ជាតិ
រដ្ឋាភិបាល​ចំណាយ​ថវិកា​២០​ពាន់​លាន​រៀល​លើ​កម្មការិនី​សម្រាលកូន ក្នុង​រយៈពេល​១០​ខែ​
15, Nov 2018 , 7:59 am        
រូបភាព
រូបភាពពីបេឡាជាតិរបបសន្តិសុខសង្គម។
រូបភាពពីបេឡាជាតិរបបសន្តិសុខសង្គម។
​រាជរដ្ឋាភិបាល បានផ្តល់​ប្រាក់ឧបត្ថម្ភ​ប្រមាណ​ជាង​២០​ពាន់​លាន​រៀល​ដល់ក​ម្មការ​រិ​នី​សម្រាប់​ការ​សម្រាលកូន ក្នុង​រយៈពេល​ជាង​១០​ខែ​ក្នុង​ឆ្នាំ​២០១៨​នេះ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​បុក​ផ្លូវកា​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។

 
​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន ៥៤ ៣៣៨​នាក់ សម្រាលកូន​បាន​ចំនួន ៥៤ ៧៤២​នាក់​។ ក្នុងនោះ​ស្ត្រី​ចំនួន ៣៩៥​នាក់ សម្រាល​បានកូន​ភ្លោះ​ពីរ និង​ស្ត្រី ៥​នាក់​សម្រាល​បានកូន​ភ្លោះ​បី​។ នេះ​បើ​យោងតាម​របាយការណ៍​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​គិត​ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា មកដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ 
 
​កម្មការិនី​ដែល​ទើប​សម្រាលកូន​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ត្រូវ​ទទួល​ប្រាក់ឧបត្ថម្ភ ៤០០ ០០០​រៀល​ចំពោះ​កម្មការិនី​សម្រាល​បានកូន​១​នាក់​។ ចំពោះ​កម្មការិនី​សម្រាល​បានកូន​ភ្លោះ​២​នាក់ ទទួលបាន ៨០០ ០០០​រៀល ហើយ​កម្មការិនី​សម្រាល​បានកូន​ភ្លោះ​បី ទទួលបាន ១ ២០០ ០០០​រៀល​។  បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​ឲ្យ​ដឹងថា​គោលនយោបាយ​ថ្មី​នៃ​ការផ្តល់​ប្រាក់ឧបត្ថម្ភ​បន្ថែម​នេះ ត្រូវបាន​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨ មក​។ 
 
​ស្ត្រី​ជា​កម្មការិនី​ទាំង​ក្នុង និង​ក្រៅ​ប្រ័ព​ន្ធ ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល ពេល​សម្រាល​ត្រូវ​អនុវត្តតាម​សេចក្តីណែនាំ​ខាងក្រោម​៖ កម្មករនិយោជិត​ជា​ស្ត្រី ត្រូវ​អញ្ជើញ​មក​បំពេញបែបបទ​នៅ​ទីស្នាក់ការ ប​.​ស​.​ស ក្នុង​រាជធានី ខេត្ត ក្នុងកំលុងពេល​យ៉ាងយូរ ៣​ខែ មុន​សម្រាលកូន​។ សាមីខ្លួន​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ លិខិត​ពិនិត្យ​ផ្ទៃពោះ​ដែល​បានបញ្ជាក់​កាលបរិច្ឆេទ​ត្រូវ​សម្រាល​(​អេកូ​) បណ្ណ​សមាជិក ប​.​ស​.​ស ឬ​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ និង​លេខ​ទូរស័ព្ទ​ច្បាស់លាស់​របស់​សាមីខ្លួន ដែល​អាច​ទំនាក់ទំនង​បាន​។ នេះ​ជាកា​បញ្ជាក់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។ 
 
​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បន្ថែមថា​ក្នុងករណី​សាមីខ្លួន​មិន​បានមក​បំពេញបែបបទ​នៅ ប​.​ស​.​ស ក្នុងកំលុងពេល​ខាងលើ សាមីជន ឬ​អ្នកតំណាង ត្រូវ​ជូនដំណឹង​ជាបន្ទាន់​មកកាន់ ប​.​ស​.​ស យ៉ាងយូរបំផុត ១(​មួយ​)​ខែ ក្រោយ​ថ្ងៃ​សម្រាលកូន​។ សាមីខ្លួន ឬ​សាច់ញ្ញាតិ​ត្រូវ​ជូនដំណឹង​មក ប​.​ស​.​ស តាម​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់ ១២៨៦ ពេលដែល​សម្រាក​ក្នុង​មូលដ្ឋាន​សុខាភិបាល (​មន្ទីរពេទ្យ​) ដែល​គ្មាន​ភ្នាក់ងារ ប​.​ស​.​ស ៕

Tag:
 កម្មការិនី
  ប្រាក់ឧបត្ថម្ភ​
© រក្សាសិទ្ធិដោយ thmeythmey.com