កីឡាជាតិ
ជាតិ
លោក ថោង ខុន ដាក់សំណើ៣​ចំណុច​ទៅ​ភាគី​កូរ៉េ ដើម្បី​ជួយ​អភិវឌ្ឍន៍​កីឡា​តេ​ក្វាន់​ដូ​នៅ​កម្ពុជា​
14, Nov 2018 , 7:59 am        
រូបភាព
លោក ថោង ខុន (ស្តាំ)និងលោក Chungwon Choue ក្នុងជំនួបសវនាការកាលពីពេលកន្លងទៅ , រូបភាពពី AKP
លោក ថោង ខុន (ស្តាំ)និងលោក Chungwon Choue ក្នុងជំនួបសវនាការកាលពីពេលកន្លងទៅ , រូបភាពពី AKP
ដោយ:
​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លោក ថោង ខុន ស្នើ​ឲ្យ​ភាគី​កូរ៉េ​បន្ត​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​តេ​ក្វាន់​ដូ WTF នៅ​កម្ពុជា ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ជាតិ ​និង​អន្តរជាតិ ពិសេស​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។ ភាគី​កូរ៉េ​បានបង្ហាញ​ជំហរ​គាំទ្ រ​ចំពោះ​សំណើ​នេះ និង​ប្តេជ្ញា​ជួយ​ពង្រីក​វិសាលភាព បើ​កីឡា​នេះ​ត្រូវ​បានដាក់​ក្នុង​កម្មវិធីសិក្សា​នៅ​កម្ពុជា​។​

 
​ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​តេ​ក្វាន់​ដូ WTF នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន លោក ថោង ខុន ប្រធាន NOCC បានដាក់​សំណើ​៣​ចំណុច​ទៅ​លោក Chungwon Choue ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WTF ពិភពលោក ក្នុងន័យ​ស្នើ​ឲ្យ​បន្ត​ជួយឧបត្ថម្ភ គាំទ្រ​ដល់​កម្ពុជា​។ ការស្នើ​នេះ ធ្វើឡើង​ក្នុងជំនួប​សវនាការ​រ​វាង​លោក ថោង ខុន ជាមួយ​លោក Chungwon Choue នៅ​ទីស្នាក់ការ NOCC កាលពីពេល​កន្លងទៅ​ថ្មីៗ​។  
 
​សំណើទាំងនោះ​រួមមាន ទី​១.​ស្នើ​ឲ្យ​មាន​កម្មវិធី​ហ្វឹកហាត់​សម្រាប់​អត្ត​ព​លិ​ក​កម្ពុជា​នៅ​ប្រទេស​កូរ៉េ ដើម្បី​ត្រៀម​ប្រជែង​យក​កៅអី Mollifies ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន នា​ឆ្នាំ​២០២០​។ ទី​២.​ស្នើ​ឲ្យ​ស្ថាប័ន​នេះ ជួយឧបត្ថម្ភ គាំទ្រ​ផ្នែក​សម្ភារ​ទំនើបៗ ដែល​ផ្គត់ផ្គង់​ឲ្យ​ការហ្វឹកហាត់​របស់​កីឡាករ​ កីឡាការិនី​កម្ពុជា និង​ចុងក្រោយ​លោក​ស្នើ​ឲ្យ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WTF ពិភពលោក និង​កូរ៉េ បន្ត​កិច្ចសហការ​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាមួយ​កម្ពុជា​។ 


 
​ឆ្លើយតប​នឹង​សំណើ​ខាងលើ លោក Chungwon Choue ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WTF ពិភពលោក​ហាក់​បង្ហាញ​ការឯកភាព ​ចំពោះ​ការជួយ​អភិវឌ្ឍន៍​កីឡា​តេ​ក្វាន់​ដូ WTF នៅ​កម្ពុជា​។ លោក​ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ក្នុង​ការជួយ​កម្ពុជា បើសិន​អាចដាក់​កីឡា​នេះ ​ចូលក្នុង​កម្មវិធីសិក្សា​ក​ម្រិ​ត​បឋមសិក្សា​នៅ​កម្ពុជា​។ ជាមួយគ្នានេះ​លោក​បាន​សន្យា​ជួយផ្តល់​សម្ភារ​ហ្វឹកហាត់ បញ្ជូន​កីឡាករ ឬ​គ្រូបង្វឹក​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស និង​បញ្ជូន​គ្រូ​មក​បង្វឹក​នៅ​កម្ពុជា​ជាដើម​។​
 
​នា​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា កន្លងទៅ ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ WTF ពិភពលោក​ខាងលើ បាន​ស្នើក្រសួង​អប់រំ​ដាក់បញ្ចូល​កីឡា​តេ​ក្វាន់​ដូ​នេះ ក្នុង​កម្មវិធីសិក្សា​រប​ស់​ក្រសួង​ក្នុង​កម្រិត​បឋមសិក្សា​។ តែ​យ៉ាងណា​ប្រធាន​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​រូបនេះ មិនទាន់​ឆ្លើយតប​យ៉ាងណា​នោះទេ ជុំវិញ​បញ្ហា​នេះ​។​
 
​ការស្នើសុំ​ដាក់បញ្ចូល​ក្នុង​កម្ម​វិធី​សិក្សា​កម្រិត​បឋមសិក្សា​នេះ ​គឺ​ដោយសារ​សាលាបឋមសិក្សា​ជា​ប្រភពធនធាន​ថ្នាល​ដ៏​សំខាន់​ក្នុងការ​ពិនិត្យមើល​ពី​ឧបនិស្ស័យ​ក្មេងៗ ពិសេស​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​សម្រាប់​ពួកគេ​។ បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​ឯកជន​មួយចំនួន​បានដាក់​បញ្ចូល​កីឡា​នេះ​ក្នុង​កម្មវិធីសិក្សា​របស់​ពួកគេ​រួចហើយ នៅឡើយ​តែ​ក្របខណ្ឌ​រដ្ឋ​តែប៉ុណ្ណោះ​៕  




 

Tag:
 តេ​ក្វាន់​ដូ WTF
  ថោង ខុន​
  Chungwon Choue
© រក្សាសិទ្ធិដោយ thmeythmey.com