ជាតិ
ជប៉ុនផ្តល់ថវិកាជាង ៦៨ ម៉ឺនដុល្លារ លើគម្រោងអភិវឌ្ឍន៍វិស័យសុខាភិបាល និងអប់រំនៅកម្ពុជា រូបពីហ្វេសប៊ុកស្ថានទូតជប៉ុន
× ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង៦០ម៉ឺនដុល្លារ សម្រាប់ការអភិវឌ្ឍន៍លើវិស័យ សុខាភិបាល អប់រំ និង ហេដ្ឋារចនាសម្ព័ន្ធដល់កម្ពុជា។ គម្រោងជំនួយឥតសំណង «ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ» នឹងផ្ដល់ឲ្យមន្ទីរខេត្តចំនួន៥ និងអង្គការក្រៅរដ្ឋាភិបាលចំនួន២។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុននៅកម្ពុជា
ថវិកា៦៨៣,២៥៤ ដុល្លារនេះ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ឲ្យមន្ទីខេត្តព្រះវិហារ, រតនគីរី, ក្រចេះ, ប៉ៃលិន, បន្ទាយមានជ័យ រួមទាំងអង្គការសុខភាពត្រចៀកកម្ពុជា និងអង្គការមូលនិធិខ្មែរជំនួយការសិក្សា។
ស្ថានទូតជប៉ុន បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ផ្តល់ជូន ១៧៥,២៥០ ដុល្លារអាមេរិកដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ។ ផ្តល់ជូន ៧៩,០៨៤ ដុល្លារអាមេរិកដល់អង្គការសុខភាពត្រចៀកកម្ពុជា។ ផ្តល់ជូន ៨៨,៦៣៤ ដុល្លារអាមេរិកដល់មន្ទីរអប់រំ យុវជននិងកីឡា ខេត្តរតនគីរី។ ផ្តល់ជូន ៨៥,៣០០ ដុល្លារអាមេរិកដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ។ ផ្តល់ជូន ៧៧,១៦៦ ដុល្លារអាមេរិកដល់អង្គការមូលនិធិខ្មែរជំនួយការសិក្សា។ ផ្តល់ជូន ៨៩,២៨៥ ដុល្លារអាមេរិកដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិន។ ផ្តល់ជូន ៨៨,៥៣៥ ដុល្លារអាមេរិកដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ»។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បង្ហាញថា ចាប់ពីឆ្នាំ២០១២ ដល់ ២០១៦ ប្រទេសជប៉ុនបានផ្ដល់ជំនួយឥតសំណងចំនួន ១,៩៧២រយលានយ៉េន (ប្រហែល១,៧ពាន់លានដុល្លារអាមេរិក) ប្រាក់កម្ចី ១,១៦៨រយលានយ៉េន (ជាង១ពាន់លានដុល្លារអាមេរិក) និងជំនួយបច្ចេកទេសចំនួន ៨៧០រយលានយ៉េន (ជាង៧៦៤លានដុល្លារ)ដល់ប្រទេសកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com