ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
អ្នកស្រី សៅ លក្ខិណា លក់«បន្លែជាផើង» ទាក់ទាញអ្នកទិញបានច្រើន
× សៀមរាប៖ ខុសពីស្ដង់តាំងពិព័រណ៍ដទៃ, ស្ដង់របស់អ្នកស្រី សៅ លក្ខិណា បាននាំដំណាំ និងបន្លែជាច្រើន ដែលដាំក្នុងផើងយកមកលក់។ បន្លែនៅក្នុងផើងរបស់អ្នកស្រី លក្ខិណា ទទួលបានការចាប់អារម្មណ៍ច្រើនពីអតិថិជន ព្រោះដំណាំ និងបន្លែរបស់អ្នកស្រី ថែទាំបានល្អ និងមានផ្លែច្រើន។ បន្លែធម្មជាតិក្នុងផើងស្រស់ៗទាំងនេះមានតម្លៃពី ១ម៉ឺន ទៅ ១ម៉ឺន៥ពាន់រៀលក្នុងមួយផើង។ ដំណាំ និងបន្លែដែលអ្នកស្រី លក្ខិណា យកមកលក់ រួមមាន ម្ទេស, ត្រប់, ជី, ពោតបារាំង, គល់ស្លឹកគ្រៃ, ខ្ញី, ស្ពៃ និងបន្លែជាច្រើនទៀត។
អ្នកស្រី សៅ លក្ខិណា ជាកសិករដាំបន្លែធម្មជាតិរបស់អង្គការ Gret នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បានយកបន្លែដាំក្នុងផើងមកលក់ក្នុងពិធីតាំងពិព័រណ៍ផលិតផលកសិកម្មនាក្រុងសៀមរាប។ ស្ត្រីជាកសិកររូបនេះ បានទាក់ទាញចិត្តអ្នកទិញ តាមរយៈការលក់បន្លែធម្មជាតិជាផើង។ ដំណាំបន្លែដែលអ្នកស្រី លក្ខិណា លក់ដាច់ជាងគេ គឺម្ទេស, ជី និងស្លឹកខ្ទឹមជាដើម។
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយអ្នកស្រី សៅ លក្ខិណា កសិករដាំបន្លែធម្មជាតិនៅស្រុកប្រាសាទបាគង ខេត្តសៀមរាបដូចតទៅ៖
ក្នុងពិធីតាំងពិព័រណ៍ផលិតផលកសិកម្មនាក្រុងសៀមរាប កាលពីថ្ងៃទី ០៨ ដល់ ១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានលក់បន្លែធម្មជាតិ ដែលដាំដោយកសិករ, ផលិតផលកសិកម្ម ដែលកែច្នៃជាគ្រឿងថែរក្សាសម្រស់ និងមុខទំនិញកសិកម្មជាច្រើនទៀត។
សម្រាប់អ្នកស្រី សៅ លក្ខិណា មុននឹងយកដំណាំទាំងនេះមកលក់ក្នុងពិធីតាំងពិព័រណ៍នេះ គឺអ្នកស្រីត្រូវមើលថែទាំបន្លែ និងដំណាំទាំងនោះឲ្យបានល្អ ទើបយកមកដាក់លក់។ កសិករនេះ បញ្ជាក់ថា ការថែទាំបន្លែឲ្យបានល្អ វាពិតជាមានផលលំបាកមែន។ ចំណែកការប្រើប្រាស់ជីវិញ អ្នកស្រី លក្ខិណា ប្រើជីកំប៉ុសទឹក និងជីកំប៉ុសគោកសម្រាប់ស្រោចលើបន្លែ។
ក្នុងការតាំងពិព័រណ៍ឆ្នាំ២០១៧កន្លងទៅ អ្នកស្រី លក្ខិណា អាចរកចំណូល បាន១លាន២០ម៉ឺនរៀល សម្រាប់ឆ្នាំនេះ អ្នកស្រី លក្ខិណា រំពឹងទទួលចំណូលច្រើនជាងមុន។ ទោះបីនឿយហត់ ក្នុងការដឹកជញ្ជូនផើងបន្លែ យកមកលក់ក្នុងកន្លែងតាំងពិព័រណ៍ក្ដី ប៉ុន្តែអ្នកស្រីសប្បាយចិត្ត ដោយទទួលបានផលច្រើនពីមុខរបរកសិកម្មនេះ។ កសិកររូបនេះ អះអាងយ៉ាងដូច្នេះថា៖ «របរដាំបន្លែនេះ បានធ្វើឲ្យជីវភាពខ្ញុំល្អប្រសើរជាងមុន។ ខ្ញុំនៅតែប្រកបរបរនេះ លុះត្រាតែខ្ញុំធ្វើលែងកើត ទើបខ្ញុំឈប់ធ្វើ ព្រោះខ្ញុំស្រឡាញ់កសិកម្ម»។
© រក្សាសិទ្ធិដោយ thmeythmey.com