ជាតិ
សង្គមជាតិ
រដ្ឋាភិបាល រ៉ាប់រង​ទាំងស្រុង​លើ ការព្យាបាល​ជំងឺ​របស់​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន
13, Nov 2018 , 11:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ ស្ថានភាព​ជំងឺ​របស់​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន សិល្បករ​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ នៅតែមាន​លក្ខណ​ដុនដាប​។ លោក ប្រាជ្ញ ឆាត កូនប្រុស​បង្កើត​របស់​អ្នកប្រាជ្ញ​ចាប៉ី​រូបនេះ  លើកឡើងថា រដ្ឋាភិបាល ជា​អ្នកធានារ៉ាប់រង​លើ​ថ្លៃ​ព្យាបាល​នេះ​។​

 

 
​លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្រសួង មាន​កញ្ចប់​ថវិកា សម្រាប់​ព្យាបាល​ជំងឺ​លោក ប្រាជ្ញ ឈួន​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រៅពី​កញ្ចប់​សម្រាប់​ព្យាបាល​ជំងឺ លោកតា ប្រាជ្ញ ឈួន ក៏​នៅ​ទទួលបាន​ប្រាក់ខែ​ដែរ គឺ​គាត់ អាច​បើក​ប្រាក់ខែ​អស់​មួយជីវិត​តែម្តង​»​។ 
 
​លោក ប្រាជ្ញ ឆាត កូនប្រុស​បង្កើត​របស់​លោក ប្រាជ្ញ ឈួន បាន​លើកឡើងថា ស្ថានភាព​ជំងឺ​របស់​ឪពុក មានសង្ឃឹម​៥០​ភាគរយ​។ បន្ថែម​ពីលើ​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​វប្បធម៌ លោក ប្រាជ្ញ ឆាត បានបញ្ជាក់​បែបនេះ​ថា​៖«​រដ្ឋាភិបាល ជួយឧបត្ថម្ភ​ទាំងស្រុង​លើ​ការព្យាបាល​នេះ​។ កាកបាទក្រហម ក្រសួង​វប្បធម៌ និង​សប្បុរជន​ផ្សេងទៀត ក៏បាន​ជួយឧបត្ថម្ភ​ដែរ​»​។ 
 
​លោក ប្រាជ្ញ ឆាត បាន​បន្ថែមថា ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន មាន​ស្ថានភាព​ជំងឺ​រ៉ាំរ៉ៃ ដូចជា​លើសឈាម តម្រង់​នោម បេះដូង និង​សួត ជាង​១០​ឆ្នាំ​ហើយ​។ កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ស្ថានភាព​ជំងឺ​របស់លោក ធ្វើទុក្ខ​ខ្លាំង ដែល​ជំរុញ​ឲ្យ​គ្រួសារ សម្រេចចិត្ត​បញ្ជូន​លោក ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ មុននឹង​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា​។ 
 
​បច្ចុប្បន្ន ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន មាន​វ័យ​៨២​ឆ្នាំ ដែលមាន​លំនៅដ្ឋាន​អចិន្ត្រៃយ៍ នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។ លោក បាន​ចាប់​អាជីព​ជា​អ្នក​ចាប៉ី ជាង​៧០​ឆ្នាំ​មកហើយ​៕

Tag:
 ​ប្រាជ្ញ ឈួន​
  ប្រាជ្ញ ឆាត
© រក្សាសិទ្ធិដោយ thmeythmey.com