ONE Championship
កីឡាជាតិ
ជាតិ
ជីវិត​តស៊ូ​របស់ ស៊ឹម ប៊ុន​ស្រ៊ន់ កីឡាករ​ប្រចាំ ONE មុននឹង​បាន​ល្បីឈ្មោះ​
10, Nov 2018 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាករ​ប្រដាល់​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ Khmer Warrior Challenge រដូវ​កាល​ទី​៣ ស៊ឹម ប៊ុន​ស្រ៊ន់ បាន​បញ្ចេញ​សមត្ថភាព និង​ភាព​រីកចម្រើន​ពី​រដូវ​កាល​មួយ​ទៅ​រដូវ​កាល​មួយ​ក្នុងការ​បំបាក់​គូប្រកួត​នីមួយៗ​។ បន្ទាប់ពី​ហ្វឹកហាត់​បានត្រឹមតែ​១​ខែ​ប៉ុណ្ណោះ កីឡា​ករពី​ខេត្តកំពង់ចាម​រូបនេះ មានឱកាស​ឡើងលើ​សង្វៀន​ប្រដាល់សេរី​។ ថ្វីបើ​គាត់​បានទទួល​ជ័យជម្នះ​លើ​ការប្រកួត​លើកទីមួយ ប៉ុន្តែ​ក្រោយមក​បាន​ចាញ់​៧​លើក​ជាប់ៗ​គ្នា​។

 
​មនុស្ស​ភាគច្រើន​ប្រាកដជា​អស់ជំនឿ​ចិត្ត​ឈប់​ចង់​នៅពេល​ខ្លួន​ទទួល​បរាជ័យ​ជាប់ៗ​គ្នា​បែបនេះ ហើយ​ផ្តោតលើ​អ្វី​ផ្សេងទៀត​វិញ ប៉ុន្តែ​សម្រាប់ ប៊ុន​ស្រន់ វិញ គ្មាន​ឡើយ​ការបោះបង់ ដោយ​រូបគេ​បន្ត​តស៊ូ​ព្យាយាម​ឆ្ពោះទៅមុខ​ជានិច្ច​។​
 
​អ្នក​ប្រដា​ល់វ័យ​២៥ ឆ្នាំ​រូបនេះ​ប្រាប់​ពី​ប្រវត្តិ​គាត់​ថា​៖ «​ពេល​ខ្ញុំ​ចាញ់​ប្រកួត​ជាច្រើន​ដង​ពេក ឪពុកម្តាយ​បងប្អូន និង​សាច់ញាតិ​ទាំង​ជិត​ឆ្ងាយ ប្រាប់​ឱ្យ​ខ្ញុំ​ឈប់​ពី​អាជីព​ជា​អ្នក​ប្រដាល់​ទៅ​។ ប៉ុន្តែ​ខ្ញុំ​តាំងចិត្ត​ថា ខ្ញុំ​មក​ទីនេះ​ដោយ​ចិត្ត​ខ្លួនឯង មិនមែន​ដោយសារតែ​នរណាម្នាក់​ជំរុញ​ឲ្យ​ខ្ញុំ​មក​ទេ​។ គោលដៅ​របស់ខ្ញុំ​គឺ​មក​ប្រកួត​ឲ្យ​ខ្លាំង ដើម្បី​បង្ហាញ​ពិភពលោក​ពី​សមត្ថភាព​ខ្ញុំ​ថា​ខ្លាំង​ប៉ុនណា​»​។​


 
​ការប្តេជ្ញាចិត្ត​របស់ ប៊ុន​ស្រ៊ន់ បាន​បើកផ្លូវ​ជីវិត​របស់គាត់​ឲ្យ​មានឱកាស​ជាច្រើន​ហូរហែ​។ បច្ចុប្បន្ន គាត់​ហ្វឹកហាត់​ជាមួយ​ក្រុម​កីឡាករ​ខ្លាំងៗ​របស់​កម្ពុជា​នៅ​ក្លឹប Cambodia Top Team ហើយក៏​មាន​អាជីវកម្ម​ខាងក្រៅ​មួយទៀត​ខាង​ផ្នែក​កសិកម្ម​ផងដែរ​។ 
 
​អ្នក​ខេត្តកំពង់ចាម​រូបនេះ មាន​ដើមកំណើត​ពី​គ្រួសារ​អ្នកចម្ការ ដូច្នេះ​គាត់​ចាប់ផ្តើម​ស្រឡាញ់​មុខរបរ​ធ្វើ​ចំការ​ខ្លាំង ដូចគ្នា​នឹង​អាជីព​ជា​អ្នក​ប្រដាល់​។​
 
​គាត់​បាន​និយាយ​ទាំងអស់​សំណើច​ថា​៖ «​គ្រួសារ​ខ្ញុំ​ជា​អ្នកធ្វើ​ចំការ ហើយ​កាលពី​ក្មេង​ខ្ញុំ​ត្រូវ​នៅ​ចំការ​រហូត​។ អ្នកស្រុក​ខ្ញុំគេ​ដាំ​ប្រភេទ​ដំណាំ​តូចៗ ដែល​ខ្ញុំ​ស្អប់​ខ្លាំងណាស់​។ ខ្ញុំ​ស្បថ​ថា​ខ្ញុំ​ធ្វើ​អី​ក៏ដោយ​ឲ្យ​តែ​ជៀស​ឆ្ងាយ​ពី​ធ្វើ​ចំការ​។ តែ​ឥឡូវ​វិញ ខ្ញុំ​មិនអាច​បែងចែក​រវាង​អាជីព​ទាំងពីរ​ទេ ខ្ញុំ​ស្រឡាញ់​វិស័យ​កសិកម្ម​ខ្លាំង​ដូច​ខ្ញុំ​ស្រឡាញ់​វិស័យ​កីឡា​អញ្ចឹង​»​។​
 
​ជាធម្មតា ប៊ុន​ស្រ៊ន់ ហ្វឹកហាត់​នៅ​ក្លឹប ៥​ដង​ក្នុង​មួយអាទិត្យ ជាមួយ​មិត្ត​អ្នក​ប្រដាល់​ប្រចាំ ONE Championship ដូចជា រិ​ន សា​រ័ត្ន ស សី និង មាស ម៊ើ​ជាដើម​។ ប៉ុន្តែ​នៅពេល​ត្រូវមាន​ការប្រកួត​នីមួយៗ គាត់​មក​ហ្វឹកហាត់​វិជ្ជា​គុន​រាល់ថ្ងៃ​តែម្តង​។​
 
​ឥឡូវ​គាត់​មិនទាន់មាន​គេ​ចាប់​គូប្រកួត​ឲ្យ​នោះទេ យ៉ាងណាមិញ​គាត់​ក៏​នៅ​ហ្វឹកហាត់ ក៏ដូចជា​បំប៉ន​សុខភាព​រួចរាល់​សំរាប់​ត្រៀមខ្លួន​ជាស្រេច​បើសិន ONE Championship រៀបចំ​ចាប់​គូរ​ឲ្យ​ប្រកួត​ភ្លាមៗ​។ 
 
ប៊ុន​ស្រ៊ន់ មាន​កិ​ត្ដិ​យស​ធំ​ណាស់​ដែល​ខ្លួន​អាច​តំណាងឱ្យ​ប្រទេស​កំណើត​នៅក្នុង​ស្ថាប័ន​ក្បាច់គុន​ធំជាងគេ​នៅ​អាស៊ី ហើយ​ដែល​ខ្លួន​មានឱកាស​បង្ហាញ​ពី​ការតស៊ូ និង​ភាពក្លាហាន​របស់​កម្ពុជា​។​
 
​គាត់​និយាយ​ទាំង​ញញឹម​ថា​៖ «​ពេល​យើង​ចាប់ផ្តើម​ឡើង​នៅលើ​ឆាក​អន្តរជាតិ​ម្តងៗ យើង​មាន​មោទនភាព​ណាស់​ក្នុងនាម​ជា​ខ្មែរ​ម្នាក់​»៕
 
​អត្ថបទ​៖ Matias Andres 
 

© រក្សាសិទ្ធិដោយ thmeythmey.com