កីឡាអន្តរជាតិ
អន្តរជាតិ
តៃវ៉ាន់ នឹងធ្វើប្រជាមតិរឿងឈ្មោះក្នុងកីឡា ព្រោះមិនចង់ឲ្យគេហៅ «ឆាយនីសតៃប៉ិ» ឡើយ រូបភាព South China Morning Post
× ពលរដ្ឋតៃវ៉ាន់ នឹងបោះឆ្នោតនៅចុងខែវិច្ឆិកានេះដើម្បីសម្រេចថា ពួកគេគួរប្រើឈ្មោះ «តៃវ៉ាន់» ដើម្បីប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅឆ្នាំ២០២០ និងព្រឹត្តិការណ៍ផ្សេងទៀត ឬយ៉ាងណា។ ការបោះឆ្នោតប្រជាមតិ នឹងធ្វើឲ្យក្រុងប៉េកាំងក្ដៅស្លឹកត្រចៀកមិនខាន ព្រោះជាការប៉ុនប៉ងផ្ដាច់ខ្លួនជាផ្លូវការ និងអាចបង្កជាបញ្ហានយោបាយក្នុងស្រុកផង។ កាន់តែសំខាន់នោះ តៃវ៉ាន់ក៏ត្រូវបញ្ចុះបញ្ចូលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ឲ្យទទួលស្គាល់ការផ្លាស់ប្ដូរនេះដែរ។
តៃវ៉ាន់កំពុងតែធ្វើឲ្យចិនមិនសប្បាយចិត្តហើយតាមរយៈគម្រោងប្រជាមតិប្ដូរឈ្មោះរបស់ខ្លួន។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ប្រជាជនតៃវ៉ាន់នឹងបោះឆ្នោតដើម្បីសម្រេចថា តៃវ៉ាន់គួរចូលរួមប្រកួតក្នុងកីឡាអូឡាំពិកឆ្នាំ២០២០ នៅជប៉ុន ឬកម្មវិធីអន្តរជាតិដោយប្រើប្រាស់ឈ្មោះ «តៃវ៉ាន់» ជាងប្រើឈ្មោះ «ឆាយនីសតៃប៉ិ» ឬយ៉ាងណា។ ប្រជាមតិប្ដូរឈ្មោះនេះ ជារបៀបវារៈមួយក្នុងចំណោមប្រជាមតិ១០ទៀត ដែលធ្វើឡើងស្របពេលការបោះឆ្នោតតំបន់ដែរ។
ឈ្មោះឆៃនីសតៃវ៉ាន់ ត្រូវបានប្រើសម្គាល់តៃវ៉ាន់ក្រោយកិច្ចព្រមព្រៀង Lausanne ប្រទេសស្វ៊ីសក្នុងឆ្នាំ១៩៨១ ។ នេះក៏ព្រោះតែចិនដីគោក ចាត់ទុកតៃវ៉ាន់ជាដែនដីរបស់ខ្លួនដដែល បន្ទាប់ពីក្លាយជាតំណាងស្របច្បាប់របស់ចិនក្នុងឆ្នាំ១៩៧១ ។ ចាប់ពីពេលនោះ ក្រុងប៉េកាំងបានជំទាស់ការប្រើប្រាស់ឈ្មោះផ្លូវការរបស់តៃវ៉ាន់ជា «សាធារណរដ្ឋចិន» រហូតទទួលជោគជ័យក្នុងការកែប្រែទៅជា «ឆៃនីសតៃប៉ិ» ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិតែម្ដងទៅ។
អ្នកនាំពាក្យក្រុមកីឡាអូឡាំពិកតៃវ៉ាន់ឆ្នាំ២០២០ លោក Yoshi Liu និយាយថា យើងចង់កែប្រែឈ្មោះដែលរឹតត្បិតការចូលរួមរបស់តៃវ៉ាន់ក្នុងព្រឹត្តិការណ៍អន្តរជាតិ។ លោកចាត់ទុកសកម្មភាពរបស់ IOC ជារឿងអយុត្តិធម៌ដែលតម្រូវឲ្យតៃវ៉ាន់ចូលរួមក្នុងកម្មវិធីកីឡាធំៗដោយប្រើប្រាស់ឈ្មោះឆៃនីសតៃប៉ិ តែមិនមែនសាធារណរដ្ឋចិន ឬតៃវ៉ាន់។ នេះបើតាមការផ្សាយរបស់កាសែតហុងកុង South China Morning Post ថ្ងៃទី១១ ខែវិច្ឆិកា។
យុទ្ធនាការផ្លាស់ប្ដូរឈ្មោះនេះ ដែលចាប់ផ្ដើមតាំងពីខែមករា ប្រមូលបានហត្ថលេខាចំនួន៤៣០០០០ ដែលច្រើនជាការកំណត់របស់ច្បាប់ ដែលតម្រូវឲ្យមានត្រឹម២៨១៧៤៥ នាក់។ បើអ្នកបោះឆ្នោតយល់ព្រមប្ដូរឈ្មោះមែន រដ្ឋាភិបាលតៃវ៉ាន់ត្រូវរៀបចំច្បាប់មួយឲ្យស្របតាមលទ្ធផលប្រជាមតិ។ យ៉ាងណាមិញ ដោយសារប្រជាមតិដូរឈ្មោះមិនត្រូវការច្បាប់ថ្មី ឬកែប្រែច្បាប់មានស្រាប់នោះ ក្រុងតៃប៉ិត្រូវរៀបចំការចរចាជាមួយ IOC វិញ។
យ៉ាងណាមិញ តៃវ៉ាន់ត្រូវជួបបញ្ហាលំបាកនៅ IOC នេះ ដ្បិត IOC ធ្លាប់ប្រាប់តៃវ៉ាន់ហើយថា ខ្លួនមិនអនុញ្ញាតឲ្យតៃវ៉ាន់ប្ដូរឈ្មោះឡើយ។ ប្រធានគណៈកម្មាធិការអូឡាំពិកតៃវ៉ាន់ Lin Hong-dao និយាយថា IOC នឹងកោះប្រជុំនៅដំណាច់ខែនេះដើម្បីសម្រេចថា ត្រូវបញ្ចប់ប្រតិបត្តិការរបស់តៃវ៉ាន់ឬយ៉ាងណា ក្នុងករណី IOC រកឃើញថា ប្រជាមតិនៅតៃវ៉ាន់ជាយុទ្ធនាការនយោបាយសំដៅបំពានប្រតិបត្តិការរបស់ IOC ៕
© រក្សាសិទ្ធិដោយ thmeythmey.com