ពីនេះ ពីនោះ
«ខ្លាត្រី» នៅកម្ពុជា ភាគច្រើនមាននៅតំបន់ភូមិភាគឦសានខាងជើង និងនិរតី
13, Nov 2018 , 3:20 pm        
រូបភាព
ដោយ: ថ្មីៗ
នៅកម្ពុជា «ខ្លាត្រី» ជាប្រភេទសត្វមានជាមធ្យម វារស់នៅស្ទើរគ្រប់ទីកន្លែង ជាពិសេសនៅតំបន់ភូមិភាគឦសានខាងជើង និងនិរតីនៃប្រទេស។ ក្រៅពីកម្ពុជា គេក៏ឃើញវាមាននៅប្រទេសឥណ្ឌា រហូតដល់អាស៊ីអាគ្នេយ៍ រួមទាំងកោះស៊ូម៉ាត្រា,ចាវា,ភូមា,ភាគកណ្ដាលប្រទេសថៃ និងឥណ្ឌូចិន។ «ខ្លាត្រី» ស្ថិតក្នុងប្រភេទមានដោយបង្គួរ និងបានចុះក្នុងបញ្ជីក្រហមអង្គការ ICUN ថាជាប្រភេទងាយរងគ្រោះថ្នាក់ ដោយសារបរបាញ់ និងទាក់ចាប់ខ្លាំងនៅក្នុងព្រៃ ធម្មជាតិ។



លក្ខណៈជីវសាស្រ្ត ខ្លាត្រីចូលចិត្តរស់នៅក្នុងគម្ពោតព្រៃ និងព្រៃល្បោះក្បែរទឹក ដែលនៅទីនោះវាអាចចាប់ត្រី, ក្ដាម, បក្សី គ្រុំ និងសត្វដទៃទៀត។ បើតាមសៀវភៅថនិកសត្វ វិធីរកចំណីរបស់វា គឺការចាប់ត្រីក្នុងទឹក ដោយក្រាប លើផ្ទាំងថ្មដែលលយចូលទៅក្នុងទឹក បន្ទាប់មកវាយកក្រញាំជើងចូកបាចត្រីឡើងមកលើគោក ពោលគឺវាមិនចុះទៅក្នុងទឹ ក ចាប់ត្រីដូចជាសត្វភេឡើយ។ ចំពោះការបន្តពូជ សត្វខ្លាញីអាចបង្កើតកូនបានពី១-២ក្បាល បន្ទាប់ពីវាពពោះអស់រយៈ ពេលពី៩០-៩៥ថ្ងៃ ហើយកូនរបស់វាក៏អាចបន្តពូជបាននៅពេលដែលវាមានអាយុ ៨ខែកន្លះផងដែរ។

ភិនភាគរបស់សត្វ «ខ្លាត្រី» គឺវាមានសម្បុរពណ៌ប្រផេះ រោមទន់មានស្នាមអុចៗ, ជើងខ្លី, ត្រចៀកក៏ខ្លី ហើយមានស្នាមអុចតូចៗ នៅពីលើស្លឹកត្រចៀកផងដែរ។ ក្បាលរបស់វាមានរាងវែងស្ដួច កន្ទុយខ្លីជាងក្បាល ដងខ្លួនរោមទន់មានស្នាមអុចៗរាងឆ្នូតខ្លី នៅលើខ្នង។ រីឯកន្ទុយមានសម្បុរប្រផេះ ដោយមានស្នាមអុចខ្មៅៗផ្នែកគល់ និងបង្កង់ខ្មៅផ្នែកខាងចុង។ ចំណែកឯថ្ពាល់ និងក្ដោងច្រមុះមានពណ៌ប្រផេះ ដែលមានឆ្នូតពីរចាប់ពីភ្នែកមកក្រោមត្រចៀក។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕
 
 

Tag:
 ខ្លាត្រី
 ថនិកសត្វ
 ភាគឦសាន
© រក្សាសិទ្ធិដោយ thmeythmey.com