ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ដោយគ្រាន់តែទទួលទានផ្លែឈើទាំងនេះ
× គ្រប់សរីរាង្គទាំងអស់នៅក្នុងរាងកាយ គឺសុទ្ធតែត្រូវការជាតិទឹកគ្រប់គ្រាន់ ដើម្បីដំណើរការមុខងារបានត្រឹមត្រូវជៀសវាងបញ្ហាសុខភាពផ្សេងៗ។ លើសពីនេះទៅទៀត ការទទួលទានផ្លែឈើមានផ្ទុកសម្បូរទៅដោយជាតិទឹក ក៏ជាវិធីដ៏ល្អប្រសើរបំផុតមួយចំពោះអ្នកដែលចង់ស្រកទម្ងន់។ នោះក៏ព្រោះតែជាតិទឹកធ្វើឲ្យមានអារម្មណ៍ថាឆ្អែត ហើយអ្នកនឹងមិនទទួលទានច្រើនលើស។
ថាតើផ្លែឈើអ្វីខ្លះទៅដែលមានផ្ទុកសម្បូរទៅដោយជាតិទឹកល្អសម្រាប់សុខភាព?ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងពីប្រភេទនៃផ្លែឈើដែលអ្នកគួរទទួលទានដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ៖
១. ផ្លែស្ត្របឺរី
គ្រាន់តែទទួលទានផ្លែឈើពណ៌ក្រហមដែលមានគ្រាប់ពេញសំបកមួយនេះ គឺអាចជួយអ្នកឲ្យរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ ក៏ព្រោះស្ត្របឺរីមានផ្ទុកជាតិទឹកដល់ទៅ ៩២ ភាគរយ។ មិនត្រឹមតែប៉ុណ្ណឹងទេ ស្ត្របឺរី ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលកម្ចាត់រ៉ាឌីកាល់សេរី និងពន្យឺតភាពចាស់តាមវ័យ ហើយក៏ជួយឲ្យអ្នកស្រកទម្ងន់បានផងដែរតាមរយៈជាតិសសៃខ្ពស់ដែលវាមានផ្ទុក។ លើសពីនេះទៅទៀត ផ្លែឈើនេះគ្មានផ្ទុកជាតិខ្លាញ់ និងកូឡេស្តេរ៉ូលមិនល្អឡើយ។
២. ផ្លែឪឡឹក
ផ្លែឪឡឹកមិនត្រឹមតែមានផ្ទុកជាតិទឹកដល់ទៅ ៩២ ភាគរយ ដែលជួយរាងកាយជៀសផុតពីបញ្ហាខ្សោះជាតិទឹក។ គុណសម្បត្តិពិសេសផ្សេងទៀតនៃ ផ្លែឪឡឹក គឺវាក៏មានផ្ទុកនូវសារធាតុសំខាន់ៗសម្រាប់រាងកាយផ្សេងទៀតដូចនឹងភេសជ្ជៈកីឡា រួមមានសូដ្យូម, ប៉ូតាស្យូម, កាល់ស្យូម និងម៉ាញ៉េស្យូម។
៣. ក្រូចថ្លុង
មិនថាអ្នកចូលចិត្តទទួលទានសាច់ក្រូច ឬទឹករបស់វាទេ ផ្លែឈើរសជាតិជូរមួយនេះអាចជួយឲ្យរាងកាយរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ និងល្អសម្រាប់ការសម្រកទម្ងន់។ ហើយក៏ព្រោះតែវាជាប្រភពដ៏ល្អនៃវីតាមីន C នោះ ការទទួលទានក្រូចថ្លុង គឺអាចជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកកាន់តែរឹងមាំខ្លាំងក្លាឡើងផងដែរ។
៤. ត្រសក់ស្រូវ
គ្រប់ចំណិតនៃផ្លែត្រសក់ស្រូវ គឺមានផ្ទុកជាតិទឹកដល់ទៅ ៩០ភាគរយ។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានផ្លែឈើនេះ ដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ក្រោយធ្វើលំហាត់ប្រាណ ឬខណៈពេលស្ថិតក្រោមអាកាសធាតុក្ដៅ។ លើសពីនេះទៅទៀត ត្រសក់ស្រូវ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលល្អសម្រាប់សុខភាពភ្នែកផងដែរ។
៥. ផ្លែម្នាស់
ក៏ព្រោះវាមានផ្ទុកជាតិទឹកដល់ទៅ ៨៧ ភាគរយ នោះការទទួលទានផ្លែម្នាស់អាចជួយធានាការពាររាងកាយពីបញ្ហាខ្សោះជាតិទឹកបានយ៉ាងប្រសើរ។ ជាតិសសៃដ៏សម្បូរនៅក្នុងម្នាស់ ក៏ជួយឲ្យអ្នកស្រកទម្ងន់បានផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com