កីឡាអន្តរជាតិ
អន្តរជាតិ
Rooney ត្រឡប់​ចូល​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ម្តងទៀត ពេល​ប៉ះ​អាមេរិក​ក្នុងជំនួប​មិត្តភាព​
15, Nov 2018 , 11:04 am        
រូបភាព
Wayne Rooney នឹង​ក្លាយជា​ប្រធាន​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​ជាថ្មី​ម្តងទៀត ដោយ​ពាក់​ឯកសណ្ឋាន​លេខ​១០​របស់គេ​ដដែល ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់នឹង​ក្រុម​អាមេរិក​នៅ​រាត្រី​ថ្ងៃទី​១៥ ខែវិច្ឆិកា​នេះ វេលា​ម៉ោង ៣ ទៀបភ្លឺ [​ម៉ោង​នៅ​កម្ពុជា​]​។​

 
​ខ្សែប្រយុទ្ធ​វ័យ ៣៣ ឆ្នាំ​ដែល​បានប្រកាស​ចូលនិវត្តន៍​ពី​ជម្រើសជាតិ​កាលពី​ឆ្នាំ ២០១៧ នឹងត្រូវ​បង្ហាញខ្លួន​ជា​លើក​ទី ១២០ និង​ជា​លើកចុងក្រោយ​របស់គេ​សម្រាប់​ក្រុម​តោ​កំណាច​នៅឯ​កីឡដ្ឋាន Wembley​។​
​ក្នុងការ​ប្រកួត​នោះ ខ្សែប្រយុទ្ធ Fabian Delph នឹង​ចាប់ផ្តើម​ការប្រកួត​ក្នុងនាម​ជា​ប្រធាន​ក្រុម ប៉ុន្តែ​នឹង​ប្តូរ Rooney ខ្សែប្រយុទ្ធ​របស់ DC United ចូល​លេង​ជំនួស​វិញ​នៅក្នុង​តង់​ទី​២​។​
 
​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​បិសាច​ក្រហម Manchester United និង Everton រូបនេះ បានបញ្ចប់​អាជីព​ឲ្យ​ក្រុម​ជម្រើសជាតិ​ក្រោយ​បង្ហាញខ្លួន ១១៩ ប្រកួត និង​ជា​អ្នករក​គ្រាប់​បាល់​ស៊ុត​ច្រើនជាងគេ​ចំនួន ៥៣ គ្រាប់​។​
 
​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស FA លើកឡើងថា ការរៀបចំ​របៀបនេះ​គឺ​ដើម្បី​ជាការ​អរគុណ​និង​ផ្តល់​កិត្តិយស​ដល់ Rooney ដែល​បាន​បំបែ​កំណត់ត្រា​សម្រាប់​ក្រុម​ជម្រើសជាតិ​របស់គេ​។ ចប់​ការប្រកួត​នេះ Rooney នឹង​ចាក​ចេញពី​ក្រុម មុន​អង់គ្លេស​ទទួលភ្ញៀវ​ក្រូ​អាស៊ី​នៅ​ទឹកដី​ដដែល សម្រាប់​ពាន Nations  Ligue នៅ​ថ្ងៃ​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា​៕
 

Tag:
 បាល់ទាត់​
  Wayne Rooney
© រក្សាសិទ្ធិដោយ thmeythmey.com