មាស ម៉ើ ត្រេកអរចំពោះការទទួលបានឱកាសឡើងឆាកប្រយុទ្ធអន្តរជាតិ ONE: HEART OF THE LION ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រទី៩ ខែវិច្ឆិកា អាទិត្យនេះ នៅសង្វៀន Singapore Indoor Stadium ប្រទេសសិង្ហបុរី។
កីឡាករឆ្នើមកម្ពុជាវ័យ ២៨ឆ្នាំរូបនេះ នឹងត្រូវចូលប្រយុទ្ធយ៉ាងតានតឹងក្នុងទ្រុងជាមួយអតីតជើងឯកពីរសាសន៍ឥណ្ឌូណេស៊ី-ហូឡង់ Anthony "The Archangel" Engelen ក្នុងការប្រកួតប្រភេទទម្ងន់ស្រាល។ នៅមុនជំនួបនេះ មាស ម៉ើ ពិតជាចង់បានកម្លាំងចិត្តយ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រសិល្បៈក្បាច់គុនខ្មែរ។
គូប្រកួតក្នុងថ្ងៃសុក្រនេះ ចម្រុះទៅដោយជើងខ្លាំងដែលត្រៀមបង្អួតសមត្ថភាពរៀងៗខ្លួន។ មាស ម៉ើ និង Engelen នឹងឡើងប្រកួតគូចុងក្រោយនៃកម្មវិធី ដូច្នេះវាជាឱកាសល្អដើម្បីឲ្យគូរនេះបង្ហាញពីទេពកោសល្យទៅអោយទស្សនិកជនរាប់លាននាក់នៅជុំវិញពិភពលោកបានឃើញ។
មាស ម៉ើ មិនហ៊ានមើលស្រាលជើងខ្លាំង Engelen នោះទេ ដោយខ្លួនដឹងថា ត្រូវតែបង្ហាញសមត្ថភាពឲ្យអស់ពីដើម្បីដណ្តើមជ័យជម្នះពី ONE Championship ជាលើកទី៣។ គេជាកីឡាករតែម្នាក់គត់ដែលតំណាងឲ្យកម្ពុជា បន្ទាប់ពីការប្រកួតរបស់ ចាន់ រតនា មកពីក្លឹបហ្វឹកហាត់សិល្បៈ ត្រូវបានលុបចោល។
មាស ម៉ើ បានបង្ហើបឲ្យដឹងថា៖ «លើកនេះគេមិនបានប្រាប់ទុកមុនយូទេ ហើយខ្ញុំត្រូវវាយជំនួសគេ។ គេផ្តល់ដំណឹងឲ្យខ្ញុំនៅថ្ងៃទី២៦ ខែតុលាមុននេះ ពេលនោះខ្ញុំកំពុងនៅស្រុក។ គូប្រកួតរបស់ខ្ញុំម្តងនេះគឺមិនអន់ទេ សមត្ថភាពគេខ្លាំងអាចវាយជាមួយជើងឯកពិភពលោកបាន»។
មាស ម៉ើ បានស្នាក់នៅ និងហ្វឹកហាត់យ៉ាងខ្លាំងក្លានៅក្នុងរាជធានីភ្នំពេញ រហូតដល់ពេលគាត់ឡើងយន្តហោះកាលពីថ្ងៃចន្ទ ទៅប្រទេសសិង្ហបុរី ដើម្បីឡើងសង្វៀននាថ្ងៃសុក្រ។ អ្នកខេត្តកំពង់ធំម្នាក់នេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីគ្រួសារនិងមិត្តភក្ដិ ប៉ុន្តែក៏សុំអំពាវនាវឲ្យមានការគាំទ្របន្ថែមទៀតពីជនរួមជាតិ។
ទាក់ទងនឹងគ្រួសារ មាស ម៉ើ បានលើកឡើងថា៖ «ពួកគាត់តែងតែគាំទ្រខ្ញុំជានិច្ច ប៉ុន្តែខ្ញុំមានសំណូមពរដល់ជនរួមជាតិទាំងអស់ សូមកុំសើចចំអកអ្នកប្រដាល់ខ្មែរយើង នៅពេលដែលយើងចាញ់ការប្រកួតអន្តរជាតិនីមួយៗ។ ពេលខ្លះសមត្ថភាពអ្នកប្រដាល់ស្រុកយើង មិនអាចប្រៀបធៀបជាមួយកីឡាករប្រទេសដទៃបានឡើយ»។
ថ្វីបើមានការរិះគន់យ៉ាងណាក៏ដោយក៏ មាស ម៉ើ មានមោទនភាពដើម្បីតំណាងឱ្យប្រទេសរបស់ខ្លួន ហើយត្រេកអរដែលខ្លួនទទួលបានឱកាសដើម្បីប្រកួតក្នុងស្ថាប័នក្បាច់គុនធំបំផុតនៅអាស៊ី ONE championship៕
អត្ថបទ៖ Matias Andres