ជាតិ
ក្រសួងទេសចរណ៍ បង្កើត​ក្រុមការងារ​៥ ដើម្បី​ចុះជួយ​ខេត្ត​ព្រះសីហនុ ខណៈ​ក្រសួង​ពីរ​ទៀត កំពុង​តាមដាន​ស្ថានភាព​
05, Nov 2018 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
​ភ្នំពេញ​៖ បន្ទាប់​ក្រសួងមហាផ្ទៃ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​នៅ​តំបន់​ខេត្ត​ព្រះសីហនុ​នោះ ដល់​វេន​ក្រសួងទេសចរណ៍ ដែល​បាន​បង្កើត​ក្រុមការងារ​៥ ត្រៀម​ចុះជួយ​រៀបចំ​ខេត្ត​ទេសចរណ៍​មួយ​នេះ ឲ្យ​មាន​សោ​ភណ្ឌ​ភាព​។​


 
​មូលហេតុ​ដែល​ក្រសួងទេសចរណ៍ បង្កើត​ក្រុមការងារ​ទាំងនេះ ដើម្បី​ជួយ​ពង្រឹង​ដល់​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​តំបន់​នេះ ដោយ​ធ្វើយ៉ាងណា​ធានា​នូវ​ការ​អភិ​ឌ្ឍ​ប្រកបដោយ​និរន្តរភាព ស្របតាម​គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ​។​
 
​ក្រុមការងារ​ជំនាញ​ទាង​៥​ក្រុម ដែល​ក្រសួងទេសចរណ៍ បាន​បង្កើត​នេះ ត្រូវការ​ផ្ដោតលើ​ការរៀបចំ​ទីក្រុង​ស្អាត ទឹកស្អាត និង​ជំរុញ​ឲ្យ​មាន​ចលនា​ថែរក្សា​តំបន់ឆ្នេរ​ឲ្យ​បានល្អ ជាពិសេស​នៅ​ទីតាំង​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​ជាដើម​។
​ក្រុមការងារ​ជំនាញ​ទាំង ៥ រួមមាន​៖ ១- ក្រុមការងារ​ទាក់ទង​ទីក្រុង​ស្អាត​, ២- ក្រុមការងារ​ទាក់ទង​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​, ៣- ក្រុមការងារ​ទាក់ទង ការគ្រប់គ្រង​ឆ្នេរ​ស្អាត​, ៤- ក្រុមការងារ​ទាក់ទង​ការបណ្តុះបណ្តាល ធនធានមនុស្ស​ផ្នែក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​និង ៥- ក្រុមការងារ​ទាក់ទង​ការពិនិត្យ​កែសម្រួល រចនាសម្ព័ន្ធ​ចាត់តាំង​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្ត ការិយាល័យ​ទេសចរណ៍ កោះរ៉ុង កោះរ៉ុង​សន្លឹម​ជាដើម​។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​
 
​ទាក់ទង​នឹង​ខេត្ត​ព្រះសីហនុ​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង ក៏បាន​បញ្ជូន​មន្ត្រី​ជំនាញ​៤​អង្គភាព ចុះទៅ​ត្រួតពិនិត្យ និង​គាំទ្រ​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។ បញ្ហា​ដែល​សម្ដេច ស ខេង យល់ថា ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ គឺ​ការបង្ក្រាប​ករណី​បទល្មើស​សម្លាប់ ការប្រើប្រាស់​គ្រឿងញៀន រៀបចំ​បរិស្ថាន និង​អនាម័យ នៅ​តំបន់​ទេសចរណ៍ ខេត្ត​ព្រះសីហនុ​នេះ​។ ជាពិសេស​ការទប់ស្កាត់ កុំ​ឲ្យ​ទឹកសមុទ្រ​កម្ពុជា ដែល​កំពុង​ទាក់ទាញ​ទេសចរ​នេះ ប្រែក្លាយ​ទៅជា​កខ្វក់ ហើយ​ប្រើប្រាស់​លែង​បាន​។ 
 
​ចំណែក​បញ្ហា​ជនជាតិ​ចិន​រស់នៅ ហើយ​បង្ក​អនាធិបតេយ្យ​នៅ​ទីនោះ ក៏​ជា​រឿង​សំខាន់​ដែល​ក្រសួងមហាផ្ទៃ កំពុង​យកចិត្តទុកដាក់​ទប់ស្កាត់ និង​ដោះស្រាយ​ដែរ​។​
 
​ចំណែក​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ក៏បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​៦​ក្រុម ចុះទៅ​ត្រួតពិនិត្យ​សំណង់​អគារ​នៅ​ខេត្ត​ព្រះសីហនុ ក្រោយពី​សង្ស័យថា មាន​សំណង់​អគារ​វិនិយោគ​ច្រើន ដែល​សាងសង់​ខុសច្បាប់ ពោលគឺ​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​រៀបចំ​ដែនដី​។​
 
​ដោយសារតែ​រង​ការរិះគន់ និង​តាមដាន​លើ​បញ្ហា​សណ្ដាប់ធ្នាប់​នេះ អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន បាន​ក្រើនរំឭក​មន្ត្រី​នៅតាម​មន្ទីរ​អង្គភាព​ទាំងអស់ ឲ្យ​ខិតខំ​ពង្រឹង​ការងារ​តាម​តួនាទី​ភារកិច្ច​របស់ខ្លួន ឲ្យ​បានល្អ​ប្រសើរ​។ តាមរយៈ​ការពង្រឹង​សកម្មភាព​ការងារ​នេះ លោក យន្ត មីន ដាក់ចេញ​វិធានការ​៣​ចំណុច ឲ្យ​មន្ត្រី​ខ្លួន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ដោយ​ទី​១ ពង្រឹង​ការអនុវត្ត​ច្បាប់ ទី​២ ដោះស្រាយ​ទំនាស់​ដីធ្លី និង​ទី​៣ ពង្រឹង​ការងារ​បរិស្ថាន សណ្តាប់ធ្នាប់​សន្តិសុខ ។​
 
«​ដើម្បី​ឲ្យ​ស្រុក​ក្រុង​-​ខេត្ត​យើង​ស្អាត​មាន​របៀបរៀបរយ យើង​ពិតជា​មិនអាច​ខ្វះ​បានឡើយ​នូវ​ការចូលរួម​ពី​អ្នក​ទាំងអស់គ្នា​។ ពី​ពេលនេះ​តទៅ​ទោះ​អ្នកតូច ឬ​អ្នកធំ​ក៏ដោយ​បើ​បំពាន​ច្បាប់ ត្រូវតែ​ចាត់​វិធានការណ៍​តាមច្បាប់ ដោយ​គ្មាន​ការយោគយល់​ទៀតឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក យន្ត មីន​៕

Tag:
 ទេសចរណ៍​
  មហាផ្ទៃ​
 ​ខេត្ត​ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com