Nicholas Lee ហៅ«JJ» កីឡាករប្រដាល់របស់សិង្ហបុរីដែលមានប្រវត្តិឡើងសង្វៀន ONE Championship គ្រប់ប្រទេសទូទាំងតំបន់អាស៊ី អះអាងថាកម្ពុជានឹងមានជើងឯកពិភពលោកដំបូងគេបង្អស់នៅឆ្នាំ២០១៩។ កីឡាករដែល JJ ជឿជាក់នឹងក្លាយជាជើងខ្លាំងនោះគឺកីឡាករ រិន សារត្ន័។
Nicholas Lee សព្វថ្ងៃរូបគេមានក្លិបហ្វឹកហាត់ដ៏ល្បីឈ្នោះមួយក្នុងក្រុងបាងកក ប្រទេសថៃ មានឈ្មោះថា
Yorky MMA។ ហើយឥឡូវនេះ រូបគេក៏ចង់ដាក់កំលាំង និងពេលវេលាបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។
គ្រូបង្វឹកវ័យក្មេងវ័យ ២៣ឆ្នាំរូបនេះ កំពុងចាប់ដៃជាមួយមិត្តភក្តិជិតស្និទ្ធរបស់ខ្លួន គឺគ្រូប្រដាល់លោកហ៊ុន ចាន់រាជ ដែលជាម្ចាស់ក្លិប
Cambodian Top Team។
JJ បង្ហើបថា៖ «យើងទាំងពីរដូចបងប្អូនបង្កើតអញ្ចឹង ខ្ញុំបានជួបចាន់រាជជាច្រើនឆ្នាំមុន។ គាត់មើលខ្ញុំតស៊ូពីបាតដៃទទេ រហូតបានជោគជ័យ។ ខ្ញុំវិញក៏មើលគាត់ពីពេលគាត់គ្មានអ្វីសោះ រហូតបានជោគជ័យដូចគ្នា។ ឥឡូវគាត់មានក្លិបកីឡាល្បីឈ្មោះជាងគេនៅកម្ពុជា ហើយខ្ញុំវិញមានក្លិបកីឡាមួយដែលល្បីល្បាញនៅបាងកក
ដូច្នេះយើងក៏បានចាប់ផ្តើមធ្វើការជាមួយគ្នាតែម្តងទៅ»។
អំឡុងពេលគ្រូក្មេងរូបនេះបានស្នាក់នៅរាជធានីភ្នំពេញកាលពីកន្លងទៅ រូបគេមានឱកាសបង្វឹកកីឡាករខ្មែរដែលមានទេពកោសល្យខ្លាំងៗជាច្រើននាក់ ហើយក៏បានសង្កេតឃើញពីការវិវឌ្ឍន៍ខ្លាំងខាងវិស័យក្បាច់គុនរបស់កម្ពុជាដែរ។
ចាប់តាំងពីសហព័ន្ធសិល្បៈយុទ្ធគុនចម្រុះបានសម្ពោធថ្មីមក និងមានកីឡាករឆ្នើមៗជាច្រើនបានចូលប្រកួតក្នុងស្ថាប័នក្បាច់គុនធំជាងគេនៅអាស៊ី ONE Championship JJ បានចាប់ផ្តើមឃើញមានចលនាជាច្រើនកំពុងផុសឡើង។
Nicholas Lee មានអារម្មណ៍ថាជោគវាសនារបស់កម្ពុជា ក៏ដូចជាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងត្រូវបានទទួលស្គាល់កេរ្តិ៍ឈ្មោះសាកសមនឹងអ្វីដែលត្រូវទទួលបាន។
Lee ពន្យល់ថា៖ «កាលខ្ញុំនៅក្មេង ខ្ញុំចាប់ផ្តើមចូលចិត្តរៀនប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងប្រទេសក្នុងអាស៊ីដទៃទៀត ខ្ញុំមានអារម្មណ៍ថា ពិភពលោកមិនផ្តល់ជំនឿច្រើនមកលើតំបន់អាស៊ីអាគ្នេយ៍ទេ។ ខ្ញុំចាត់ទុកថា វាជាការប្រមាថមួយ។ យើងមានគុនខ្មែរ និងគុនមួយថៃ។»
លោកបន្ថែមថា៖ «ប្រទេសកម្ពុជាធ្លាប់មានប្រវត្តិជូចត់ដោយសារសង្គ្រាម ដូច្នេះអ្វីដែលយើងព្យាយាមធ្វើនាពេលនេះគឺ ព្យាយាមកសាងប្រវត្តិសាស្ត្រឡើងវិញ កែលម្អរ ចាប់ផ្តើមជីវិតថ្មី និងធ្វើយ៉ាងណាឲ្យអនាគតកាន់តែប្រសើរឡើង ដូចគេនិយាយថា មនុស្សម្នាក់កាន់តែធ្លាប់លំបាក អនាគតទៅកាន់តែជោគជ័យ»។
Lee មិនត្រឹមគិតថាកម្ពុជានឹងរីកចម្រើនថែមទៀតប៉ុណ្ណោះទេ គាត់ក៏បានទស្សសន៍ទាយថាកម្ពុជា នឹងមានជើងឯកពិភពលោកដំបូងគេបង្អស់ក្នុងឆ្នាំ២០១៩ ខាងមុខនេះ។
ម្ចាស់ក្លិបនៅប៉ាងកកម្នាក់នេះបានហ្វឹកហាត់យ៉ាងជិតស្និទ្ធជាមួយតារាប្រដាល់
រិន សារត្ន័ ហើយជឿជាក់ថា កីឡាករកម្ពុជាមានទេពកោសល្យ និងមានលក្ខណៈគ្រប់គ្រាន់ដើម្បីឡើងប្រកួតកម្រិតសកលបាន។
Lee និយាយទាំងមានទំនុកចិត្តថា៖ «កម្ពុជានឹងមានជើងឯកពិភពលោកជាលើកដំបូង។ អ្នកខ្លះគេថាទៅមិនរួច តែខ្ញុំវិញមិនខ្វល់ទេ ខ្ញុំជឿជាក់ថាអាច។ ជាពិសេសខ្ញុំជឿលើ រិន សារត្ន័។ គាត់រៀនឆាប់ចេះណាស់ គាត់ពូកែសម្របខ្លួនបានល្អ ហើយគាត់មិនចេះក្អេងក្អាង គាត់ដូចកុំព្យូទ័រមួយអញ្ចឹង! គាត់នឹងក្លាយជាជើងឯកពិភពលោក»៕
អត្ថបទ៖ Matias Andres