ជាតិ
សហជីព​៖ ការស្នើ​របស់​សម្តេច ហ៊ុន សែន ទៅ​តុលាការ​ព​ន្លឿ​ន​ការដោះស្រាយ​បណ្តឹង​ខ្ញុំ វា​ជា​ឱកាស​ថ្មី សម្រាប់​ខ្ញុំ​បំពេញការងារ​
07, Nov 2018 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ សម្តេច ហ៊ុន សែន ស្នើ​ទៅ​តុលាការ​ឲ្យ​ព​ន្លឿ​ន​ការដោះស្រាយ​លើ​បញ្ហា​បណ្ដឹង​របស់​សហជីព ក្រោម​បទ​ចោទ​ផ្សេងៗ នៅក្នុង​ដៃ​តុលាការ​។ សហជីព ដែល​រង​បណ្ដឹង​ពី​ថៅកែ​រោងចក្រ សាទរ​ចំពោះ​សំណើ​របស់​សម្ដេច ហ៊ុន សែន ហើយ​ពួកគេ​ចាត់ទុកថា វា​ជា​ឱកាស​ថ្មី​មួយ សម្រាប់​ពួកគេ​បំពេញការងារ ក្រោយ​ដោះស្រាយ​បណ្ដឹង​ចប់សព្វគ្រប់​។​

 
​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ដែល​ជាប់​បណ្ដឹង​ពី​ថៅកែ​រោងចក្រ​ចំនួន​៧ តាំងពី​ឆ្នាំ​២០១២​មក មានការ​រីករាយ​ក្រោយពី​ឭ​ដំណឹង​ថា រដ្ឋាភិបាល​ស្នើ​ទៅ​តុលាការ​ឲ្យ​ដោះស្រាយ​បណ្ដឹង​ខ្លួន​។ ដ្បិត​មិនទាន់​ដឹងថា លទ្ធផល​ដោះស្រាយ​បណ្ដឹង​នោះ នឹង​ក្លាយទៅជា​យ៉ាងណាក្តី ប៉ុន្តែ​លោក ស៊ីណា បាន​លួច​សង្ឃឹមថា ការដោះស្រាយ​ខាងមុខ នឹង​ជា​ឱកាស​ថ្មី​មួយ សម្រាប់​លោក​បំពេញការងា​រ​ឲ្យ​អស់ពី​សមត្ថភាព​ជាង​មុន​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​សហជីព​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« ក្នុងនាម​ខ្ញុំ​ផ្ទាល់ ដែលជា​មេដឹកនាំ​សហជីព​មួយរូប ខ្ញុំ​ពិតជា​រីករាយ​ដែល​រដ្ឋាភិបាល បានស្នើ​ឲ្យ​មានការ​ពិចារណា ឬ​ទម្លាក់​ការ​បទ​ចោទ​ទាំងនេះ ហើយ​វា​ជា​ឱកាស​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​បន្ត​ការខិតខំ​ប្រឹង​ប្រែ​សកម្មភាព​ការងារ​បន្តទៀត​។ កន្លងមក​បណ្តឹង​ទាំងនេះ វា​ជា​គំនាប​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុងការ​បំពេញការងារ​ជូន​វិ​និយោជិត​បន្តទៀត ដោយសា​តែ​យើង​បារម្ភ​ពី​សុវត្ថិភាព បារម្ភ​ពី​ការងារ​របស់​យើង​ដែល​ប្រឈម​ជាមួយ​នីតិវិធីតុលាការ​ផ្សេងៗ  ដែល​បាន​ហាម​យើង​មិន​ឲ្យ​មានការ​ជួបជុំគ្នា​ដឹកនាំ និង​ការតវ៉ា​ផ្សេងៗ ជាមួយ​កម្មករ​»​។​
 
​មិន​ខុសពី​លោក ប៉ាវ ស៊ីណា ឡើយ លោក អាត់ ធន់ ដែល​ជាប់​បណ្ដឹង​៧ តាំងពី​ឆ្នាំ​២០១០​ដែរនោះ ក៏​រំពឹងថា បើ​បណ្តឹង​ទាំងនេះ ត្រូវបាន​បញ្ចប់​ពិតមែន វា​មានន័យថា​រដ្ឋាភិបាល​បាន​ចូលរួមចំណែក ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​សហជីព កុំ​ឲ្យ​រង​អយុត្តិធម៌​ពី​ថៅកែ​រោងចក្រ និង​ពី​រដ្ឋាភិបាល​។ 
 
«​ការស្នើ​របស់​ប្រមុខ​រដ្ឋាភិបាល វា​ជា​រឿង​ល្អ​សម្រាប់​ខ្ញុំ ក៏​ដូច​មេដឹកនាំ​សហជីព​ដទៃទៀត ដែល​បាន​រង​នឹង​បណ្តឹង​ជាច្រើន​ពី​ថៅកែ​រោងចក្រ និង​មន្ត្រី​មានអំណាច​មួយចំនួន ដើម្បី​ដោះស្រាយ​ឲ្យ​ចប់ កុំ​ឲ្យ​បណ្តឹង​ទាំងនេះ​ជា​សម្ពាធ​ទៅលើ​សហជីព ក្នុង​ការជួយ​កម្មករ​ទៀត​»​។ នេះ​ជាការ​លើកឡើង​របស់លោក អាត់ ធន់ ដែល​បាន​បន្ថែមថា បច្ចុប្បន្ន​មាន​បណ្តឹង​លើ​មេដឹកនាំ​សហជីព​កម្មករ ជាង​៥០​ករណី ដែលជា​បណ្តឹងស៊ីវិល និង​បណ្តឹង​ព្រហ្មទណ្ឌ ។ បណ្ដឹង​ទាំងនោះ កើតចេញពី​ក្រុមហ៊ុន និង​រោងចក្រ​ចំនួន​២០ ។​
 
​មិន​ត្រឹមតែ​មេដឹកនាំ​សហជីព​ទេ ដែល​សាទរ​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​ពេលនេះ សូម្បី​តែម​ន្រី្ត​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធមនុស្ស​អង្គការ​លីកាដូ ក៏​យល់ឃើញថា សកម្មភាព​របស់​រដ្ឋា​ភិ​បាល​នេះ កំពុង​ជួយ​សម្រួល​ដល់​ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ការងារ​របស់​ក្រុម​សហជីព ដែល​តស៊ូ​មតិ ដើម្បី​កម្មករ​ដែរ​។ ប៉ុន្តែ​លោក អំ សំអាត មិន​ចង់​ឲ្យ​រដ្ឋាភិបាល​អើពើ​តែ​លើ​ករណី​សហជីព​ប៉ុណ្ណោះ​ទេ ពោលគឺ​ត្រូវ​ជួយ​គិតគូ​ដោះស្រាយ​ដល់​មន្ត្រី​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ផង​។ 
 
​លោក សំអាត បាន​និយាយ​ដូច្នេះ​« បើ​រដ្ឋាភិបាល​បានគិត​គូ​ទៅលើ​មេដឹកនាំ​សហជីព​ហើយ  គួរ​ណាស់​ក៏​គិតគូ​ទៅដល់​មន្ត្រី​សហជីព ឬ​អង្គការ​សង្គម​ស៊ីវិល​ផ្សេងទៀត បានធ្វើ​ការតស៊ូ​មតិ​ជាមួយ​មេដឹកនាំ​ទាំងនោះ ដែល​កំពុង​ទទួលរង​នូវ​បណ្តឹង​ពី​ថៅកែ​រោងចក្រ​ដែរ​»​។ 
 
​បើតាម​មន្ត្រីជាន់ខ្ពស់​អង្គការ​លីកាដូ​រូបនេះ បច្ចុប្បន្ន​មាន​មេដឹកនាំ​សហជីព មិន​ក្រោម​៦​នាក់​ឡើយ ដែល​រង​នូវ​ពាក្យបណ្តឹង​លើ​ករណី​ផ្សេងៗ​គ្នា ក្នុង​គ្រា​ដែល​តវ៉ា​ទាមទារ​ផលប្រយោជន៍​សម្រាប់​កម្ម​ករ​។​
 
​កន្លងមក​សហជីព ធ្លាប់​បានស្នើ​ទៅ​ក្រសួង​ការងារ និង​ក្រសួងយុត្តិធម៌ ជាពិសេស​តុលាការ ដើម្បី​ឲ្យ​ព​ន្លឿ​ន​ការដោះស្រាយ​លើ​បណ្តឹង​ខ្លួន​ដែរ​។ ប៉ុន្តែ​បណ្តឹង​ទាំងនេះ មិនបាន​ដោះស្រាយ​ឡើយ ពោលគឺ​នៅ​រក្សា​ទុកចោល​ជាច្រើន​ឆ្នាំ​។ បណ្តឹង​ភាគច្រើន​របស់​សហជីព ក៏​មិនបាន​ស៊ើបអង្កេត​ឲ្យ​ត្រឹមត្រូវ​ពី​ក្រសួង​ការងារ និង​ក្រសួងយុត្តិធម៌​ឡើយ​។ នេះ​ជា​អះអាង​របស់ អាត់ ធន់ ប្រាប់​សារព័ត៌មាន​ថ្មីៗ ។​
 
​សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន បានស្នើ​ទៅ​តុលាការ​ឲ្យ​ព​ន្លឿ​ន​ដោះស្រាយ​បញ្ហា​បណ្ដឹង​របស់​សហជីព ថា គួរតែមាន​ចំណាត់ការ ឬ​គួរ​តម្កល់ទុក​មិន​ចាត់ការ​។ មូល​ហេតុដែល​សម្ដេច ហ៊ុន សែន ចង់​ឲ្យ​តុលា​ការធ្វើ​សេចក្តីសម្រេច​លើ​សហជីព ដែល​រង​បណ្ដឹង​ឲ្យ​ចប់​ស្ថាពរ ដើម្បី​ឲ្យ​ពួកគេ​បំពេញការងារ​ឲ្យ​បាន​ពេញ​សមត្ថភាព ពោលគឺ​កុំ​ឲ្យ​សហជីព​ទាំងនោះ ធ្វើការ​ក្រោម​គំនាប​ពាក្យបណ្ដឹង​ឡើយ​។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ខេត្តតាកែវ នៅ​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល ប្រាប់​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង និង​លោក អង្គ វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌ ពិនិត្យ​ជុំវិញ​បណ្តឹង​លើ​មេដឹកនាំ​សហជីព ដើម្បី​យកទៅ​ពិភាក្សាគ្នា​ជាមួយ​តុលាការ​៕
 

Tag:
 សហជីព​
  បណ្តឹង​
  កម្មករ​
  អាត់ ធន់
  បៅ ស៊ីណា​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com