កីឡាអន្តរជាតិ
អន្តរជាតិ
​តើ​អាយុ​ប៉ុន្មាន​អាច​ឡើង​សង្វៀន​? សំណួរ​វែកញែក​ក្រោយ​ការស្លាប់​អ្នក​ប្រដា​ល់វ័យ​១៣​ឆ្នាំ​ម្នាក់​!
14, Nov 2018 , 4:10 pm        
រូបភាព
​មរណភាព​របស់​ក្មេងប្រុស​អាយុ ១៣ ឆ្នាំ​ម្នាក់​ក្នុងអំឡុងពេល​ដួលសន្លប់​ក្នុង​ការប្រកួត​ប្រដាល់សេរី​ថៃ បានធ្វើ​ឲ្យ​មានការ​ជជែក​វែកញែក​ថា​តើ​កុមារ​គួរ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​ប្រភេទ​កីឡា​ដ៏​គ្រោះថ្នាក់​នេះ​ឬទេ ស្រប​ពេលដែល​ក្មេងៗ​ភាគច្រើន​មើលឃើញថា​នេះ​ជា​ឱកាស​តែមួយគត់​ដើម្បី​ពួកគេ​គេច​ផុតពី​ភាពក្រីក្រ​។​

 
Anucha Kochana ជា​កីឡាករ​ប្រដាល់​វ័យក្មេង​ថៃ ត្រូវបាន​ប្រកាសថា​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា បន្ទាប់ពី​រូបគេ​ចាញ់​ដោយ​សន្លប់​ក្នុង​ការប្រកួត​ប្រដាល់សេរី​នៅ​ស​ង្វៀន​ឯ​ជាយក្រុង​បាងកក កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១១ វិច្ឆិកា​។​
 
​កីឡាប្រដាល់​ថៃ ឬ Muay Thai ដូចដែល​គេ​ដឹង​ហើយ​វា​ជា​ប្រភេត​កីឡា​ដ៏​ពេញនិយម​មួយ​ក្នុងប្រទេស​ថៃ ដែលមាន​ក្មេងៗ​ប្រុស​រាប់លាន​នាក់​ស្រមៃ​ចង់បាន​ភាពរុងរឿង​តាមរយៈ​ការឡើង​វាយ​លើស​ង្វៀន ដើម្បី​ទទួលបាន​ប្រាក់កាស​សម្រាប់​ខ្លួន និង​ក្រុមគ្រួសារ​របស់​ពួកគេ​។​
 
​កីឡា​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ច្បាប់​មួយចំនួន ដោយ​កំណត់ថា​ក្មេងៗ​គ្រប់​វ័យ​សុទ្ធតែ​អាច​ឡើង​វាយ​បាន ដែល​នេះ​នឹងធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬ​កាន់តែ​អាក្រក់​ដូច​ករណី​របស់ Anucha ដ៏​គួរ​ឲ្យ​សោកស្តាយ​។​


 
​សាច់ញាតិ​របស់ Anucha ដែល​សោកសៅ​ក្រោយ​មរណភាព​នេះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ពួកគេ​មិន​ចោទប្រកាន់​អំពី​ការស្លាប់​របស់​កូន​ខ្លួន​ឡើយ​។ ប៉ុន្តែ​ពួកគាត់​គ្រាន់តែ​ស្នើរ​ឲ្យ​មានការ​កែប្រែ​ច្បាប់​មួយចំនួន ដើម្បី​រឹតបន្តឹង​បទបញ្ជា​ក្នុង​ការហាម​កុមារ​ដែលមាន​អាយុ​ក្រោម​១២ ឆ្នាំ​ចូលរួម​ការប្រកួត​ជា​លក្ខណៈ​អាជីព​ប៉ុណ្ណោះ​។​
 
​យ៉ាងណា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យមាន​ការផ្លាស់ប្តូរ​នេះ​ត្រូវបាន​សហគមន៍​កីឡាប្រដាល់​ថៃ​ភាគច្រើន​ជំទាស់​។​
 
​លោក Somchart Charoenwatcharawit ប្រធាន​សមាគម​កីឡាប្រដាល់​អាជីព​ប្រចាំ​ប្រទេស​ថៃ​បាន​និយាយថា​ការស្នើ​ឲ្យ​ប្តូ​ច្បាប់​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​អ្នក​ប្រដាល់​ក្មេងៗ​ដែលមាន​អាយុ​ក្រោម ១៥ ឆ្នាំ ប្រមាណ ៣០០.០០០ នាក់​។​
 
​ឧ​ត្ត​ម​សេនីយ៍ Adulyadej Inthapong អនុប្រធាន​គណៈកម្មាធិកា​រ​សភា​ទទួលបន្ទុក​កីឡា បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា​អ្នក​ដែលមាន​អាយុ​ចន្លោះ​ពី ១២ ទៅ ១៥ ឆ្នាំ​នឹងត្រូវ​ចុះបញ្ជី​ដោយមាន​ការអនុញ្ញាត​ពី​ឪពុកម្តាយ និង​ពាក់​ឧបករណ៍​ការពារ​នៅពេល​ប្រកួត​។ 
 
​ខ្សែ​វីដេអូ​នៃ​ការប្រកួត​ចុងក្រោយ​របស់ Anucha ត្រូវបាន​បង្ហោះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បង្ហាញថា ក្មេងប្រុស​ម្នាក់នេះ​វាយ​ដោយ​គ្មាន​ឧបករណ៍​ការពារ​ឡើយ និង​ទទួលរង​កណ្តាប់ដៃ​ទៅលើ​ផ្ទៃមុខ​និង​ក្បាល​របស់គេ​ដដែលៗ រហូត​ដួល​ផ្កាប់មុខ​ទៅលើ​ក្តា​រតា​ពី​តែម្តង​៕
 

Tag:
 ប្រដាល់​
  Anucha Kochana
© រក្សាសិទ្ធិដោយ thmeythmey.com