ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ដឹង​អត់ថា ផ្លែ​ស្ពឺ អាច​ផ្ដល់​ប្រយោជន៍​ល្អប្រសើរ​ជាច្រើន​ចំពោះ​សុខភាព​
16, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ ក៏ដូចជា​ធ្លាប់​ទទួលទាន​ផ្លែ​ស្ពឺ​រួចហើយ ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា ផ្លែឈើ​មួយ​ប្រភេទ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​រាងកាយ​។ ថា​តើ​ផ្លែ​ស្ពឺ​ល្អ​យ៉ាងណា ហើយ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ចាំបាច់​អ្វី​ខ្លះទៅ​?



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​នៃ​ការទទួល​ទាន​ផ្លែ​ស្ពឹ​ចំពោះ​សុខភាព​រាងកាយ ៖
 
១. ប្រឆាំងនឹង​ការ​រលាក​
 
​ផ្លែ​ស្ពឹ គឺជា​ផ្លែឈើ​ដែលមាន​ផ្ទុក​បរិមាណ​ពិសេស​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ប្រឆាំង​ការ​រលាក ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ស្បែក​ផ្សេងៗ​ដូចជា ជំងឺ​រលាក​ស្បែក dermatitis​។ លើសពីនេះទៅទៀត ផ្លែ​ស្ពឹ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​រាងកាយ​បញ្ចេញ​ជាតិពុល និង​រក្សា​ឲ្យ​បាន​នូវ​សុខភាព​រាងកាយ​ល្អ​រឹងមាំ​។​
 
២. ទប់ស្កាត់​ជំងឺមហារីក​

​ភ្នាក់ងារ​បង្ក​មហារីក និង​រ៉ាឌីកាល់​សេរី នៅក្នុង​រាងកាយ​អាច​បណ្ដាល​ឲ្យ​មានការ​ខូចខាត​គួរ​ឲ្យ​ព្រួយបារម្ភ​ដល់​កោសិកា ជាហេតុ​បង្ក​ទៅជា​ជំងឺមហារីក​។ ផ្លែ​ស្ពឺ គឹ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដែល​ជួយ​ក្នុងការ​សម្អាត​រាងកាយ ដោយ​ការ​កម្ចាត់ ឬ​បំបែក​រ៉ាឌីកាល់​សេរី មុនពេល​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​។ ជាតិ​ស​សៃ​ខ្ពស់​ដែលមាន​វត្តមាន​ក្នុង​ផ្លែ​ស្ពឺ ក៏​ជួយ​ជម្រះ​ជាតិពុល​នៅក្នុង​ពោះវៀនធំ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ផងដែរ​។​
 
៣. គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម 

​ការ​ទទួលទាន​ផ្លែឈើ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​មិន​រលាយ​ដូចជា ផ្លែ​ស្ពឺ គឺ​អាចជួយ​ទប់ស្កាត់​ការបញ្ចេញ​ជាតិ​ស្ករ​គ្លុយកូស​លើស​កម្រិត​។ ហើយ​ការបញ្ចេញ​ជាតិ​គ្លុយកូស​ត្រឹមត្រូវ​ជួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​អាំង​ស៊ុយ​លីន​ក្នុង​រាងកាយ ដូច្នេះ​វា​ជា​ជម្រើស​នៃ​ផ្លែឈើ​ល្អប្រសើរ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ហើយក៏​ល្អ​សម្រាប់​អ្នក​ដែល​មិន​ចង់​កើត​ជំងឺ​នេះ​ផងដែរ​។​
 
៤. ធ្វើ​ឲ្យ​ការរំលាយ​អាហារ​កាន់តែ​ប្រសើរឡើង​
 
​សារធាតុ Dietary fibre ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​ស្ពឺ ដើរតួនាទី​យ៉ាងសំខាន់​ចាំបាច់​មួយ​ជួយ​បង្កើន​ការរំលាយ​អាហារ​។ វា​អាច​ជម្រុញ​ចលនា​នៃ​លាមក​តាមរយៈ​បំពង់​រំលាយ​អាហារ​ដែល​ជួយ​កាត់បន្ថយ​អាកា​រៈ​ហើមពោះ​, ទល់លាមក និង​រមួល​ឆ្អល់ពោះ​។​
 
៥. ល្អ​សម្រាប់​សុខភាព​បេះដូង​
 
​បរិមាណ​ខ្ពស់​ជាតិ​ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម​ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​ស្ពឺ ដើរតួ​ជា​សារធាតុ​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​ដែល​ជួយ​ក្នុងការ​គ្រប់​គ្រង់​រក្សា​ភាពប្រក្រតី​នៃ​សម្ពាធ​ឈាម​។ ហើយក៏​ធ្វើ​ឲ្យ​អត្រា​ចង្វាក់បេះដូង​លោត​មាន​ភាពប្រក្រតី និង​លំហូរ​ឈាមមាន​សុខ​ភាពល្អ​ផងដែរ​។​
 
៦. ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​
 
​ផ្លែ​ស្ពឺ គឺមាន​ផ្ទុក​នូវ​វីតាមីន C ខ្ពស់ ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ទប់ស្កាត់​វត្ត​មាននៃ​វីរុស និង​បាក់តេរី​ផ្សេងៗ​ឲ្យ​នៅ​ឆ្ងាយ​ពី​រាងកាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ផ្លែឈើ​នេះ​ក៏មាន​ផ្ទុក​សារធាតុ epicatechin, quercetin និង​អាស៊ីត gallic ដែលមាន​ប្រសិទ្ធិភាព​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​កាច​សាហាវ​មួយចំនួន​បាន​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com