អន្តរជាតិ
លោក មូ​ន ពិចារណា​ហៅ​លោក គីម ឲ្យ​ចូលរួម​ជំនួប​អាស៊ាន​-​កូរ៉េ​ឆ្នាំក្រោយ​
14, Nov 2018 , 9:19 pm        
រូបភាព
កិចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២០ នៅសិង្ហបុរី (រូបភាព AFP)
កិចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២០ នៅសិង្ហបុរី (រូបភាព AFP)
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា និយាយថា លោក​នឹង​ពិចារណា​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ឲ្យ​ចូលរួម​កិច្ចប្រជុំ​ពិសេស​កូរ៉េ​-​អាស៊ាន​នៅ​ឆ្នាំ​២០១៩ ដែល​កូរ៉េខាងត្បូង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​។ លោក មូ​ន និយាយ​បែបនេះ​ចំពោះមុខ​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​នៃ​សមាជិក​អាស៊ាន​នា​ជំនួប​កំពូល​អាស៊ាន​-​កូរ៉េ​លើក​ទី​២០ នៅ​សិង្ហ​បុរី និង​បាន​អញ្ជើញ​មេដឹកនាំ​ទាំង​១០ ឲ្យ​ចូលរួម​ជំនួប​ពិសេស​នោះដែរ​។​

 
​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បាន​ឯកភាព​សំណើ​របស់​កូរ៉េខាងត្បូង​ដែល​ស្នើ​រៀបចំ​កិច្ចប្រជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា អាស៊ាន​-​កូរ៉េ នៅ​ឆ្នាំ​២០១៩ ។ ការយល់ព្រម​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​កូរ៉េ​លើក​ទី​២០ នៅឯ​សិង្ហ​បុរី​ដែលជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ ។ ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ក៏​ស្នើ​ឲ្យ​កូរ៉េខាងត្បូង​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ចូលរួម​ដែរ​ដើម្បី​ធ្វើ​ឲ្យ​ជំនួប​ឆ្នាំក្រោយ​កាន់តែ​មានន័យ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ដែល​ស្រង់​សម្ដី​អ្នកនាំពាក្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន ចាត់ទុក​សំណើ​របស់​សម​ភាគី​ឥណ្ឌូណេស៊ី​ជា​រឿង​គួរ​ឲ្យ​កត់សម្គាល់​មួយ​។ លោក មូ​ន បញ្ជាក់​ទៅ​មេដឹកនាំ​អាស៊ាន​ថា​៖ «​ខណៈ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ខិត​ទៅរក​សន្តិភាព យើង​នឹង​ពិចារណា​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ យើង​នឹង​ពិភាក្សា​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អាស៊ាន​ជាមុន​»​។​
 
​ប្រធានាធិបតី​កូរ៉េខាងត្បូង ចាត់ទុក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ដ៏​មានន័យ​សម្រាប់​កូរ៉េ ព្រោះ​មិន​ត្រឹមតែ​ជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ភាពជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន​ប៉ុណ្ណោះ​ទេ តែ​ក៏​ចំ​ខួប​ទី​១០០ នៃ​ការបង្កើត​រដ្ឋាភិបាលបណ្ដោះអាសន្ន​កូរ៉េ​នៅ​បរទេស ខណៈដែល​ជប៉ុន​កំពុង​ត្រួតត្រា​ឧបទ្វីប​កូរ៉េ​។ លោក មូ​ន អះអាងថា លោក​ចង់​ចាប់ផ្ដើម​ខួប​ទី​៣០​ឆ្នាំ​នៃ​ទំនាក់ទំនង​កូរ៉េ​-​អាស៊ាន និង​ឆ្នាំ​ទី​១០០ នៃ​សាធារណរដ្ឋ​កូរ៉េ​ជាមួយ​មេដឹកនាំ​អាស៊ាន​។ 
 
​ក្រោយ​ឡើងកាន់តំណែង​នៅ​ឆ្នាំ​២០១៧ លោក មូ​ន បានដាក់​ចេញ​គោលនយោបាយ​ឆ្ពោះទៅ​ខាងត្បូង ដែល​សំដៅ​ពង្រឹង​ចំណងទាក់ទង​ជាមួយ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ហើយ​ដែល​លោក​លើកឡើងថា កំពុង​ហុច​ផល​។ ការដោះដូរ​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​កូរ៉េខាងត្បូង​បាន​កើនឡើង​៦​ភាគរយ​គឺមាន​ទំហំ​ចំនួន​១២០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​បើ​ប្រៀបធៀប​នឹង​ពេល​ដូច​ក្នុង​ឆ្នាំ​២០១៨ ។ លោក​រំពឹងថា ការដោះដូរ​នេះ​នឹង​កើន​ដល់ ២០០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ។ 
 
​ក្រៅពី​កិច្ចប្រជុំ​ពិសេស​ជាមួយ​អាស៊ាន កូរ៉េខាងត្បូង​ក៏​គ្រោង​រៀបចំ​ជំនួប​កំពូល​លើកដំបូង​ជាមួយ​ប្រទេស​មេគង្គ​មាន​កម្ពុជា ឡាវ ថៃ មី​យ៉ាន់​ម៉ា និង​វៀតណាម​ដែរ​នៅ​ឆ្នាំ​២០១៩ ខាងមុខ​។ តាមពិតទៅ ជំនួប​ឆ្នាំក្រោយ ក៏​ជា​កិច្ចប្រជុំ​ពិសេស​លើក​ទី​បី​រវាង​អាស៊ាន និង​កូរ៉េខាងត្បូង ដែល​កូរ៉េខាងត្បូង​ធ្វើជា​ម្ចាស់ ដោយ​លើក​ទី​១ ធ្វើ​នៅ​កោះ​ជេ​ជូ​ឆ្នាំ​២០០៩ និង​លើក​ទី​២ ធ្វើ​នៅ​ទីក្រុង​ប៊ូសាន​ក្នុង​ឆ្នាំ​២០១៤ ៕  
 

Tag:
 ​កូរ៉េខាងត្បូង​
  អាស៊ាន​
  មូ​ន ចេ​អ៊ី​ន​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com