ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុម​មេធាវី​៖ ការយក​លោក កឹម សុខា ធ្វើជា​ល្បែង គឺ​នាំ​ឲ្យ​ជាតិ​កាន់តែ​បែកបាក់​
11, Nov 2018 , 12:29 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ផាន់ ច័ន្ទសាក់ អ្នកស្រី ម៉េង សុភារី លោក ផែង ហេង និង លោក ចាន់ ចេន ថតនៅតុលាការកំពូល ពេលទៅចូលរួមក្នុងសវនាការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងសំណើសុំនៅក្រៅឃុំរបស់លោក កឹម សុខា។ រូបពីគណនីហ្វេសប៊ុក Heng Pheng
ពីឆ្វេងទៅស្តាំ៖ លោក ផាន់ ច័ន្ទសាក់ អ្នកស្រី ម៉េង សុភារី លោក ផែង ហេង និង លោក ចាន់ ចេន ថតនៅតុលាការកំពូល ពេលទៅចូលរួមក្នុងសវនាការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងសំណើសុំនៅក្រៅឃុំរបស់លោក កឹម សុខា។ រូបពីគណនីហ្វេសប៊ុក Heng Pheng
ដោយ: ថ្មីៗ
​ក្រុម​មេធាវី​ទាំង​បួនរូប ដែល​ការពារ​សិទ្ធិ​ឲ្យ​លោក កឹម សុខា មិនអាច​បន្ត​អត់ទ្រាំ​មើល​សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី យក​កូនក្តី​របស់ខ្លួន ទៅធ្វើជា​ល្បែងភ្នាល់​យកឈ្នះ​-​ចាញ់​នោះទេ​។ ក្រុម​មេធាវី បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដើម្បី​ប្រតិកម្ម​នឹង​ការ​ភ្នាល់​នេះ​។



តាមរយៈ​សេចក្តីថ្លែងការណ៍ ក្រុម​មេធាវី​ទាំង​បួនរូប ដែល​រួមមាន​លោក ផែង ហេង លោក ចាន់ ចេ​ន លោក ផាន់ ច័ន្ទ​សាក់ និង អ្នកស្រី ម៉េង សុភា​រី បានលើកឡើងថា ​ការដោះលែង ឬ ការលើកលែង​បទចោទប្រកាន់​ចំពោះ​លោក កឹម សុខា គឺជា​សមត្ថកិច្ច​របស់​តុលាការ មិនមែន​ស្ថិតក្រោម​ការ​ភ្នាល់របស់សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី ​នោះទេ​។ ផ្ទុយទៅវិញ ការ​ភ្នាល់របស់​អ្នក​ទាំងពីរ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​នៃ​ការ​ស៊ើបសួរ​។  
 
​ក្រុម​មេធាវី បង្ហាញ​ក្តីបារម្ភ​ក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា​៖«​ការយក​លោក កឹម សុខា មក​ធ្វើជា​ល្បែងភ្នាល់​គ្នា​របៀបនេះ គឺ​នាំ​ជាតិ​ឲ្យ​បែកបាក់​កាន់តែ​ធ្ងន់ធ្ងរ​»​។ បន្ទាប់មក ពួកគេ ក៏​អំពាវនាវ​ឲ្យ​អ្នកនយោបាយ ប្រកាន់ខ្ជាប់​នូវ​គុណធម៌​និង​សីលធម៌ សម្រាប់​អ្នកជំនាន់ក្រោយ ហើយ​គប្បី​ដង្ហែ​តាម​ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះមហាក្សត្រ​បច្ចុប្បន្ន ដែលមាន​ព្រះរាជឱង្ការ​ឲ្យ​ខ្មែរ​គ្រប់រូប រួបរួមគ្នា ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​។ 
 
​បើទោះបីជា​ក្រុម​មេធាវី យល់ឃើញថា ការ​ភ្នាល់​គ្នា​នេះ អាច​ប៉ះពាល់​ដល់​នីតិវិធី​របស់​តុលាការ​ក្តី តែ​ពួកគេ ពន្យល់ថា វា គ្រាន់តែ​ជា​រឿង​បុគ្គល​រវាង​សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី ប៉ុណ្ណោះ​។ ក្រុម​មេធាវី បកស្រាយ​ថា បើ​តុលាការ សម្រេច​ដោះលែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​មែន ក៏​មិន​មានន័យថា​សម្តេច ហ៊ុន សែន ចាញ់​ដែរ​។ 
 
​ក្រុម​មេធាវី លើក​ហេតុផល​ថា ការសម្រេច​យ៉ាងណា​នោះ គឺជា​នីតិវិធី ដែល​ត្រូវអនុវត្ត​ដោយ​តុលាការ មិនមែនអាស្រ័យលើ​សម្តេច ហ៊ុន សែន ឡើយ។ ក្រុម​មេធាវី បញ្ជាក់​បែបនេះ​ថា​៖«​គ្មាន​អ្នកឈ្នះ ហើយក៏​គ្មាន​អ្នកចាញ់​ដែរ គឺ​ខ្មែរ​ទាំងអស់គ្នា ជា​អ្នកឈ្នះ​»​។ 
 
​សារ​ចុងក្រោយ​របស់​ក្រុម​មេធាវី​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ គឺ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូ​ប កុំ​ឲ្យ​យក​ការ​ភ្នាល់​នេះ ទៅ​វាយតម្លៃ និង​សុំ​ឲ្យ​សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី កុំ​អនុវត្តតាម​ខសន្យា​នៃ​ការ​ភ្នាល់​នេះ​។ 
 
​ពុំមែន​តែ​ក្រុម​មេធាវី​ទេ នៅមាន​ម​ជ្ឈ​ដ្ឋា​ន​ជាច្រើន​ទៀត ដោយ​រួមមាន​អ្នកនយោបាយ​និង​មន្ត្រី​នៃ​អតីត​គណបក្សប្រឆាំង​ផងដែរ បាននាំគ្នា​រិះគន់​សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី​។ មាន​អ្នកខ្លះ  បាន​សម្តែង​ក្តី​អាណិត​ចំពោះ​លោក កឹម សុខា ដែល​ក្លាយជា​ល្បែង​សម្រាប់​អ្នក​ទាំងពីរ​បែបនេះ​។​
 
​មកដល់ពេលនេះ សម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី បាន​ឆ្លើយឆ្លង​គ្នា​បី​លើក​ហើយ ជុំវិញ​ការដោះលែង​លោក កឹម សុខា និង ការមិន​ដោះលែង​។ ហើយ​អ្នក​ដែល​បបួល​ភ្នាល់​មុនគេ គឺ​លោក សម រង្ស៊ី​។

អត្ថបទទាក់ទង
  
លោក សម រង្ស៊ី បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា នៅត្រឹម​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​ទេ លោក សុខចិត្ត​ត្រឡប់មក​កម្ពុជា​វិញ ហើយ​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ចាប់​តែម្តង​។ ក្រោយមក សម្តេច ហ៊ុន សែន ក៏​ចេញ​មុខមក​ប្រកាស​លេងល្បែង​នេះ​ជាមួយ​លោក សម រង្ស៊ី​។  
 
​សម្តេច ហ៊ុន សែន ប្រាប់​ហ្វ្រេស​ញូ​ថា ខ្លួន​សុខចិត្ត​ចុះ​ចេញពី​តំណែង បើ​លោក កឹម សុខា ត្រូវបាន​ដោះលែង តែបើ​អត់​ទេ លោក សម រង្ស៊ី ត្រូវគោរព​ខសន្យា ដោយ​ត្រូវ​ត្រឡប់មក​ជាប់ពន្ធនាគា​រ​នៅ​កម្ពុជា​៕  
 
 

Tag:
 មេធាវី​
  កឹម កឹម សុខា​
  ហ៊ុន សែន​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com