​គោរព​ច្បាប់​ចរាចរណ៍ និង​មិន​គោរព​សិទ្ធិ ឬ​ចេះ​អធ្យាស្រ័យ​គ្នា​ក្នុងការ​បើកបរ​។ លោក ហុក សុទ្ធិ បាន​និយាយថា មូលហេតុ​រៀបចំ​យុទ្ធនា​ការបើកបរ​ដោយ​សុវត្ថិភាព​នេះ ដើម្បី​ដាស់តឿន​ទៅ​ពលរដ្ឋ​បើកបរ​ដោយ​ពាក់មួក​សុវត្ថិភាព ហើយ​កុំ​ប្រើ​ល្បឿន​ហួសកំណត់ និង​ចៀសវាង​ការ​ប្រជែង​គ្នា ។ 
 
«​មូលហេតុ​ដែល​យើង​អប់រំ​កុមារ​ពី​សុវត្ថិភាព​ចរាចរណ៍​នេះ យើង​សង្កេតឃើញថា កុមារ​ងាយ​នឹង​ទទួលបាន​ចំណេះដឹង​ឆាប់រហ័ស និង​មាន​ឥទ្ធិពល​ទៅ​ឪពុកម្តាយ​ឲ្យ​ភ្ញាក់រលឹក​ឡើងវិញ ពី​ការគោរព​ច្បាប់​ចរាចរណ៍​»​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​អង្គការ​ស៊ី​ប៉ា ។ 


 
​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោកស្រី មឹន មាណវី ជឿជាក់ថា យុទ្ធនាការ​៧​ថ្ងៃនេះ នឹង​អាច​បញ្ជ្រាប​សារ​ទាំងនេះ ទៅ​ពលរដ្ឋ​ឲ្យ​ផ្លាស់ប្តូរ​ឥរិយាបទ និង​គិតគូរ​ពី​សុវត្ថិភាព​ពេល​បើកបរ ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។ 
 
​ចាប់ពី​ឆ្នាំ​២០១៣ ដល់ ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា បានកើត​ឡើងដល់​ទៅជា​ង​២​ម៉ឺន​លើក ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាង​១​ម៉ឺន​នាក់ បាន​បាត់​បង់ជីវិត ។ ចំណែក​មនុស្ស​២,៧០០​នាក់ រងរបួស​ធ្ងន់ និង​មនុស្ស​ជាង​២,៥០០​នាក់ រងរបួស​ស្រាល​។ នេះ​បើតាម​របាយការណ៍​សង្ខេប​ស្តីពី​សមិទ្ធផល​សំខាន់ៗ​របស់​ក្រសួងមហាផ្ទៃ ក្នុង​រយៈពេល​៥​ឆ្នាំ​៕ 
 

Tag:
 ​រថយន្ត​
  គ្រោះថ្នាក់​ចរាចរណ៍​
 ​អង្គការ​ស៊ី​ប៉ា
© រក្សាសិទ្ធិដោយ thmeythmey.com