ជាតិ
លោក នួន ពុទ្ធា​រ៉ា ឡើងជា​អភិបាលក្រុង​សៀមរាប​ជំនួស​លោក សូរ ប្លា​តុង
07, Nov 2018 , 9:18 am        
រូបភាព
ខាងឆ្វេងលោក សូរ ប្លាតុង និងខាងស្ដាំដៃ លោក នួន ពុទ្ធារ៉ា ដែលត្រូវឡើងជាអភិបាលក្រុងសៀមរាបថ្មី
ខាងឆ្វេងលោក សូរ ប្លាតុង និងខាងស្ដាំដៃ លោក នួន ពុទ្ធារ៉ា ដែលត្រូវឡើងជាអភិបាលក្រុងសៀមរាបថ្មី
​សៀមរាប​៖ អភិបាលក្រុង​សៀមរាប ត្រូវបាន​ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​ហើយ ដោយ​ក្នុងនោះ លោក នួន ពុទ្ធា​រ៉ា ឡើងកាន់​តួនាទី​នេះ​ជំនួស​លោក សូរ ប្លា​តុង ដែលជា​អភិបាលក្រុង​ចាស់​។ លោក នួន ពុទ្ធា​រ៉ា ឡើង​ពី​នាយក​រដ្ឋបាល​ខេត្តសៀមរាប ទៅជា​អភិបាលក្រុង​សៀមរាប ឯ​លោក សូរ ប្លា​តុង ផ្លាស់ប្ដូរ​ទៅកាន់​តួនាទី​ជា​អភិបាលស្រុក​ប្រាសាទបាគង​វិញ​។ នេះ​បើ​យោងតាម​អនុក្រឹត្យ  លេខ ១០២៣ អនក្រតត របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី​២ វិច្ឆិកា​។​

 
​ក្នុងនោះដែរ លិខិត​ប្រកាស​តែងតាំង​មន្ត្រីរាជការ​ដាច់ដោយឡែក​មួយទៀត​របស់​ក្រសួងមហាផ្ទៃ ដែល​ចុះ​ថ្ងៃទី​៦ វិច្ឆិកា នាយករង​រដ្ឋបាលខេត្ត​សៀមរាប លោក សុខ ថុល ត្រូវបានតែងតាំង​ជា​នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប ជំនួស​តួនាទី​របស់លោក នួន ពុទ្ធា​រ៉ា ដែល​ត្រូវបានតែងតាំង​ជា​អភិបាលក្រុង​។ 
 
​គួររម្លឹកថា លោក សូរ ប្លា​តុង ចូលកាន់​តំណែង​ជា​អភិបាលក្រុង​សៀមរាប ជំនួស​លោក ទេព ប៊ុន​ឆាយ ក្នុង​រាជរដ្ឋាភិបាល​នីតិកាល​អាណត្តិ​ទី​៥​។ ក្នុងតួនាទី​ជា​អភិបាលក្រុង​សៀមរាប លោក សូរ ប្លា​តុង បាន​បន្សល់​នូវ​ស្នាដៃ​មួយចំនួន ដូចជា​រៀបចំ​ចំណត​នៅ​តំបន់​ផាប់​ស្ទ្រី​ត និង​សកម្មភាព​បរិស្ថាន​មួយចំនួន​។​ល​។ លោក សូរ ប្លាតុង បានឡើងកាន់តំណែងជាអភិបាលក្រុងសៀមរាប​ ត្រឹមមួយអាណត្តិដែលមានរយៈពេល៤ឆ្នាំតែប៉ុណ្ណោះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com