កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
​ក្រោយ​ឈ្នះ​ជើងឯក F1​ជា​លើក​ទី​៥ Hamilton ជួយ Mercedes ឈ្នះ​ពាន​គ្រឿងចក្រ​ថែមទៀត​
12, Nov 2018 , 8:19 pm        
រូបភាព
Lewis Hamilton នៅតែ​អាច​ឈ្នះ​ក្នុងការ​ប្រជែង​នៅ​ទីលាន​ប្រទេស​ប្រេ​ស៊ី​ល Brazilian Grand Prix បើទោះបី​ខ្លួន​បានឈ្នះ​ជើងឯក​ក្នុង​ព្រឹត្តិ​កាណ៍​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក Formula One រដូវ​កាល​២០១៨ នេះ​ដោយ​ស្វ័យប្រវត្តិ​រួចហើយ​ក្តី​។ ជ័យ​ជ​ន្នះ​នេះ​ក៏បាន​នាំ​ឲ្យ​ក្រុមហ៊ុន​ប្រណាំង​របស់ Mercedes ឈ្នះ​ជើងឯក​ផ្នែក​គ្រឿងចក្រ​ផងដែរ​។


 
​អ្នក​ប្រណាំង​រថយន្ត F1 ឬ​កាំជ្រួច​លើ​ផ្ទៃរាប របស់​អង់គ្លេស​វ័យ​៣៣​ឆ្នាំ​រូបនេះ ទទួល​ជ័យជម្នះ​នៅ​ទឹ​ដី​ប្រេ​ស៊ី​ល​នេះ​ដោយ​សំណាង​ប៉ុណ្ណោះ បន្ទាប់ពី​កីឡាករ Max Verstappen របស់​ក្រុម Red Bull ដែល​កំពុង​នាំមុខគេ​បាន​បាត់បង​ឱកាស​ដោយសារ​ប៉ះទង្គិច​គ្នា​ជាមួយ​កីឡាករ Esteban Ocon​។​
 
​យ៉ាងណាក៏ដោយ​ការប្រកួត​នេះ​ជាការ​ប្រកួត​ប​ង្ក្រ​ប់​កិច្ច​ប៉ុណ្ណោះ ដ្បិត Hamiton បាន​ក្លាយជា​ជើងឯក Formula One ជា​លើក​ទី​៥​របស់គេ​រួចទៅហើយ​តាំងពី​ការប្រណាំង​នៅ​ទីលាន​ទី​១៩​នៅ​ទឹកដី​ម៉ិ​ក​ស៊ិ​ក Mexican Grand Prix ដោយ​ទទួលបាន​ពិន្ទុសរុប ៣៥៩ នាំមុខ​គូប្រជែង Sebastian Vettel ឈរ​លំដាប់​លេខ​២ ដោយមាន​២៩៤ ខណៈ​ការប្រកួត​សល់​តែ​២​លើក​។​
 
​ក្នុងចំណោម​ការប្រកួត​២០​លើក​កន្លងមក​គិត​ទាំង​លើក​នេះ Hamilton បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១​រហូតដល់​ទៅ​១០​លើក ដោយ​ទទួលបាន​ពិន្ទុសរុប ៣៨៣ ក្នុង​តារាង Formula One World Championship ឆ្នាំ​២០១៨ ហើយ Sebastian Vettel ដែល​បើកបរ​ឲ្យ​ក្រុម Ferrari ឈរ​លំដាប់​លេខ​២ ដោយមាន​៣០២​ពិន្ទុ Kimi Räikkönen មាន ២៥១​ពិន្ទុ Valtteri Bottas មាន​២៣៧​ពិន្ទុ Max Verstappen មាន ២៣៤​ពិន្ទុ Daniel Ricciardo មាន​១៥៨​ពិន្ទុ Nico Hülkenberg មាន​៦៩​ពិន្ទុ Sergio Pérez មាន​៥៨​ពិន្ទុ Kevin Magnussen មាន​៥៥​ពិន្ទុ និង Fernando Alonso មាន​៥០​ពិន្ទុ​។​


 
​ក្រោយ​ឈ្នះ​នៅ​ទីលាន​ប្រេ​ស៊ី​ល​នេះ Hamilton ក៏បាន​ជួយ​ក្រុម Mercedes ក្លាយជា​ម្ចាស់​ពាន​គ្រឿង​ម៉ាស៊ីន​ល្អ​ជាងគេ​ប្រចាំ​រដូវ​កាល​នេះដែរ ដោយ​ទទួលបាន​ពិន្ទុសរុប ៦២០ នាំមុខ​ក្រុម Ferrari ដែលមាន​៥៥៣​ពិន្ទុ​។ ក្រុម​ដែល​ឈរ​នៅ​លេខ​រៀង​បន្តបន្ទាប់​រួមមាន Red Bull TAG Heuer (៣៩២​ពិន្ទុ​) Renault (១១៤​ពិន្ទុ​) Haas Ferrari (៩០​ពិន្ទុ​), McLaren Renault (៦២​ពិន្ទុ​), Force India Mercedes (៤៨​ពិន្ទុ​), Sauber Ferrari (៤២​ពិន្ទុ​), Toro Rosso Honda (៣៣​ពិន្ទុ​), Williams Mercedes (៧​ពិន្ទុ​)​។​
 
​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត F1 ប្រចាំឆ្នាំ​២០១៨ នៅសល់​១​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​ហើយ ដែល​នឹង​ធ្វើឡើង​នៅ​ទីលាន​ក្នុង​ក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត នៅ​ថ្ងៃទី​២៥ ខែ​វិច្ចិកា ខាងមុខ​៕
 

Tag:
 Formula One
  Mercedes
  Lewis Hamilton
© រក្សាសិទ្ធិដោយ thmeythmey.com