ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកស្រី រ៉ូ​ណា​ល់ ស្មី​ត​៖ កម្ពុជា ស្ថិតនៅក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ផ្សេង​មួយទៀត​
08, Nov 2018 , 6:02 pm        
រូបភាព
រូបពី AFP
រូបពី AFP
​ភ្នំពេញ​៖ បច្ចុប្បន្ន​ប្រទេស​កម្ពុជា ស្ថិតនៅក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ផ្សេង​មួយទៀត ស្របពេល​កំណើនសេដ្ឋកិច្ច និង​វឌ្ឍនភាព​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​គួរកត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ លោកស្រី រ៉ូ​ណា​ល់ ស្មី​ត អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ និយាយ​បែបនេះ នៅក្នុង​សន្និសីទកាសែត នា​ថ្ងៃ​បញ្ចប់​ទស្សនកិច្ច​កម្ពុជា នៅ​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា​។​

 
​ខណៈដែល​កម្ពុជា មាន​ចក្ខុវិស័យ​ប្រែក្លាយ​ទៅជា​ប្រទេស ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅត្រឹម​ឆ្នាំ​២០៥០​នោះ រដ្ឋាភិបាល​កម្ពុជា ត្រូវ​ផ្ដោតលើ​ការលើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស គឺជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ និង​ផែនការ​ទាំងអស់នេះ​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី រ៉ូ​ណា​ល់ ស្មី​ត​។​
 
​ដើម្បី​សម្រេច​គោលដៅ​នេះ លោកស្រី ស្មី​ត បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​អភិបាលកិច្ច​ល្អ និង​តម្រូវ​ឲ្យ​មាននូវ​ស្ថាប័ន​រឹងមាំ ហើយ​បើកទូលាយ ស្របតាម​ដំណើរការ​នៃ​គោលការណ៍​សិទ្ធិមនុស្ស ដែល​រួមមាន សិទ្ធិ​ទទួលបាន​ព័ត៌មាន , ការទទួលបាន​យុត្តិធម៌​ដោយមាន​ការគាំទ្រ​ពី​សេរីភាព​សារព័ត៌មាន និង​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​យ៉ាង​រស់​រវើក ប្រកបដោយ​សេរីភាព និង​នវានុវត្តន៍ ហើយ​តម្លាភាព​។ ជាពិសេស​ការផ្ដល់​ឲ្យ​ពលរដ្ឋ​ចូលរួម​ជា​សាធារណៈ ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត និង​គណនេយ្យភាព​រប​ស់ម​ន្ត្រី​សាធារណៈ និង​មន្ត្រីរាជការ​។ 
 
​បើតាម​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត បច្ចុប្បន្ន​ប្រទេស​កម្ពុជា ស្ថិតនៅក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ផ្សេង​មួយទៀត ស្របពេល​កំណើនសេដ្ឋកិច្ច និង​វឌ្ឍនភាព​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​គួរកត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ «​ដើម្បី​ជួយ​បង្ហាញផ្លូវ​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ រដ្ឋាភិបាល​បានអនុម័ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី IV និង​កំពុង​រៀបចំ​បញ្ចប់​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​ផែនការ​មូលដ្ឋាន​រូបនីយកម្ម សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ចប់​យ៉ាង​ឆាប់រហ័ស និង​ធ្វើការ​ផ្សព្វផ្សាយ​ផែនការ​មូលដ្ឋាន​រូបនីយកម្ម​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នករាយការណ៍​ពិសេស​រូបនេះ​។​
 
​សម្រាប់​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត គោលការណ៍​សិទ្ធិមនុស្ស ដែល​រួមមាន​សមភាព ដោយ​គ្មាន​ការរើសអើង ហើយ​មាន​ត្រូវ​គណនេយ្យភាព ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នេះ វា​គឺជា​កត្តា​សំខាន់​សម្រាប់ អនុវត្ត និង​វាយតម្លៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ស្របតាម​ក្របខណ្ឌ​គោលដៅ​អភិវឌ្ឍ​ទី​១៦ ដែល​ផ្ដោតលើ​បរិ​យា​ប័ន្ន តម្លាភាព និង​យុត្តិធម៌ គឺជា​យាន​សម្រាប់​គោលដៅ​នេះ​។​
 
​អ្នករាយការណ៍​ពិសេស​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ដើម្បី​កម្ពុជា​សម្រេចបាន​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ការសិក្សា​នានា បង្ហាញថា កំណើនសេដ្ឋកិច្ច​ត្រូវមាន​បរិ​យា​ប័ន្ន និង​សមធម៌​ច្រើន​ថែមទៀត ដើម្បី​ជា​ប្រយោជន៍​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ការណ៍​នេះ​មានន័យថា មិនមាន​មនុស្ស​ណា​ម្នាក់​ត្រូវបាន​គេ​ទុកចោល​ឡើយ ដោយ​ក្នុងនោះ​រួមទាំង ស្ត្រី អ្នកក្រីក្រ អ្នក​ដែល​ស្ថិត​ជិត​បន្ទាត់​ក្រីក្រ អ្នក​ដែល​មិនមាន​ភាពជា​តំណាង និង​អ្នក​មិន​ត្រូវបាន​យកចិត្តទុកដាក់​ក្នុងសង្គម និង​អ្នក​ទាំងឡាយ​ដែល​រស់នៅក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​»​។​
 
​ដ្បិត​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត វិភាគ​ចំណុច​ដៅ និង​សូចនាករ ដែលមាន​នៅក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ក្តី ប៉ុន្តែ​លោកស្រី មិន​ភ្លេច​រំឭក​ពី​បញ្ហា​សិទ្ធិ​ដីធ្លី ឯករាជ្យភាព​របស់​ប្រព័ន្ធតុលាការ និង​ការទទួលបាន​យុត្តិធម៌ ប្រព័ន្ធ​ពន្ធនាគារ សិទ្ធិ​នយោបាយ ការទទួលបាន​សេវា​ដោយ​គ្មាន​រើសអើង​នានា ទៅកាន់​មន្ត្រី​រដ្ឋាភិបាល ក្នុង​រយៈពេល​ទស្សនកិច្ច​កម្ពុជា ១១​ថ្ងៃ​ឡើយ​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី ស្មី​ត បាន​ជួប​ជាមួយ​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ , លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ , លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ , លោក អង្គ វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ,​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ,​លោក វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ,​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ,​លោកស្រី អៀ​ត សុភា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ,​លោក ប៉ូច ប៊ុន​ណាក់ រដ្ឋលេខាធិការ​ក្រសួងផែនការ ,​លោកស្រី ហង្ស លី​ណា អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ និង​លោក រិ​ទ្ធ វុទ្ធី អគ្គលេខាធិការរង នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រួមទាំង​តំណាង​សង្គម​ស៊ីវិល និង​គណបក្សនយោបាយ​។​
 
​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ អ្នករាយការណ៍​ពិសេស​រូបនេះ ផ្ដោតលើ​កិច្ចការ​មូលដ្ឋាន​រូបនីយកម្ម នៃ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ និង​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នានា ជាពិសេស​គោលដៅ​អភិវឌ្ឍ​ន៍ទី​១៦ ស្តីពី​«​សន្តិភាព យុត្តិធម៌ និង​ស្ថាប័ន​រឹងមាំ​»៕

Tag:
 រ៉ូ​ណា​ល់ ស្មី​ត​
  សិទ្ធិមនុស្ស​
  UN
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com