ជាតិ
​ក្រសួង​គ្រោង​ថវិកា ១៥​លាន​ដុល្លារ សម្រាប់​ជួសជុល​កំណាត់​ផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប​
10, Nov 2018 , 10:59 pm        
រូបភាព
រូបពីរដ្ឋបាលខេត្តសៀមរាប
រូបពីរដ្ឋបាលខេត្តសៀមរាប
​សៀមរាប​៖ កំណាត់​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ដែល​រង​ការ​ខូ​ត​ខាត​ខ្លាំង នឹងត្រូវ​ចាប់ផ្តើម​ជួសជុល​ឡើងវិញ​ទាំងស្រុង​ក្នុង​រយៈពេល​ឆាប់ៗ​ខាងមុខនេះ​។ តាម​គម្រោង ការជួសជុល​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ១៥​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​។​

 
​តាម​របាយការណ៍​រប​ស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដែល​បង្ហាញ​ដល់​រដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល កំណាត់​ផ្លូវ​ក្នុង​ក្រុង​ចំនួន​១១​ខ្សែ សរុប​ជាង​១២ គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង​បែក​ចេញពី​ផ្លូវជាតិ​លេខ ៦ ចំនួន ៥២​ទៀត បាន​រង​ការខូចខាត​ខ្លាំង និង​ចាំបាច់​ត្រូវបាន​ការជួសជុល និង​ស្ដារឡើងវិញ​។ តាម​មន្ទីរ​សាធារណការ កន្លងមក​ផ្លូវ​ទាំងនោះ ទទួលរង​នូវ​ការរិះគន់​ជាខ្លាំង​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​អ្នក​ឆ្លងកាត់​។ 
 
​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សាធារណការ សាលាខេត្ត​សៀមរាប និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន នៅ​ថ្ងៃទី​៦ វិច្ឆិកា តាម​ការប៉ាន់ស្មាន​ចំពោះ​គម្រោង​ជួសជុល និង​អ៊ុត​កៅស៊ូ​ផ្លូវ​ខាងលើ គឺ​កំណាត់​ផ្លូវ​១១​ខ្សែ មាន​ប្រវែង​ជាង ១២​គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៥​លាន​ដុល្លារ ឯ​ផ្លូវ​ខ្នែង​ទាំង​៥២​ទៀត សរុប​ជាង ១៦​គីឡូម៉ែត្រ គ្រោង​ប្រើប្រាស់​ថវិកា ប្រមាណ ១០​លាន​ដុល្លារ​អាមេរិក​។​
       
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ទាក់ទង​នឹង​ការជួសជុល​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​នេះ រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ឯកភាព​ចំពោះ​គម្រោង​ជួសជុល​ផ្លូវ​ខាងលើ ហើយ​បញ្ជាក់ថា នឹង​លើកសំណើរ​នេះ​បញ្ជូន​ទៅកាន់​នាយករដ្ឋមន្ត្រី​ដើម្បី​សម្រេច និង​អនុវត្តន៍​។ ទោះ​មិនទាន់​បញ្ជាក់​ពី​ពេលវេលា​ក្នុងការ​ជួសជុល​នៅឡើយ តែ​លោក​រដ្ឋមន្ដ្រី​បានបង្ហាញ​ការតាំង​ចិត្ត​ខ្ពស់​ចំពោះ​ការងារ​នេះ ព្រោះ​ខេត្តសៀមរាប​ជា​គោលដៅ​សក្កា​នុព​ល​ផ្នែក​ទេសចរណ៍​ខ្ពស់​នៅ​កម្ពុជា​៕
 

Tag:
 ផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com