ជាតិ
កូន​ខ្មែរ​គួរ​ទៅ​ទស្សនា​សារមន្ទីរ​សព្វទស្សន៍​អង្គរ​នៅ​សៀមរាប​
13, Nov 2018 , 5:23 pm        
រូបភាព
លោក សុខ សុរុន ប្រធានផ្នែកប្រតិបត្តិនៃសារមន្ទីរសព្វទស្សន៍អង្គរ
លោក សុខ សុរុន ប្រធានផ្នែកប្រតិបត្តិនៃសារមន្ទីរសព្វទស្សន៍អង្គរ

សៀមរាប​៖ នៅមាន​ពលរដ្ឋ​ខ្មែរ​តិចតួច​នៅឡើយ​ដែល​បាន​ចូល​ទស្សនា​សារមន្ទីរ​ស​ព្វ​ទស្សន៍​អង្គរនៅក្នុង​ខេត្តសៀមរាប​។ តាមពិត សារមន្ទីរ​សព្វទស្សន៍​អង្គរ​ជា​សារមន្ទីរ​ទំនើប​មួយ​ដែលមាន​បង្ហាញ​អំពី​ការដ្ឋាន​សាងសង់​ប្រាសាទអង្គរវត្ត​តាមរយៈ​រូបភាព និង​វីដេអូ​3D​។ កាលពីពេលកន្លងទៅថ្មីៗនេះ សារមន្ទីរ​សព្វទស្សន៍​បាន​អនុញ្ញាត​ឲ្យ​ប្រតិភូ​សមាគម​អ្នកកាសែត​ថៃ​បាន​ចូលទស្សនា​ស្វែងយល់​អំពី​សារមន្ទីរដ៏ទំនើបនេះ។​


តើ​ដូនតា បុព្វបុរស​ខ្មែរ​ខ្មែរ​សាងសង់​ប្រាសាទអង្គរវត្ត​យ៉ាងដូចម្តេច​? តើ​ពួកគាត់​រំកិល​ថ្ម ដាប់ ឆ្លាក់​ក្បាច់​លើ​ថ្ម​យ៉ាងដូចម្តេចខ្លះ​? តើ​ជីវភាព​រស់នៅ​របស់​ដូនតា​ខ្មែរ​ក្នុងសម័យ​អង្គរ​នោះ​មាន​ទិដ្ឋភាព​បែបណា​? អ្នក​ដែល​ធ្លាប់​អាន​សៀវភៅ និង​ឮ​ការនិទាន​នានា អាច​ស្រមើស្រមៃ​រូបភាព​ទាំង​នោះបាន​។ ប៉ុន្តែ​នៅពេលដែល​យើង​ទៅ​ចូលទៅ​ដល់​សារមន្ទីរ​សព្វទស្សន៍​អង្គរ យើង​នឹង​អាច​ឃើញ​ទិដ្ឋភាព​ទាំងនោះ​ច្បាស់លាស់​ជាង​។​

​តាំងពី​ចុងឆ្នាំ​២០១៥ សារមន្ទីរ​សព្វទស្សន៍​អង្គរ (Angkor Panorama Museum) បាន​បើកទ្វារ​ទទួល អ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។ អគារ​សារមន្ទីរ​តម្លៃ​២៤​លាន​ដុល្លារ ត្រូវបាន​កសាងឡើង​ក្រោម​កិច្ច សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​អប្សរា និង​ក្រុមហ៊ុន​ម៉ានស៊ូដេ ( Mansudae) នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​។​



​ចាប់តាំងពី​ការបើកទ្វារ​ទទួល​អ្នក​ទេសចរណ៍​ដែល​កាន់តែ​កើន​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះគេ​ពុំ​សូវ​ឃើញ​មាន​អ្នក​ទេសចរណ៍​ជាតិ​ចូលមក​ទស្សនា​រូបភាព​នៃ​ការសាងសង់​អង្គរវត្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​នេះឡើយ​។ លោក សុខ សុ​រុន ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៃ​សារមន្ទីរ​សព្វទស្សន៍​អង្គរ​បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា ចំនួន​អ្នក​ចូល​ទស្សនា​សារមន្ទីរ​បា​ន​កើន​ពី​៦​ម៉ឺន​នាក់​នៅក្នុង​ឆ្នាំ​២០១៦ មក​ជាង​១៧​ម៉ឺន​នាក់​នៅក្នុង​ឆ្នាំ​២០១៧ ហើយ​បាន​បន្ត​កើនឡើង​ដល់​២៤​ម៉ឺន​នាក់​ហើយ​ក្នុង​រយៈពេល​តែ​៩​ខែ​នៃ​ឆ្នាំ​២០១៨​នេះ​។ ប៉ុន្តែ​ប្រធាន​ប្រតិបត្តិការ​សារមន្ទីរ​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុងចំណោម​អ្នក​ចូល​ទស្សនា​ទាំងអស់ ជនជាតិ​ចិន​មាន​ច្រើន​លើសលប់​រហូតដល់​៨០​ភាគរយ​។ អ្នក​ចូល​ទស្សនា​ដែលជា​ជនជាតិខ្មែរ​មាន​តិចតួច​នៅឡើយ​»​។​

​លោក សុ​រុន ចង់ឃើញ​ពលរដ្ឋ​ខ្មែរ​ចូល​ទស្សនា​សារមន្ទីរ​នេះ​ដែល​ខុសពី​សារមន្ទីរ​ដទៃ ដោយសារតែ​សារមន្ទីរ​របស់​លោកមា​ន​ដាក់​បង្ហាញ​រូបភាព​គំនូរ​លើ​ជញ្ជាំង​ដ៏​ធំ និង​វីដេអូ​3D ដែល​បង្ហាញ​អ្នកទស្សនា​អំពី​ទិដ្ឋភាព និង​បរិយាកាស​នៃ​ជីវភាព​របស់​ប្រជាជន​ខ្មែរ​ក្នុង​អង្គរ​។ ជាពិសេស សម្រាប់​លោក សុ​រុន គឺ​រូបភាព​នៃ​ការសាងសង់​ប្រាសាទអង្គរវត្ត​។​






​សម្រាប់​តម្លៃ​នៃ​ការចូល​ទស្សនា​សារមន្ទី​រ​សព្វទស្សន៍​អង្គរ​៖

​-ទេសចរ​បរទេស​ត្រូវ​បង់ថ្លៃ​២០​ដុល្លារ​

-​ទេសចរ​ខ្មែរ (​មនុស្ស​ចាស់​) បង់​តម្លៃ​សំបុត្រ ៣,៥ ដុល្លារ​

-​ក្មេង (​ពី ៦ ទៅ ១២ ឆ្នាំ​) បង់​តម្លៃ​សំបុត្រ ២,៥ ដុល្លារ​

-​និស្សិត ត្រូវ​បង់ថ្លៃ​សំបុត្រ ២,៥​ដុល្លារ​

​-កុមារ​អាយុ​ក្រោម​៦​ឆ្នាំ និងព្រះសង្ឃ​ត្រូវបាន​អនុញ្ញាតឲ្យចូលទស្សនា​ដោយ​ឥតគិតថ្លៃ​

 


Tag:
 សារមន្ទីរ​ Panorama
© រក្សាសិទ្ធិដោយ thmeythmey.com