អន្តរជាតិ
ប៉ូលិស​សិង្ហ​បុរី​ប្រើប្រាស់​មនុស្ស​យន្ត ដើម្បី​យាមល្បាត​កន្លែង​ជំនួប​កំពូល​អាស៊ាន​
14, Nov 2018 , 9:59 pm        
រូបភាព
រូបភាព៖ Channel News Asia
រូបភាព៖ Channel News Asia
ដោយ:
​មនុស្ស​យន្ត​ស្វ័យប្រវត្តិ​មួយគ្រឿង ត្រូវ​បានដាក់​ដំណើរការ​ដោយ​ប៉ូលិស​សិង្ហ​បុរី ដើម្បី​យាមល្បាត​ទីក្រុង Suntec ទី​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​សិង្ហ​បុរី​។

 
​មនុស្ស​យន្ត​នេះ ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ដោយ​ផ្អែកទៅលើ​គន្លង​ផែនទី ដែល​ត្រូវបាន​កំណត់ទុក​មុន​។ មនុស្ស​យន្ត​ដ៏​ទំនើប​នេះដែរ អាចមាន​សមត្ថភាព​ចាប់ (detect) វត្ថុ​នានា និង​អាច​ចៀសវាង​ឧបសគ្គ​បាន​យ៉ាង​ងាយ​ថែម​ទៀតផង​។ នេះ​ជា​លើកឡើង​របស់​កងកម្លាំង​ប៉ូលីស​សិង្ហ​បុរី (SPF) នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ កាមេរ៉ា​ជាច្រើន​គ្រឿង​ត្រូវបាន​គេ​បំពាក់​លើ​មនុស្ស​យន្ត​នេះដែ​លអាច​បញ្ជូន​រូបភាព ១៨០​ដឺ​ក្រេ នៃ​បរិ​វេទ​ជុំវិញ​នោះ​។ លើសពីនេះ វា​ក៏មាន​មុខងារ​ពិសេស ដែល​អាច​ឲ្យ​ប៉ូលិស​បញ្ជា​ពី​ទីតាំង​ជាក់លាក់​ផងដែរ​។ 
 
​បើតាម​សារ​ព័ត​មាន Channel News Asia  ដកស្រង់​សម្តី​របស់​ប៉ូលីស​សិង្ហ​បុរី មនុស្ស​យន្ត​នេះ អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជំនួស​ការងារ​របស់​ប៉ូលីស​យាមល្បាត ដែល​ប្រទះឃើញ​សកម្មភាព​គួរ​ឲ្យ​សង្ស័យ​ណាមួយ​នោះ មុននឹង​សម្រេច​បញ្ជូន​កងកម្លាំង​ប៉ូលិស​ជា​ក្រោយ​។ មាន​ជំនួយ​ពី​មនុស្យ​យន្ត​នេះ មន្ត្រី​ប៉ូលីស​នឹង​អាច​បើក​ប្រតិបត្តិការ​យ៉ាង​មាន​ប្រសិទ្ធិភាព​បំផុត​។ 
 
​ក្នុង​សេចក្តីប្រកាស​របស់​ប៉ូលិស​សិង្ហ​បុរី​ដដែល​នេះ មនុស្ស​យន្ត​នេះ​ត្រូវបាន​រចនា​ឡើង ដោយ​រួមសហការ​រវាង​ប៉ូលិស និង​ដៃគូ​ឧស្សាហកម្ម​។ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​គម្រោង​ពង្រឹងសមត្ថភាព​ប្រតិបត្តិការ​របស់​កងក​ម្លាំ​ង​សិង្ហ​បុរី​ផងដែរ​។ 
 
​គួរ​ឲ្យ​ដឹងថា ជំនួប​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ កំពុង​ប្រព្រឹត្តទៅ នៅ​សិង្ហ​បុរី រហូតដល់​ថ្ងៃទី ១៥ ខែវិច្ឆិកា​ស្អែក​នេះ​។ ប្រមុខ​មេដឹកនាំ​ពិភពលោក​មួយចំនួន នឹងមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ក្នុងនោះ​រួមមាន នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង​, អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន  និង​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ជាដើម​៕
 

Tag:
 សិង្ហ​បុរី​
  អាស៊ាន​
  មនុស្ស​យន្ត​
  សន្តិសុខ​
© រក្សាសិទ្ធិដោយ thmeythmey.com