នៅថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ព្រឹត្តិការណ៍ក្បាច់គុនដ៏ធំរបស់ ONE Championship នឹងវិលត្រឡប់មកម្តងទៀតនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដែលមានឈ្មោះថា ONE: WARRIOR’S DREAM។
ក្នុងព្រឹត្តិការណ៍នោះមានវត្តមានជើងខ្លាំងៗចំនួន ១៤គូ ដែលត្រៀមបង្ហាញសមត្ថភាពក្បាច់គុនធំជាងគេ គឺក្បាច់គុនចម្រុះ ប្រដាល់សេរី គុនខ្មែរ និងមួយថៃ។
ក្នុងនោះក៏មានជើងឯកសញ្ជាតិស៊ុយអែត Zebaztian Kadestam ប៉ះជាមួយជើងឯកអាមេរិក Tyler McGuire ក្នុងទ្រុង ONE ដើម្បីដឹងថានរណានឹងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE World Welterweigh។
ខាងក្រោមនេះនឹងប្រាប់ហេតុផល ៣ យ៉ាងដែលក្រុមអ្នកគាំទ្រកម្ពុជាគួរតាមដានទស្សនាប្រដាល់នៅថ្ងៃសោរ៍ខាងមុខនេះ៖
សុខ ធី ឡើងសង្វៀនម្តងទៀតសងសឹក Lerdsila
សុខ ធី កាលពីខែមិថុនា
បានធ្វើឲ្យកក្រើកសង្វៀន ONE: PINNACLE OF POWER ម្តងហើយជាមួយជើងខ្លាំងមួយថៃ Lerdsila មកពីក្លិប Phuket Top Team។
អ្នកគាំទ្រកម្ពុជាជាច្រើនមានការមិនពេញចិត្តនោះឡើយ ចំពោះការដាក់ពិន្ទុរបស់អាជ្ញាកណ្តាលដែលបំបែក សុខ ធី និង Lerdsila ពេលកំពុងវាយនៅទឹកទី ៣ ឲ្យ Lerdsila ឈ្នះតែម្តង។ បើមិនមានភាពចម្រូងចម្រាសទេ ភាគច្រើនអ្នកទស្សនាផ្ទាល់ និងអ្នកវិភាគមួយចំនួនធំនឹងដាក់ពិន្ទុឲ្យ សុខ ធី ថាសមនឹងឈ្នះជាង។
Lerdsila បង្ហើបប្រាប់មុនការប្រកួតជាមួយសុខ ធី ថា៖ «ខ្ញុំភ្ញាក់ផ្អើលណាស់ពេលឃើញគាត់ខ្លាំងយ៉ាងនេះ។ លើកនេះ ខ្ញុំនឹងខំហាត់ត្រៀមឲ្យមែនទែន។ ខ្ញុំសរសើរគូប្រកួតខ្ញុំណាស់ គាត់ក្មេងទេប៉ុន្តែគាត់ជាតារារះថ្មីក្នុងវិស័យកីឡាប្រដាល់»។
គ្រូបង្វឹករបស់ សុខ ធី លោកហ៊ុន ចាន់រាជ ម្ចាស់ក្លិប Cambodian Top Team បាននិយាយថា ខ្លួនកំពុងប្រឹងប្រែងហ្វឹកហាត់យ៉ាងហ្មត់ចត់ទៅលើការបំប៉នកំលាំងកីឡាករគុនខ្មែរប្រចាំប្រទេសរូបនេះ ដោយធ្វើយ៉ាងណាជួយគាត់យកជ័យជម្នះមកឲ្យកម្ពុជាទាល់តែបាន។
ហ៊ុន ចាន់រាជ បង្ហើបថា៖ «ខ្ញុំហ្វឹកហាត់ជាមួយ សុខ ធី បានល្អណាស់។ គាត់ប្រាប់ខ្ញុំថាគាត់ខ្លាំងជាងមុនមែនទែន ហើយឥឡូវយើងព្យាយាមផ្តោតលើការប្រើកំលាំង ហើយនឹងស្នៀតត្រូវវាយជាក់ស្តែងក្នុងការប្រកួតនេះ»។
គាត់បង្ហើបបន្ថែមថា៖ «ការវាយលើកមុន គាត់ធ្វើបានល្អណាស់ហើយ ដូច្នេះលើកនេះអ្វីដែលត្រូវបំប៉នថែមគឺហាត់យកកំលាំងឲ្យខ្លាំងទៀត ដើម្បីផ្តួលគូប្រកួតឲ្យសន្លប់តែម្តង»។
ជើងឯកប្រដាល់សេរីពិភពលោកពីរនាក់នឹងប៉ះគ្នា
ជើងខ្លាំងប្រដាល់សេរីរបស់ពិភពលោកពីររូបប្រចាំ ONE Super Series នឹងទល់មុខគ្នាក្នុងទ្រុង គឺកីឡាករមកពីប្រេស៊ីល Cosmo Alexandre និងបក់ដៃឲ្យអតីតជើងឯក Glory Welterweight Champion គឺ Nieky Holzken ដើម្បីសម្តែងរិទ្ធថានរណាជាម្ចាស់ខ្សែក្រវាត់បន្តិចទៀត។
ទាំង Alexandre និង Holzken បាននាំយកជ័យលាភីដល់ប្រទេសខ្លួនជាច្រើនមកហើយក្នុងការប្រកួតប្រដាល់សេរី និងមួយថៃ ដែលមើលទៅមួយគូរនេះនឹងអង្រួនសង្វៀនមិនធម្មតាទេ ដោយពួកគេនឹងត្រូវវាយជាគូចុងក្រោយក្នុងកម្មវិធីពិសេសរបស់ ONE: WARRIOR’S DREAM។
យ៉ាងណាមិញ ជើងខ្លាំងពីរនាក់នេះ មិនមែនមិនធ្លាប់ប៉ះគ្នានោះទេ។ កាលពីឆ្នាំ ២០១០ Holzken បានឈ្នះដោយពិន្ទុលើ Alexandre។ អ្វីដែលសំខាន់គឺចង់ដឹងថាកីឡាករហូឡង់រូបនេះ អាចផ្តួល Alexandre ជាលើកទីពីរ បានដែរទេ? ឬចាំមើលថា Alexandre អាចសងសឹកយកឈ្នះ Holzken វិញបានហើយរក្សាឈ្មោះក្នុង ONE Super Series បានដែរឬយ៉ាងណា?
តំណែងស្តេចខ្សែក្រវាត់ថ្មី Welterweight ជានរណា?
កម្មវិធីធំជាងគេក្នុងព្រឹត្តិការណ៍គឺការដណ្តើមខ្សែក្រវាត់ពិភពលោកទម្ងន់ Welterweight World Championship ដែលអ្នកប្រយុទ្ធសញ្ជាតិហូឡង់ Zebaztian Kadestam នឹងបញ្ចេញរិទ្ធឲ្យគូប្រកួតអាមេរិកាំង Tyler McGuire ថានរណាសមជាម្ចាស់ខ្សែក្រវាត់មួយនេះ?
សរុបទាំងការផ្តួលគូប្រកួតជនជាតិមាឡេស៊ី Agilan Thani កាលពីព្រឹត្តិការណ៍ ONE: PURSUIT OF POWER នាខែកក្កដាកន្លងទៅ លើកនេះនឹងជាជ័យជន្នះលើកទី ១០ ក្នុងអាជីពរបស់ Kadestam ហើយ។
រីឯ McGuire វិញនឹងឈ្នះជាលើកទី ១១ បើរាប់ទាំងការផ្តួលអតីតជើងឯក ONE World Title លើគូប្រកួតឈ្មោះ Luis Santos ក្នុងព្រឹត្តិការណ៍ដូចគ្នានោះដែរ។
ដូច្នេះ ជើងខ្លាំងទាំងពីរនឹងត្រូវឲ្យចូលក្នុងទ្រុងប្រកួតគ្នាដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោក Welterweight។
McGuire និយាយដោយមានអំនួតថា៖ «អាចក្លាយជាជើងឯកពិភពលោករបស់ ONE មានន័យថាអាចជាអ្នកប្រដាល់ខ្លាំងបំផុតលំដាប់ពិភពលោកបាន»។
ខ្លាកំណាចពីរនេះ សុទ្ធតែចង់បានតំណែងខ្សែក្រវាត់ពិភពលោករៀងៗខ្លួន ដូច្នេះចាំតាមដានថា តើមួយណានឹងសាកសមគ្រងយកតំណែងនេះបាន?
អត្ថបទ៖ Matias Andres