ជាតិ
គ្មាន​អាជីវកម្ម ឬ​ការ​បង្ហោះ​ដ្រូ​ន នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ​ឡើយ​
08, Nov 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​ម្ចាស់​អាជីវកម្ម​កំពង់ផែ និង​ផល​យាន​គ្រប់​ប្រភេទ​ទាំងអស់ ផ្អាក​អាជីវកម្ម​របស់ខ្លួន នៅ​ថ្ងៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ។

 
 
​គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ និង​ក្រសួងព្រះបរមរាជវាំង នឹង​រៀបចំ​មិ​ទ្ទិញ​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០១៨ នៅមុខ​ព្រះបរមរាជវាំង ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ។ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នេះ នឹងមាន​ការចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​ពី​ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​។​
 
​ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ  រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើឱ្យ​ម្ចាស់​អាជីវកម្ម​កំពង់ផែ ផែបណ្ដែត​ទឹក ទូក ក្បូន កាណូត កាណូត​ទេសចរណ៍ និង​ផល​យាន​គ្រប់​ប្រភេទ​ទាំងអស់ ផ្អាក​ការធ្វើ​ចរាចរ​នៅតាម​ដង​ទន្លេសាប និង​ទន្លេចតុម្មុខ ចាប់​ពីមុខ​ផ្សារ​រាត្រី ដល់​ព្រំប្រទល់​ទីក្រុង​កោះ​ពេជ្រ នា​ថ្ងៃទី​៩​ខែវិច្ឆិកា ចាប់ពី​ម៉ោង ០៥:០០ ទៀបភ្លឺ រហូតដល់​ម៉ោង ១២:០០​ថ្ងៃត្រង់​។ សាលា​រាជធានី​ភ្នំពេញ ហាម​សាធារណៈជន​បង្ហោះ​ដ្រូ​ន នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី មុខ​ព្រះបរមរាជវាំង វិមានឯករាជ្យ និង​តាម​បណ្ដោយ​ផ្លូវ​សុធារស​៕

Tag:
 ភ្នំពេញ​
  បុណ្យ​ឯករាជ​ជាតិ​
  បុណ្យជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com