ជាតិ
នគរបាលជាតិ ត្រៀមកងកម្លាំងជាង២ម៉ឺននាក់ ការពារសន្តិសុខក្នុងពីធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
× ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំកម្លាំងមហាជន និងកងកម្លាំងប្រដាប់អាវុធជាង២ម៉ឺននាក់សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងថ្ងៃបុណ្យឯករាជ្យជាតិ។ នេះបើយោងតាមកិច្ចប្រជុំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាននិយាយថា កម្លាំងមហាជន និងកងកម្លាំងប្រដាប់អាវុធដែលចូលរួមនៅវិមានឯករាជ្យ នឹងមានចំនួន ១៣,៩៥០នាក់ និងនៅមុខព្រះបរមរាជវាំង មានចំនួន ១២,៣០០នាក់។
« នេះជាកិច្ចការដែលយើងត្រូវធានាចំពោះរាជរដ្ឋាភិបាល ដើម្បីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពអោយបានទាំងស្រុង»។ លោក នេត សាវឿន ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំ ផ្តោតទៅលើបញ្ហាប្រឈម និងសភាពការជាក់ស្តែង ក្នុងការធានាសុវត្ថិភាពឲ្យបាន១០០ភាគរយ។
គណៈកម្មការការពារសន្តិសុខ សណ្តាប់ធ្នាប់លោក ទូច ណារ៉ុថ បានបន្ថែមថា ក្រៅពីរៀបចំសណ្ដាប់ធ្នាប់ផ្លូវគោក ក៏មានការរៀបចំសន្តិសុខ និងសណ្ដាប់ធ្នាប់ តាមផ្លូវទឹក ដោយមិនអនុញ្ញាតឲ្យមានការឆ្លងកាត់នោះឡើយ ចាប់ពីម៉ោង៥ភ្លឺ រហូតទៅដល់ម៉ោង១២ថ្ងៃត្រង់ ដើម្បីទុកឲ្យពិធីមិទ្ទិញដំណើរការបានល្អ។
លោក ទូច ណារ៉ុថ ថា៖«ពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៥ ឆ្នាំនេះ គឺត្រូវយកចិត្តទុកដាក់បន្ថែមទៀត ចំនួនបីចំណុចគឺ ទី១.នៅវិមានឯករាជ្យ ទី២.នៅព្រះបរមរាជវាំង និងទី៣.នៅតាមដងផ្លូវ »។
បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា គឺការរំម្លឹកខួប៦៥ឆ្នាំ ដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីប្រទេសបារាំង ៕
© រក្សាសិទ្ធិដោយ thmeythmey.com