ជាតិ
សេដ្ឋកិច្ច
រ៉ែ​មាស​នៅ​អូរ​ខ្វាវ​ខេត្តមណ្ឌលគិរី នឹងត្រូវ​ទាញយក​នៅ​ឆ្នាំ​២០២០
06, Nov 2018 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមហ៊ុន Emerald Resources ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​រ៉ែ​មាស តំបន់​អូរ​ខ្វាវ ក្នុង​ខេត្តមណ្ឌលគិរី អាច​នឹង​ចាប់ផ្ដើម​ទាញយក​រ៉ែ​មាស​ជា​លើកដំបូង​នៅ​ដើមឆ្នាំ​២០២០ ខាងមុខនេះ​។ នេះ​បើតាម​យោង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។ 



Emerald Resources ដែល​ចុះបញ្ជី​នៅ​ផ្សារភាគហ៊ុន​អូស្ដ្រាលី​នេះ បានទទួល​អាជ្ញា​បណ្ណ​រុករក​រ៉ែ កាលពី​ខែកក្កដា​ឆ្នាំ​២០១៧​។ កាលពី​ចុង​សប្ដាហ៍​មុននេះ ក្រុមហ៊ុន​នេះ​បានប្រកាសថា​ប្រមូល​ទុន​បាន ២៧​លាន​ដុល្លារ​អូស្ដ្រាលី (​ប្រមាណ​ជាង ១៩​លាន​ដុល្លារ​អាមេរិក​) តាមរយៈ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ ដើម្បី​ជា​ប្រភព​ទុន​អភិវឌ្ឍន៍​អណ្ដូងរ៉ែ​មាស​នៅ​អូរ​ខ្វាវ​។​
 
​លោក យស មុនី​រ៉ាត់ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ត្រូវបាន​ស្រង់​សំដី​ដោយ​ការ​សែត​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​៥​ខែតុលា​ថា ក្រុមហ៊ុន​នេះ​ត្រូវបាន​រំពឹងថា​នឹង​ចាប់ផ្ដើម​ទាញយក​រ៉ែ​មាស​ជា​លើកដំបូង​នៅ​ដើមឆ្នាំ​២០២០​។ ទោះយ៉ាងណា​លោក យស មុនី​រ៉ាត់ មិនអាច​បញ្ជាក់​ពី​ទំហំ​ប្រាក់ចំណូល​ដែល​រដ្ឋាភិបាល​នឹង​ទទួលបាន​ពី​គម្រោង​នេះឡើយ​។​
 
​កាលពី​ខែឧសភា​ឆ្នាំ​២០១៧ ក្រុមហ៊ុន Emerald Resources បានចេញ​របាយការណ៍​សិក្សា​របស់ខ្លួន​ដែល​បង្ហាញថា ក​ម្រោ​ង​រ៉ែ​មាស​អូរ​ខ្វាវ អាច​ផលិត​មាស​បានជា​មធ្យម ១០៦០០០​អោន​ស៍ (​ជាង​៣០០០​គីឡូក្រាម​) ក្នុង​មួយឆ្នាំ​។ ក្រុមហ៊ុន​នេះ​វាយតម្លៃថា​ប្រតិបត្តិ​ការទាញយក​រ៉ែ​នេះ​នឹងមាន​រយៈពេល​៧​ឆ្នាំ និង​ប្រើ​ទុនវិនិយោគ ៩៨​លាន​ដ​ល្លារ​៕
 

Tag:
 រ៉ែ​មាស
 មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com