រថយន្ត
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទីផ្សាររថយន្តមួយទឹកនៅឥណ្ឌាកើន៥០ភាគរយក្នុង១ឆ្នាំ
× រថយន្តថ្មីៗទំនើបៗ ហាក់ដូចជាមិនសូវទាក់ទាញអតិថិជននៅឥណ្ឌានោះឡើយ។ បើតាមការផ្សាយរបស់សារព័ត៌មាន India Times ពលរដ្ឋនៅតំបន់អាស៊ីខាងត្បូងមួយនេះ ចូលចិត្តប្រើប្រាស់រថយន្តមួយទឹកច្រើនជាង ដោយមានកំណើនរហូតដល់ទៅ៥០ភាគរយក្នុង១ឆ្នាំ។
ទីផ្សាររថយន្តមួយទឹកនៅឥណ្ឌា បានកំណើនក្នុងរង្វង់ពី៤០ ទៅ៥០ភាគរយនៅឆ្នាំ២០១៨នេះ ដោយក្រុមហ៊ុនធំៗ ដូចជា Mahindra First Choice Wheels, OLX និង Truebil ជាដើម សុទ្ធតែបានអះអាងថា អតិថិជនបែរជាមើលរំលងរថយន្តចេញថ្មីទំនើបៗទៅវិញ។
លោក Shubh Bansal សហស្ថាបនិកក្រុមហ៊ុនលក់រថយន្តតាមអនឡាញ Truebil បានបញ្ជាក់ឲ្យដឹងថា ចន្លោះពីខែមករា ដល់ខែកញ្ញាកន្លងមក មានរថយន្តថ្មីរហូតដល់២៨ម៉ូដែល ប៉ុន្តែតម្លៃរថយន្តទាំងនោះ បានធ្លាក់ចុះ បន្ទាប់ពីប្រើប្រាស់រួច។
លោក Ashutosh Pandey អគ្គនាយកក្រុមហ៊ុន Mahindra First Choice Wheels បានកត់សម្គាល់ផងដែរថា ទីផ្សាររថយន្តមួយទឹក មានកំណើនឡើងដ៏គួរឲ្យកត់សម្គាល់ ជាពិសេសបើគិតចាប់តាំងពីទីផ្សាររថយន្តដែលច្នៃប្រឌិតថ្មី ធ្លាក់ចុះ។
លោកបានបន្ថែមថា ទីផ្សាររថយន្តថ្មី ក៏បានធ្លាក់ចុះដោយសារការឡើងថ្លៃតម្លៃប្រេងសាំងផងដែរ ដោយអ្នកប្រើប្រាស់សម្រេចងាកទៅរថយន្តមួយទឹក ដើម្បីទប់ទល់ការចំណាយ។
»អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះ រថយន្តមួយទឹកភាគច្រើន ធ្លាប់មានប្រវត្តិប្រើប្រាស់តិចជាង២ឆ្នាំ និងរត់បានចម្ងាយប្រមាណតែពី១៥ ០០០ ទៅ២០ ០០០គីឡូម៉ែត្រ ប៉ុណ្ណោះ»។ នេះជាការអះអាងរបស់លោក Sunny Kataria អនុប្រធានក្រុម OLX India៕
© រក្សាសិទ្ធិដោយ thmeythmey.com