ភ្នំពេញ៖ មានវត្តមានតិចជាង២ឆ្នាំប៉ុណ្ណោះ ធនាគារអឺរ៉ុបតែមួយគត់នៃព្រះរាជាណាចក្រកម្ពុជា BRED Bank Cambodia ទទួលបានអតិថិជន ជិត២០០០នាក់ ដោយផ្តល់ប្រាក់កម្ចីជាលក្ខណៈបុគ្គល និងជាលក្ខណៈជំនួញក្រុមហ៊ុនប្រមាណជាជាង ១០០លានដុល្លារអាមេរិក។ អតិថិជន ៨០ភាគរយ ជាអ្នកជំនួញជនជាតិខ្មែរ។ សាខានៅក្នុង ខេត្តសៀម គឺជាសាខាទី២។ ប៉ុន្តែ មហិច្ឆិតារបស់ធនាគារ BRED Bank Cambodia មិនស្ថិតនៅត្រឹមហ្នឹងឡើយ។ BRED Bank Cambodia មួយនេះគ្រោងនឹងពង្រីកសាខារបស់ខ្លួនឲ្យបានចំនួន ១៥ សាខានៅត្រឹមឆ្នាំ២០២០ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ តើហេតុអ្វីបានជា BRED Bank Cambodia សម្រេចចិត្តមកប្រតិបត្តិការរកស៊ីនៅក្នុងប្រទេសកម្ពុជា? ហើយបន្ទាប់ពីខេត្ត សៀមរាប តើ BRED នឹងបើកសាខានៅក្នុងខេត្តណា?
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញអានបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មាន អេឡិចត្រូនិក ថ្មីៗ (Thmeythmey.com) និង លោក ហ្គីយូម ពែកដុង (Guillaume Perdon) នាយកប្រតិបត្តិនៃធនាគារ BRED Bank Cambodia ដូចតទៅ៖
លោក គី សុខលីម៖ ធនាគារ BRED Bank Cambodia របស់លោកបានចូលមកទីផ្សារកម្ពុជាអស់រយៈពេលជិត២ឆ្នាំមកហើយ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ លោកបានសម្រេចចិត្តបើកសាខាថ្មីមួយទៀតនៅក្នុងខេត្តសៀមរាប ទីក្រុងប្រាសាទ។ តើមូលហេតុអ្វី?
លោក ហ្គីយូម ពែកដុង (Guillaume Perdon)៖ ហេតុអ្វីសៀមរាប? វាមានមូលហេតុច្រើន។ ទីមួយ គឺថា មិនថា BRED នៅក្នុងប្រទេសបារាំង ឬនៅប្រទេសណាមួយឡើយ គ្រុប BRED មានបទពិសោធច្រើន ក្នុងការងារជួយគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម។ ដូចលោកស្គាល់ ខេត្តសៀមរាបច្បាស់ជាងខ្ញុំ ហើយថា សៀមរាប គឺជាខេត្តមួយ…
លោក គី សុខលីម៖ តើខេត្តសៀមរាបមានសហគ្រាសខ្នាតតូច និងមធ្យមច្រើន ឬ គ្រាន់តែជាខេត្តទេសចរណ៍ ដែលមិនសូវមានសហគ្រាសខ្នាតតូច និងមធ្យមច្រើននោះទេ?
លោក ហ្គីយូម ពែកដុង (Guillaume Perdon)៖ សម្រាប់ពួកយើង យើងបានសិក្សាឃើញថា ខេត្តសៀមរាប គឺជាទីផ្សារសំខាន់ដែលទាក់ទងជាពិសេសទៅនឹងវិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ជំនួញផ្សេងៗ សេវាកម្មទេសចរណ៍។ល។ យើងមានបទពិសោធនេះ នៅក្នុងប្រទេសផ្សេងៗ ជាពិសេស នៅប្រទេសឡាវ ក្នុងតំបន់ទេសចរណ៍ លួងប្រាបាង ដែលនៅទីនោះ យើងបានរៀបចំធ្វើសកម្មភាពដូចគ្នានេះដែរ។ យើងបានអភិវឌ្ឍជំនាញរបស់យើងបានយ៉ាងរឹងមាំ ក្នុងតំបន់ទេសចរណ៍មួយដែលមានមនុស្សមកទស្សនាយ៉ាងច្រើនកុះករ។ សៀមរាប គឺជាខេត្តមួយដែលធំជាងលួងប្រាបាង ទៅទៀត ហើយដែលទទួលភ្ញៀវទេសចរប្រមាណជា ៥លាននាក់ ក្នុងមួយឆ្នាំ។ សៀមរាប មានសណ្ឋាគារ និងផ្ទះសំណាក់ប្រមាណជា ៥០០ និងភោជនីយដ្ឋានប្រហែលជាជាង១ពាន់។ ដូច្នេះ វាស័ក្តិសមណាស់សម្រាប់ BRED ដែលជាធនាគារមួយមានប្រភពមកពីប្រទេសបារាំង ក្នុងការបើកសាខារបស់ខ្លួននៅទីនេះ។ ម្យ៉ាងទៀត ដូចលោកជ្រាបហើយថា ឧស្សាហកម្មទេសចរណ៍ ក៏ដូចជាការគ្រប់គ្រងសណ្ឋាគារ ឬភោជនីយដ្ឋាន គឺជាជំនាញមួយរបស់ជនជាតិបារាំងដែរ។
លោក គី សុខលីម៖ តាមអ្វីដែលខ្ញុំបានដឹង គឺថាក្នុងរយៈពេល២ឆ្នាំទៀត ពោល គឺរហូតដល់ឆ្នាំ២០២០ ធនាគារបស់លោកគ្រោងនឹងបើកសាខាឲ្យបានចំនួន១៥។ ដូច្នេះ បន្ទាប់ពីខេត្តសៀមរាបទៅ តើលោកគ្រោងនឹងបើកសាខានៅក្នុងខេត្តណា?
លោក ហ្គីយូម ពែកដុង (Guillaume Perdon)៖ សាខាថ្មីរបស់យើង បន្ទាប់ពីខេត្តសៀមរាប គឺនៅខេត្តបាត់ដំបង។
លោក គី សុខលីម៖ ហេតុអ្វីខេត្តបាត់ដំបងលោក?
លោក ហ្គីយូម ពែកដុង (Guillaume Perdon)៖ យើងបានធ្វើការជាមួយតួអង្គសំខាន់ៗជាច្រើននៅក្នុងវិស័យកសិកម្ម ជាពិសេស ស្រូវអង្ករ ហើយ បាត់ដំបង គឺជាទីក្រុងដែលយើងចង់បោះទីតាំងឲ្យកៀកអថិជន ដើម្បីបម្រើសេវាកម្មជូនពួកគេ ឲ្យកាន់តែមានប្រសិទ្ធិភាព។
លោក គី សុខលីម៖ ធនាគារ BRED ចូលមកដល់ទីផ្សារនៃប្រទេសកម្ពុជាទំនងជាយឺតជាងបណ្តាធនាគារដទៃទៀតបន្តិចដែលកំពុងប្រតិបត្តិរួចជាស្រេចហើយនៅក្នុងប្រទេសកម្ពុជា តើជាក់ស្តែង ធនាគាររបស់លោកមានឧបសគ្គក្នុងការប្រកួតប្រជែងដែរឬទេ?
លោក ហ្គីយូម ពែកដុង (Guillaume Perdon)៖ ជាការពិតណាស់ យើងមិនបានចូលមកទីផ្សារកម្ពុជាលឿនដូចធនាគារដទៃមែន។ គួរកត់សម្គាល់ថា មែនទែនទៅ គ្រុប BRED ទើបតែចាប់អភិវឌ្ឍសកម្មភាពអន្តរជាតិរបស់ខ្លួន ចាប់តាំងតែពីឆ្នាំ២០០៧ មកប៉ុណ្ណោះ ដែលក្នុងនោះ មាននៅទ្វីបអាហ្វ្រិកខាងកើត និងនៅក្នុងតំបន់ប៉ាស៊ីហ្វិក ហើយនៅឆ្នាំ២០០៩ BRED ក៏សម្រេចបើកការិយាល័យរបស់ខ្លួននៅក្នុងប្រទេសឡាវ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់មួយដែលមិនសូវមានគេស្គាល់ទាល់តែសោះរហូតមកដល់ពេលបច្ចុប្បន្ន។
លោក គី សុខលីម៖ ហេតុអ្វីបានជា BRED បើកការិយាល័យនៅក្នុងប្រទេសឡាវ មុនប្រទេសវៀតណាម និងប្រទេសកម្ពុជា?
លោក ហ្គីយូម ពែកដុង (Guillaume Perdon)៖ ហេតុអីប្រទេសឡាវមុន? ពីព្រោះថា ទី១ គឺ BRED មានឆន្ទៈវិនិយោគ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងតំបន់អាហ្វ្រិកខាងកើត និងតំបន់ប៉ាស៊ីហ្វិក។ ម្យ៉ាងទៀត នៅពេលនោះ មានសំណើសុំឲ្យបើកនៅប្រទេសឡាវ។ បន្ទាប់ពីប្រទេសឡាវ BRED ក៏បានចូលមកក្នុងប្រទេសកម្ពុជាតែម្តង។
លោក គី សុខលីម៖ នាពេលអនាគត ក្រោយពីទីផ្សារកម្ពុជា តើ BRED អាចនឹងបើកការិយាល័យរបស់ខ្លួន នៅប្រទេសវៀតណាម ឬក៏ប្រទេសថៃ ដែរឬទេ?
លោក ហ្គីយូម ពែកដុង (Guillaume Perdon)៖ ប្រហែលដែរ… ហើយយើងក៏ពិនិត្យមើលលទ្ធភាពបើកនៅក្នុងប្រទេសភូមាផងដែរ។
លោក គី សុខលីម៖ លោក ពែកដុង ខ្ញុំសុំត្រឡប់មកសំណួរខាងដើមរបស់ខ្ញុំវិញថា តើ BRED ប្រឈមនឹងការលំបាកក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារកម្ពុជាដែរឬទេ?
លោក ហ្គីយូម ពែកដុង (Guillaume Perdon)៖ ជាការពិត វាគឺជាទីផ្សារប្រកួតប្រជែងខ្លាំងមែនទែនជាមួយនឹងវត្តមានធនាគារពាណិជ្ជចំនួនជាង៥០ ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា។ តែទោះជាយ៉ាងណា កម្ពុជានៅតែជាទីផ្សារដែលមានកំណើនខ្លាំង។ កាលពីឆ្នាំ២០១៧ កន្លងមក អត្រាប្រាក់ឥណទានកើនឡើងប្រមាណជា១៩% ឬ២០% ហើយប្រាក់បញ្ញើមានកំណើនប្រមាណជាជាង២៥%។ ដូច្នេះ វានៅតែមានកន្លែងសម្រាប់ធនាគារថ្មីៗ ដើម្បីធ្វើការវិនិយោគ។ បញ្ហារបស់យើងកាលពីដំបូង នៅពេលដែលយើងមកតាំងទីនៅប្រទេសកម្ពុជានោះ គឺការកំណត់យុទ្ធសាស្ត្រដែលសមស្របទៅតាមប្រទេស។ នោះមានន័យថា យើងបានកំណត់យុទ្ធសាស្ត្ររបស់យើងខុសពីគេ ដោយយើងមិនបានយកយុទ្ធសាស្ត្រដដែលៗនៅកន្លែងផ្សេងមកអនុវត្តនៅលើទីផ្សារកម្ពុជាឡើយ។ ចំណុចសំខាន់ ហើយខុសពីគេរបស់យើង គឺគុណភាពសេវាកម្ម។
លោក គី សុខលីម៖ មានន័យដូចម្តេច «គុណភាពសេវាកម្ម»?
លោក ហ្គីយូម ពែកដុង (Guillaume Perdon)៖ ខ្ញុំអាចផ្តល់ឧទាហរណ៍ខ្លះ ជូនលោកបាន។ មុនពេលយើងបើកការិយាល័យនៅទីនេះ យើងក៏បានធ្វើការសិក្សា ទីផ្សារជាមួយអតិថិជននៃធនាគារដទៃទៀត និងជាមួយបុគ្គលទូទៅដែលមិនមែនជាអតិថិជននៃធនាគារណាមួយ។ តែត្រឡប់មកឆ្លើយទៅនឹងសំណួររបស់លោកថា តើអ្វីជាគុណភាពនៃសេវាកម្ម? ទីមួយ គឺយើងផ្តោតលើវត្តមាននៃធនាគាររបស់យើងដែលធ្វើយ៉ាងណាឲ្យធនាគារយើងកាន់តែខិតទៅជិតអតិថិជន។ ទីពីរ គឺសេវាកម្មលឿន។ យើងបានដាក់ឲ្យដំណើរការក្រុមការងារមួយក្រុម ដើម្បីទទួលបន្ទុកផ្តល់ ឬសិក្សាពីឥណទាន សម្រាប់ផ្តល់ជូនអតិថិជនជាបុគ្គល ឬជាសហគ្រាសខ្នាតតូច និងមធ្យម។ ក្រោយការសិក្សា ក្រុមការងារនោះ អាចផ្តល់ចម្លើយជូនអតិថិជនតែក្នុងរយៈពេលពី ១ ទៅ៣ថ្ងៃ ប៉ុណ្ណោះ។ ភាពយឺតយ៉ាវនៃពេលវេលា គឺជាកង្វល់របស់អតិថិជន។ ចំណុចមួយទៀត ដែលការសិក្សាយើងរកឃើញដែរនោះ គឺការត្អូញត្អែររបស់អតិថិជន ទាក់ទងទៅនឹងម៉ោងធ្វើការរបស់ធនាគារដែលកំពុងបើកដំណើរការនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក។ នៅពេលព្រឹក ពេលអតិថិជនទៅធ្វើការ ធនាគារនៅមិនទាន់បើកទ្វារ។ ពេលល្ងាច ពេលអតិថិជនត្រឡប់ពីការងារវិញ ធនាគារក៏បិទទ្វារ។ នេះមានន័យថា អតិថិជនអាចមកធនាគារតែពេលម៉ោងពិសារអាហារថ្ងៃត្រង់ប៉ុណ្ណោះ។ នេះជាការរំខានពេលវេលាអាហាររបស់ពួកគេ។ល។ ដោយយល់ពីការលំបាក គួបផ្សំនឹងបញ្ហាស្ទះចរាចរណ៍ ធនាគារយើងក៏បានសម្រេចបើកធ្វើការ ពីម៉ោង ៨ព្រឹក ដល់ ម៉ោង២០ល្ងាច (៨យប់) ជារៀងរាល់ថ្ងៃ ៧ថ្ងៃ ក្នុងមួយសប្តាហ៍។
លោក គី សុខលីម៖ ទោះបីជាថ្ងៃឈប់សម្រាកក៏ដោយ ក៏ BRED បើកធ្វើការដែរ មែនទេលោក?
លោក ហ្គីយូម ពែកដុង (Guillaume Perdon)៖ ធនាគារយើងបើកធ្វើការ នៅថ្ងៃបុណ្យជាតិមួយចំនួន។ ប៉ុន្តែ អត់គ្រប់បុណ្យជាតិទាំងអស់នោះទេ។ ការធ្វើយ៉ាងនេះ (ការបន្ថែមពេលវេលាបម្រើសេវាកម្ម) អនុញ្ញាតឲ្យអតិថិជនយើងអាចមកទទួលសេវាកម្មយើង ក្នុងពេលដែលធនាគារផ្សេងមិនអាចផ្តល់ជូនបាន ហើយម្យ៉ាងទៀត ពួកគេអាចរើសពេលវេលាណាដែលសមស្របសម្រាប់ពួកគេ ដើម្បីមកទទួលសេវាកម្មយើង អាចជាពេលចេញពីធ្វើការ ឬពេលដែលមិនសូវមានស្ទះចរាចរណ៍ជាដើម។
លោក គី សុខលីម៖ រហូតមកដល់ពេលនេះ តើធនាគាររបស់លោកកាន់កាប់ចំណែកទីផ្សារប៉ុន្មានភាគរយ បើប្រៀបធៀបទៅនឹងទីផ្សារធនាគារទាំងមូល?
លោក ហ្គីយូម ពែកដុង (Guillaume Perdon)៖ នាពេលបច្ចុប្បន្ននេះ ចំណែកទីផ្សាររបស់យើងនៅមានកម្រិតនៅឡើយ។ នេះជារឿងធម្មតានោះទេ ព្រោះថា ធនាគារយើងនៅក្មេងខ្ចីក្នុងទីផ្សារកម្ពុជា និងមិនទាន់មានបណ្តាញសាខាគ្រប់គ្រាន់នៅឡើយ។ តែមហិច្ឆិតារបស់យើងក្នុងរយៈពេលពី ៥ ទៅ ៧ឆ្នាំ ខាងមុខ យើងចង់កាន់កាប់ចំណែកទីផ្សារពី ៥% ទៅ៧%។ កាលពីឆ្នាំ២០១៧ កន្លងមក ទីផ្សារធនាគារសរុបទាំងឥណទាន និងបញ្ញើមានចំនួនប្រមាណជា ២០ពាន់លានដុល្លារអាមេរិក ចំណែកឥណទានធនាគារ BRED ទើបមានចំនួនប្រមាណជា ១០០លានដុល្លារអាមេរិកប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹងទីផ្សារទាំងមូល ចំណែកទីផ្សាររបស់យើងនៅមានកម្រិតទាបនៅឡើយ។
លោក គី សុខលីម៖ សំណួរចុងក្រោយរបស់ខ្ញុំ តើអត្រាការប្រាក់នៃធនាគាររបស់លោកយ៉ាងដូចម្តេចដែរ បើប្រៀបធៀបទៅនឹងធនាគារដទៃទៀត?
លោក ហ្គីយូម ពែកដុង (Guillaume Perdon)៖ អត្រាការប្រាក់ឥណទានរបស់យើង ស្ថិតនៅក្នុងកម្រិតប្រកួតប្រជែងល្អណាស់។ ទោះបីជាវាអាស្រ័យទៅតាមផលិតផលដែរ ក៏អត្រាឥណទាន ឬបញ្ញើ របស់យើងមានលក្ខណៈប្រកួតប្រជែងល្អណាស់ មិនថាសម្រាប់ឥណទានផ្ទះសម្បែង ឥណទានសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ឬសហគ្រាសធំៗ នោះទេ។
លោក គី សុខលីម៖ តើធនាគាររបស់លោកផ្តល់កម្ចីច្រើនទៅលើវិស័យអ្វីដែរ? វិស័យកសិកម្ម? សេវាកម្ម? ឧស្សាហកម្ម?
លោក ហ្គីយូម ពែកដុង (Guillaume Perdon)៖ តាមពិត យើងបានធ្វើពិពិធកម្មឥណទានរបស់យើងរួចទៅហើយ ទោះបីជាធនាគារយើងនៅក្មេងខ្ចីនៅលើទីផ្សារកម្ពុជាក៏ដោយ។ យើងបានផ្តល់ឥណទានរយៈពេលវែងជូនដល់វិស័យឧស្សាហកម្ម រីឯឥណទានរយៈពេលខ្លីបានផ្តល់ជូនដល់សហគ្រាសខ្នាតតូច និងមធ្យម។ យើងក៏បានផ្តល់កម្ចីផងដែរដល់អ្នកនាំចេញទំនិញកសិកម្ម។ តែទោះជាយ៉ាងណា គោលដៅ ឬទិសដៅនៃធនាគាររបស់យើង គឺពិពិធកម្មកម្ចីទៅលើវិស័យច្រើនប្រភេទផ្សេងគ្នា ពោលគឺចៀសវាងការផ្តល់ឥណទាន តែទៅលើវិស័យណាមួយប៉ុណ្ណោះ ដែលអាចប្រឈមនឹងហានិភ័យដោយប្រការណាមួយ៕