កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho៖ មិត្តភាព​២​ប្រកួត​ក្នុង​ដី​ជួយ Man City ឈ្នះ Man Utd នៅ Manchester Derby
12, Nov 2018 , 9:59 pm        
រូបភាព
​លោក Jose Mourinho អ្នកចាត់ការ​ទូទៅ Manchester United និយាយថា​ការត្រៀម​លក្ខណៈ​របស់​ក្រុម Manchester City ដើម្បី​ទទួល​ជ័យជម្នះ​លើ​ក្រុម​លោក​ដោយ​លទ្ធផល ៣-១ ក្នុងជំនួប Manchester Derby នៅ​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា គឺ​បន្ទាប់ពី​ពួកគេ​បាន​ឆ្លងកាត់​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​ចំនួន​ពីរលើក​កាលពី​សប្តាហ៍​មុន​។​


 
​ពីរ​ប្រកួត​របស់​ក្រុម​លោក Pep Guardiola ដែល​លោក Mourinho លើកឡើងថា​ជាការ​ប្រកួត​មិត្តភាព​នោះ គឺ​ក្នុងជំនួប​ដែល Man City យកឈ្នះ Southampton ៦-១ ក្នុង​ក្របខណ្ឌ Premier League និង​លត់ Shakhtar Donetsk ៦-០ នៅ Champions League​។ 
 
​ជ័យ​ជ​ន្នះ​របស់​ក្រុម​ម្ចាស់​ការពារ​ជើងឯក លើ​ក្រុម Man Utd នៅ​ទឹកដី Etihad ដែល​ធ្វើបាន​ដោយ​ខ្សែបម្រើ David Silva ខ្សែប្រយុទ្ធ Sergio Aguero និង Ilkay Gundogan បានធ្វើ​ឲ្យ​ពួកគេ​ឈរ​នៅ​កំពូល​តារាង Premier League ដដែល​ដោយ​ទទួលបាន​៣២​ពិន្ទុ នាំមុខ​គូប្រជែង Liverpool ២​ពិន្ទុ ក្រោយ​ឆ្លងកាត់​១២​ប្រកួត​។​


 
​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុ​ហ្គា​ល់ វ័យ​៥៦​ឆ្នាំ លើកឡើងថា​ក្រុម​ម្ចាស់ផ្ទះ​មេឃ​ខៀវ​មានប្រៀប​ជាង​ក្រុម​បិសាច​ក្រហម ព្រោះ​២​ប្រកួត​លើកចុងក្រោយ​មុន​ប៉ះ​ក្រុម​លោក ពួកគេ​បាន​លេង​ជាមួយ​ក្រុម​ល្មមៗ​ហើយ​មិនសូវ​ចំណាយ​កម្លាំង​ច្រើន និង​ថែមទាំង​អា​ចរក​គ្រាប់​បាល់​បាន​ដល់​ទៅ ១២​ទល់នឹង​១ ឯណោះ​។​
 
​លោក Mourinho លើក​ហេតុផល​ដូច្នេះ​ថា ២​ប្រកួត​ចុងក្រោយ​របស់ Man Utd គឺ​សុទ្ធតែ​ជួប​ក្រុម​ខ្លាំង​ដោយ​យកឈ្នះ Bournemouth ២-១ និង​ឈ្នះ Juventus ២-១ នៅក្រៅ​ដី​ដូចគ្នា ហើយ​កីឡាករ​របស់លោក​បាន​ធ្វើការ​ធ្ងន់ធ្ងរ មុន​ធ្វើដំណើរ​ទៅ​ជួប Man City​។​


 
«​វា​ជា​លទ្ធផល​ដ៏​ធំ​ទៅហើយ​សម្រាប់​ការប្រឹងប្រែង​របស់​ក្រុម​មួយ​ដែលមាន​ការប្រកួត ៣ លើក​នៅក្រៅ​ដី​ក្នុង​សប្តាហ៍​តែមួយ​ជាមួយ​ក្រុម​ខ្លាំង​ដូចជា Juventus រួច​ត្រូវ​តតាំង​ជាមួយ​ក្រុម Man City ដែលមាន​ការប្រកួត​មិត្តភាព​២​លើក​ក្នុងផ្ទះ​ខ្លួនឯង​នោះ​»​។ Mourinho បាន​ប្រាប់​វិទ្យុ BBC 5 ដូច្នេះ​។​


 
​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៨ មាន​២០​ពិន្ទុ ក្រោយ​ឆ្លងកាត់​ការប្រកួត​១២​លើក ឈ្នះ​៦ ចាញ់​៤ ស្មើ​២ សម្រាប់​រដូវ​កាល ២០១៨-២០១៩ នេះ​៕

Tag:
 បាល់ទាត់​
  Jose Mourinho
  Manchester Derby
© រក្សាសិទ្ធិដោយ thmeythmey.com